Connect with us

ព័ត៌មានជាតិ

សហភាពអឺរ៉ុប ផ្តល់ថវិកា៨លានអឺរ៉ូ បន្ថែមសម្រាប់កម្មវិធីអាហារូបករណ៍ “ជ្រើសរើសអឺរ៉ុបសម្រាប់វិទ្យាសាស្ត្រ”

បានផុស

នៅ

សហភាពអឺរ៉ុប ប្រកាសផ្តល់ថវិកាបន្ថែមចំនួន ៨លានអឺរ៉ូ សម្រាប់កម្មវិធីអាហារូបករណ៍ “ជ្រើសរើសអឺរ៉ុបសម្រាប់វិទ្យាសាស្ត្រ” (Choose Europe for Science)។ ពិធីប្រកាសនេះ ប្រារព្ធធ្វើនៅប្រតិភូដ្ឋានសហភាពអឺរ៉ុប នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពី លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប លោក Ian Hoskins ប្រធានផ្នែកនៃគណៈកម្មការអឺរ៉ុប លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពអឺរ៉ុប ដែលជាដៃគូអភិវឌ្ឍន៍ដ៏មានរបស់រាជរដ្ឋាភិបាលកម្ពុជា និងតែងតែផ្តល់ការគាំទ្រឥតងាករេដល់វិស័យអប់រំនៅកម្ពុជា តាំងពីឆ្នាំ ២០០៣ មកដល់ពេលបច្ចុប្បន្ន។ តាមរយៈភាពជាដៃគូដ៏រឹងមាំនេះ ក្រសួងបានសម្រេចនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន តាំងពីការបង្កើនអត្រាចុះឈ្មោះចូលរៀននៅគ្រប់កម្រិត រហូតដល់ការលើកកម្ពស់គុណភាពអប់រំដែលត្រូវបានទទួលស្គាល់ទាំងក្នុងកម្រិតជាតិ និងតំបន់។

ការប្រកាសផ្តល់ថវិកាចំនួន ៨លានអឺរ៉ូ នាពេលនេះ គឺជាការវិនិយោគដ៏មានសារៈសំខាន់ និងមានចក្ខុវិស័យវែងឆ្ងាយសម្រាប់មូលធនមនុស្សរបស់កម្ពុជា ដោយនឹងចូលរួមចំណែកក្នុង ការបណ្តុះបណ្តាលកម្រិតខ្ពស់៖ ថវិកាបន្ថែមនេះនឹងអនុញ្ញាតឱ្យនិស្សិតកម្ពុជាដែលមានសមត្ថភាព អាចបន្តការសិក្សាកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត លើជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) នៅសាកលវិទ្យាល័យឈានមុខនានាក្នុងតំបន់អឺរ៉ុប។

ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល៖ ការវិនិយោគនេះមានគោលបំណងបំពាក់បំប៉នយុវជនកម្ពុជានូវជំនាញបច្ចេកទេសកម្រិតខ្ពស់ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូររបស់កម្ពុជាទៅជាសេដ្ឋកិច្ចផ្អែកលើចំណេះដឹង និងឌីជីថល។ ការពង្រឹងសមត្ថភាពស្រាវជ្រាវ៖ កម្មវិធីនេះនឹងជួយពង្រឹងការផ្ទេរចំណេះដឹង ការច្នៃប្រឌិត និងសមត្ថភាពស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជា ព្រមទាំងរឹតចំណងមិត្តភាពរវាងប្រជាជនកម្ពុជា និងអឺរ៉ុប។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះសហភាពអឺរ៉ុប សម្រាប់ការផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុជាច្រើនឆ្នាំកន្លងមកនេះ ដោយជឿជាក់ថា កម្មវិធីអាហារូបករណ៍ “ជ្រើសរើសអឺរ៉ុបសម្រាប់វិទ្យាសាស្ត្រ” (Choose Europe for Science) នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាឱ្យមានសមត្ថភាពខ្ពស់ ទាំងផ្នែកចំណេះដឹង និងបច្ចេកទេស ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំក្នុងការអភិវឌ្ឍសង្គមជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម