Connect with us

ព័ត៌មានជាតិ

គិតត្រឹមខែមេសា ការសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្រេចបាន ៥៧,៤៤%

បានផុស

នៅ

គិតត្រឹមខែមេសា ឆ្នាំ២០២៦នេះ ការងារសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្រេចបានលទ្ធផល ៥៧,៤៤% បន្ទាប់ពី​បាន​ចាប់ផ្ដើម​សាងសង់​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី៩ ខែ​ធ្នូ ឆ្នាំ២០២៤ កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពរួមគ្នា លើកទី៣ នៃគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្រោមឥណទានកម្ចី (EDCFLoan) របស់សាធារណរដ្ឋកូរ៉េ។

កិច្ចប្រជុំ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានផ្តោតលើការពិនិត្យវឌ្ឍនភាពរួមគ្នា លើការងារសាងសង់ ការងារបណ្តុះបណ្តាល ការងារផ្គត់ផ្គង់បរិក្ខារពេទ្យ និងប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យអេឡិចត្រូនិច និងជាពិសេសការងារសម្របសម្រួលនិងការដោះស្រាយនូវបញ្ហាប្រឈមផ្សេងៗ ដើម្បីជំរុញឱ្យគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានប្រព្រឹត្តទៅដោយជោគជ័យ។

លោកស្រីនាយកគម្រោង បានថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំបំពេញការងាររបស់ខ្លួនប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងបានផ្តល់អនុសាសន៍ណែនាំឱ្យក្រុមហ៊ុនទាំងបី ត្រូវយកចិត្តទុកដាក់អនុវត្តការងារតាមកិច្ចសន្យា ឱ្យទទួលបានជោគជ័យ និងជាពិសេស ត្រូវយកចិត្តទុកដាក់ ក្នុងពេលរដូវវស្សាដែលអាចមានការជន់លិច ហើយប៉ះពាល់ដល់ដំណើរការសាងសង់ និងបំពាក់បរិក្ខារពេទ្យជាដើម។

សូមរម្លឹកឡើងវិញថា គម្រោង​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​នេះ ​បាន​ទទួល​ការ​អនុម័ត​ពី​រាជរដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ថវិកា​កម្ចីសម្បទាន​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​នូវ​ទឹកប្រាក់​ឥណទាន​ចំនួន ៦៦,៥៧ លាន​ដុល្លារ។ កិច្ចសន្យា​សាងសង់​មាន​រយៈពេល​ ២៨ខែ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ខែ​មីនា ឆ្នាំ២០២៧ ខាងមុខ។

មន្ទីរពេទ្យ​នេះ សាងសង់​ឡើង​នៅលើ​ទីតាំង​ទី​៣ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ ដែល​មាន​ផ្ទៃដី​សរុប ២២ ២៤៣ ម៉ែត្រការ៉េ បណ្តោយ ៨៣,៨០​ ម៉ែត្រ និង​ទទឹង​ ៥៩,៨០ ម៉ែត្រ និង​កម្ពស់ ​៨​ជាន់ ​មាន​សមត្ថភាព​ទទួល​ជំងឺ​សម្រាក​សរុប​បាន​ ២០០​គ្រែ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម