Connect with us

ព័ត៌មានជាតិ

គិតត្រឹមខែមីនា មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្រេចការសាងសង់បានជាង៥០%

បានផុស

នៅ

គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ ការងារសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្រេចបានលទ្ធផល ៥២,៥៤% លឿនជាងផែនការកំណត់៤% នៃផែនការគម្រោងសាងសង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាខា​ទី​៣​ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យ​ការដ្ឋាន​សាងសង់​ និងប្រជុំ​ពិភាក្សា​វាយតម្លៃ​ នៃ​ការអនុវត្ត​គម្រោង ត្រឹម​ខែ​មីនា​ ឆ្នាំ​២០២៦​ ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកស្រីរដ្ឋលេខាធិការ បានកោតសរសើរចំពោះវឌ្ឍនភាព នៃការងារសាងសង់អគារមន្ទីរពេទ្យសាកលវិទ្យាល័យនេះ បានលឿនជាងកាលវិភាគកំណត់ និងបានផ្តល់អនុសាសន៍ណែនាំដល់ក្រុមហ៊ុនសាងសង់ ឱ្យពង្រឹងបន្ថែមលើ​គុណភាព​ ក៏​ដូចជា​គោលការណ៍​សុវត្ថិភាព​នានា​ ឱ្យកាន់តែប្រសើរឡើង។

កិច្ច​ប្រជុំ​បានពិភាក្សា​លើ​ចំនុច​សំខាន់ៗ​ ដែលបាន​ស្នើឡើង​ ក្នុងនោះលោកស្រីរដ្ឋលេខាធិការ បានជំរុញ​ឱ្យគ្រប់​ភាគី​ពាក់ព័ន្ធ​ធ្វើ​យ៉ាងណាបំពេញ​តាម​គោលការណ៍​កំណត់​ និងដោះស្រាយ​ឱ្យ​ទាន់ពេល​វេលា​ ដើម្បី​គម្រោងអាចប្រព្រឹត្តទៅប្រកបដោយគុណភាព និងបានសម្រេចរួចរាល់តាមពេលវេលាកំណត់។

គួរជម្រាបដែរថា គម្រោង​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​នេះ ​បាន​ទទួល​ការ​អនុម័ត​ពី​រាជរដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ថវិកា​កម្ចីសម្បទាន​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​នូវ​ទឹកប្រាក់​ឥណទាន​ចំនួន ៦៦,៥៧ លាន​ដុល្លារ។ កិច្ចសន្យា​សាងសង់​មាន​រយៈពេល​ ២៨ខែ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ខែ​មីនា ឆ្នាំ២០២៧ ខាងមុខ។

មន្ទីរពេទ្យ​នេះ សាងសង់​ឡើង​នៅលើ​ទីតាំង​ទី​៣ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ ដែល​មាន​ផ្ទៃដី​សរុប ២២ ២៤៣ ម៉ែត្រការ៉េ បណ្តោយ ៨៣,៨០​ ម៉ែត្រ និង​ទទឹង​ ៥៩,៨០ ម៉ែត្រ និង​កម្ពស់ ​៨​ជាន់ ​មាន​សមត្ថភាព​ទទួល​ជំងឺ​សម្រាក​សរុប​បាន​ ២០០​គ្រែ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម