Connect with us

ព័ត៌មានជាតិ

រដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ បន្តយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ដើម្បីរក្សារបៀបរៀបរយ

បានផុស

នៅ

អាជ្ញាធរសង្កាត់ផ្សារដើមថ្កូវ បន្តយកចិត្តទុកដាក់ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមបណ្តោយដងផ្លូវនានា ​ដើម្បីធានារក្សារបៀបរៀបរយឲ្យបានល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង កាលពីវេលាម៉ោង ០៨ និង ៣០ នាទីព្រឹក ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៦ នេះ គណៈបញ្ជាការឯកភាពសង្កាត់ផ្សារដើមថ្កូវ ដឹកនាំដោយ លោក ហែម សុផាត ចៅសង្កាត់ផ្សារដើមថ្កូវ និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ផ្សារដើមថ្កូវ បានចុះរៀបចំសណ្ដាប់ធ្នាប់ និងណែនាំដល់ម្ចាស់ទីតាំងអាជីកម្មនៅតាមដងផ្លូវលេខ ៤៨៨ រហូតដល់កែងផ្លូវលេខ ១៣៥ ស្ថិតក្នុងភូមិ ២ និងភូមិ ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក ហែម សុផាត ចៅសង្កាត់ផ្សារដើមថ្កូវ បានឲ្យដឹងថា ដោយបន្តអនុវត្តតាមការណែនាំពី លោក កៀង លក្ស័ អភិបាលខណ្ឌចំការមន តែងតែគិតគូរជានិច្ចកាលលើបញ្ហាសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាដល់របៀបរៀបរយ និងសោភ័ណភាពល្អក្នុងទីក្រុង។

លោកចៅសង្កាត់ បញ្ជាក់ថា ការចុះរៀបចំសណ្តាប់ធ្នាប់នៅលើដងផ្លូវលេខ ៤៨៨ រហូតដល់កែងផ្លូវលេខ ១៣៥ ស្ថិតក្នុងភូមិ ២ និងភូមិ ៣ សង្កាត់ផ្សារដើមថ្កូវ ខាងលើ ដើម្បីឲ្យម្ចាស់លំនៅឋានស្របសងខាងផ្លូវដែលកំពុងប្រកបអាជីវកម្មនានាចូលរួមជាមួយអាជ្ញាធរ ក្នុងគោលដៅរក្សាសណ្តាប់ធ្នាប់ ទុកចំណីផ្លូវសម្រាប់ពលរដ្ឋថ្មើរជើង ជៀសវៀងការបន្តរំលោភចិញ្ចើមផ្លូវ ឬចំណីផ្លូវសាធារណៈនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់របៀបរៀបរយសាធារណៈ ពិសេសអាចបង្កការកកស្ទះនានាដោយកត្តាបំពានណាមួយ។

ក្នុងនាមអាជ្ញាធរសង្កាត់ផ្សារដើមថ្កូវ លោក ហែម សុផាត សង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន នឹងចូលរួមអនុវត្តការណែនាំឲ្យបានល្អទាំងអស់គ្នា ដើម្បីជាការរួមចំណែកកែលម្អ និងរក្សាបានសោភ័ណភាពខ្ពស់ក្នុងទីក្រុង៕
អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម