Connect with us

ព័ត៌មានជាតិ

គិតត្រឹមខែតុលា ការសាងសង់ពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្រេចបានលទ្ធផលជាង ៣៨%

បានផុស

នៅ

គិត​ត្រឹម​ខែតុលា ​ឆ្នាំ ​២០២៥​ នេះ​ គម្រោង​សាងសង់​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ​(ស​.​វ​.​ស)​ នៅ​ទីតាំង​ទី ​៣​ សម្រេច​បាន​លទ្ធផល​ជាង ​៣៨% ​បន្ទាប់ពី​បាន​ចាប់ផ្ដើម​ការ​សាងសង់​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី ០៩ ខែ​ធ្នូ ឆ្នាំ ២០២៤ កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោង​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​នេះ​បាន​ទទួល​ការ​អនុម័ត​ពី​រាជរដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ថវិកា​កម្ចីសម្បទាន​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​នូវ​ទឹកប្រាក់​ឥណទាន​ចំនួន ៦៦,៥៧ លាន​ដុល្លារ។ កិច្ចសន្យា​សាងសង់​មាន​រយៈពេល​ ២៨ ខែ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ខែ​មីនា ឆ្នាំ ២០២៧ ខាងមុខ។

មន្ទីរពេទ្យ​នេះ សាងសង់​ឡើង​នៅលើ​ទីតាំង​ទី​ ៣ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ដែល​មាន​ផ្ទៃដី​សរុប ២២ ២៤៣ ម៉ែត្រការ៉េ បណ្តោយ ៨៣,៨០​ ម៉ែត្រ និង​ទទឹង​ ៥៩,៨០ ម៉ែត្រ និង​កម្ពស់ ​៨​ ជាន់ ​មាន​សមត្ថភាព​ទទួល​ជំងឺ​សម្រាក​សរុប​បាន​ ២០០​ គ្រែ។

នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​រួមគ្នា លើក​ទី ​២ នៃ​គម្រោង​សាងសង់​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល នៅ​ទី​តាំងទី ​៣ នៃ ​ស​.​វ​.​ស​ កាលពី​ពេល​ថ្មីៗ​ នេះ លោកស្រី​វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​នាយក​គម្រោង​សាងសង់​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ បាន​មានប្រសាសន៍ថា ​គិត​ត្រឹម​ខែ​តុលា ឆ្នាំ​ ២០២៥ នេះ ការងារ​សាងសង់​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល សម្រេច​បាន​លទ្ធផល ៣៨.២០% នៃ​ផែនការ​គម្រោង។

យ៉ាងណាក៏ដោយ លោកស្រី​រដ្ឋលេខាធិការ បាន​កោតសរសើរ​ចំពោះ​វឌ្ឍនភាព​ការងារ​សាងសង់​មន្ទីរពេទ្យ​សាកលវិទ្យាល័យ ដែល​សម្រេច​បាន​លទ្ធផល​ជា​វិជ្ជមាន និង​ទាន់​ពេលវេលា ​នៃ​កាលវិភាគ​ការងារ ជាពិសេស​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បានផ្តល់​ការ​គាំទ្រ​ក្នុង​ការងារ​សាងសង់​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​នេះ ឱ្យ​កាន់តែ​រលូន​ទៅមុខ​បន្ត​ទៀត​ទៅតាម​គោលដៅ​គ្រោងទុក។

លោក Koo Bonhyun នាយក​ប្រចាំ​ប្រទេស​របស់ Korean Exim Bank បាន​សាទរ​ចំពោះ​វឌ្ឍនភាព និង​បាន​ចាត់ទុក​គម្រោង​សាងសង់​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​នេះ ជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា។

ថ្លែង​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី ​០៩ ខែ​ធ្នូ ​ឆ្នាំ​ ២០២៤ លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ បាន​មានប្រសាសន៍ថា អគារ​មន្ទីរពេទ្យ​នេះ​បំពាក់​ដោយ​គ្រឿង​បរិក្ខារ​ពេទ្យ​ទំនើប​ទាន់សម័យ និង​ប្រកបដោយ​បច្ចេកវិទ្យា​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​សម្រាប់​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ ហើយ​អគារ​មន្ទីរពេទ្យ​នេះ​សម្រាប់​បណ្ដុះបណ្ដាល​ និង​ទាក់ទាញ​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ​សហការគ្នា​ ដើម្បី​រក​នវានុវត្តន៍​ថ្មីៗ​ ទៅលើ​ការ​សិក្សា និង​ស្រាវជ្រាវ​ការអប់រំ​សុខភាព និង​ការពារ និង​ធ្វើ​គោលនយោបាយ​ទៅលើ​ការ​បណ្តុះ​បណ្តាល​ផ្នែក​វេជ្ជសាស្ត្រ​នៅ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​បន្ថែម​ទៀត​ស្របទៅនឹង​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី ​១ ​របស់​រាជរដ្ឋាភិបាល គឺ​ ការពង្រឹង ​និង​ការលើកកម្ពស់​សុខភាព​ឈាន​ទៅ​រក​ការ​គ្របដណ្ដប់​សុខភាព​ជា​សកល។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា សមិទ្ធផល​នេះ​ពេល​សាងសង់​រួច​មិន​ត្រឹមតែ​ជា​អគារ​មន្ទីរពេទ្យ​មួយ​ដ៏​ទំនើប​ប៉ុណ្ណោះ​ទេ ក៏​ជា​កន្លែង​មួយ​ធ្វើ​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​កាន់តែ​មាន​ប្រសិទ្ធភាព និង​ជា​កន្លែង​មួយ​ដែល​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ទាំងអស់​ នឹង​ប្រើប្រាស់​ទីតាំង​នេះ​ដើម្បី​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម