Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន អះអាងពីមិត្តភាពដែកថែបដ៏រឹងមាំកម្ពុជា-ចិន ទោះកាលៈទេសៈណាក៏ដោយ

បានផុស

នៅ

ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានអះអាងជាថ្មីពីចំណងមិត្តភាពដែកថែបដ៏រឹងមាំ និងមិនអាចបំបែកបានរវាងកម្ពុជា និងចិន បើទោះនៅក្នុងកាលៈទេសៈណាក៏ដោយ ខណៈដែលសម្ដេច បានទទួលជួបពិភាក្សាការងារជាមួយលោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោលើកឡើងក្នុងជំនួប ដែលធ្វើឡើងនៅវិមានសាមគ្គីភាព នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ ដោយបានសង្កត់ធ្ងន់ថា ទោះបីជាពិភពលោកនៅពេលបច្ចុប្បន្នមានការប្រែប្រួលយ៉ាងណាក្តី ក៏ប៉ុន្តែ ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន គឺមិនមានការប្រែប្រួលនោះឡើយ។ ជាក់ស្ដែង តាមរយៈវត្តមានរបស់លោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី និងលោក តុង ជុន រដ្ឋមន្ត្រីការពារជាតិចិន នៅកម្ពុជាក្នុងការចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រ២បូក២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន សម្ដេចតេជោថាបានបង្ហាញយ៉ាងច្បាស់អំពីមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។

តបទៅនឹងការលើកឡើងរបស់សម្ដេចតេជោ លោក វ៉ាង យី ក៏បានពណ៌នាពីតួនាទីរបស់សម្ដេចតេជោ ដែលជាតួអង្គដ៏សំខាន់ក្នុងការពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា-ចិន។ ប្រមុខការទូតចិនរូបនេះបានសង្កត់ធ្ងន់លើមិត្តភាពដែកថែបរវាងកម្ពុជា និងចិន គឺអាចកើតមានឡើងបានដោយសារសម្ដេចតេជោ ដែលបានខិតខំប្រឹងប្រែងក្នុងការពង្រឹងចំណងមិត្តភាពកន្លងមក ហើយចំណងមិត្តភាពនេះបានបន្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ពេលនេះ។

លោក ក៏បានរំលឹកឡើងវិញពីសម្ដីរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលធ្លាប់បានបញ្ជាក់ថា មិត្តភាពដែកដែបនេះ មិនមែនមានតែឈ្មោះទេ ក៏ប៉ុន្តែជាមិត្តភាពដែកថែប ដែលបានអនុវត្តជាក់ស្ដែងជាមួយគ្នា។

ជាការកត់សម្គាល់ ក្នុងជំនួបខាងលើនោះ លោក វ៉ាង យី ក៏រាយការណ៍ពីលទ្ធផលផ្លែផ្កា ដែលសម្រេចបានក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រ២បូក២ កម្ពុជា-ចិន ជូនសម្ដេចតេជោផងដែរ។ ខណៈសម្ដេចតេជោ បង្ហាញការរីករាយចំពោះលទ្ធផលនេះ ហើយរំពឹងថា ទំនាក់ទំនងកម្ពុជា និងចិន នឹងរឹតចំណងកាន់តែរឹងមាំបន្ថែមទៀត។

តាមរយៈកិច្ចសន្ទនាយុទ្ធសាស្ត្រនេះ សម្ដេចតេជោ បានជំរុញទៅកាន់ភាគីចិន ដោយស្នើឱ្យភាគីចិនបន្តនូវការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ លោក វ៉ាង យី បានបញ្ជាក់នៅចំពោះមុខសម្ដេចតេជោ ថា រដ្ឋាភិបាលចិននៅតែបន្តគាំទ្រចំពោះការអភិវឌ្ឍក្នុងប្រទេសកម្ពុជា។

គួរជម្រាបថា កិច្ចសន្ទនាយុទ្ធសាស្ត្រ២បូក២លើកទី១ រវាងកម្ពុជានិងចិន ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដែលត្រូវបានដឹកនាំខាងកម្ពុជា ដោយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងលោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯខាងភាគីចិន គឺលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងលោក តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ជាលទ្ធផល ភាគីទាំងពីរ បានឯកភាពគ្នាប្រើយន្តការ២បូក២នេះ គឺជាវេទិកាដ៏សំខាន់មួយ ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ បង្កើនការសម្របសម្រួលគោលនយោបាយ និងរួមគ្នាឆ្លើយតបចំពោះបញ្ហាប្រឈម ដែលកំពុងកើតមានឡើង ទាំងក្នុងប្រទេសរៀងៗខ្លួន ទាំងក្នុងតំបន់ និងសកលលោក។ ភាគីទាំងពីរក៏បានឯកភាពដំឡើងកិច្ចសន្ទនា២បូក២ ទៅជា៣បូក៣ ដោយបញ្ចូលបន្ថែមនូវក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ដើម្បីឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់ និងអន្តរជាតិ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម