សេដ្ឋកិច្ច
រោងចក្រកែច្នៃជ័រកៅស៊ូតម្លៃ ៣០ លានដុល្លារ បើកដំណើរការនៅខេត្តត្បូងឃ្មុំ
រោងចក្រផលិតកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ តម្លៃ ៣០ លានដុល្លារ សាងសង់នៅលើផ្ទៃដីជិត ១៥ ហិកតា និងមាសមត្ថភាពផលិត ១០ ម៉ឺនតោ ក្នុងមួយឆ្នាំ បើកសម្ពោធដាក់ឱ្យដំណើរការនៅព្រឹកថ្ងៃទី ២៧ ឧសភា ២០២៦ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ នៅក្នុងពិធីសម្ពោធរោងចក្រ គីមស៍ រ៉ាប់ប៊ើរថា ការសម្រេចវិនិយោគ សាងសង់រោងចក្រផលិតកែច្នៃជ័រកៅស៊ូនេះ បានឆ្លុះបញ្ចាំងអំពីសារសំខាន់ នៃកត្តាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជាតិឱ្យរីកចម្រើនឆាប់រហ័ស ព្រមទាំងបង្ហាញពីទំនុកចិត្ត និងភាពជឿជាក់របស់វិនិយោគិនទាំងខ្មែរ និងបរទេសមកលើបរិយាកាសធុរកិច្ចអំណោយផលរបស់កម្ពុជា។
ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ បានបោះទុនវិនិយោគ ៣០ លានដុល្លារ សាងសង់រោងចក្រផលិតកែច្នៃជ័រកៅស៊ូ នៅលើផ្ទៃដីជិត ១៥ ហិកតា និងមាសមត្ថភាពផលិតជ័រកៅស៊ូ ១០ ម៉ឺនតោ ក្នុងមួយឆ្នាំ ព្រមទាំងផ្ដល់ការងារផ្ទាល់ប្រមាណ ៣០០ កន្លែង និងការងារប្រយោលប្រមាណជាង ៥ ម៉ឺននាក់។

សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៥ ចំណូលសរុបបានពីការលក់ផលិតផលជ័រកៅស៊ូចំនួន ៨៣៣ លានដុល្លារ កើនឡើងប្រមាណ ២៤% ធៀបនឹងឆ្នាំ ២០២៤ មួយផ្នែកដោយសារតម្លៃកៅស៊ូកើនឡើង និងផ្ទៃដីកើន។
សម្រាប់ចំណូលពីការនាំចេញប្រមាណ ៦០៤ លានដុល្លារ ថយចុះ ៩,១% ប៉ុន្តែចំណូលពីការលក់ជ័រកៅស៊ូក្នុងស្រុក ប្រមាណ ២២៣ លានដុល្លារ កើនឡើង ១៣១% ពោលគឺលក់ក្នុងស្រុកដើម្បីបំពេញតម្រូវការ ច្រើនជាងនាំចេញ។
សម្ដេច ហ៊ុន ម៉ាណែត បន្ថែមថា ការអភិវឌ្ឍន៍វិស័យកសិកម្ម ដំបូងឡើយគឺការផលិត និងនាំចេញនូវត្ថុធាតុដើម បន្ទាប់មកគឺការនាំចេញផលិតផលពាក់កណ្ដាលសម្រេច និងផលិតផលសម្រេច ដែលជំរុញឱ្យមានកសិឧស្សាហកម្ម ដែលនេះគឺជាគោលដៅសំខាន់ណាស់ ដើម្បីរក្សាតម្លៃបន្ថែមនៅក្នុងប្រទេស។
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «បើយើងផលិតនាំចេញតែវត្ថុធាតុដើមទៅក្រៅ ទៅដល់ប្រទេសផ្សេងគេយកទៅ វៃក្នុង កែច្នៃមួយចំនួន ច្រកបៅវៃផ្លាក ស្រុកគេ តម្លៃវាទៅដល់នោះ អញ្ចឹងផល និងតម្លៃទៅដល់កសិករក៏វាតិច តែបើយើងរក្សានៅក្នុងស្រុករបស់យើង តាមរយៈការកែច្នៃជាវត្ថុពាក់កណ្ដាលសម្រេច ឬផលិតផលសម្រេច គឺជាគោលដៅធំសម្រាប់យើង ហើយបើយើងអាចជំរុញការកែច្នៃឱ្យបាននៅនឹងកន្លែង មិនត្រឹមតែ កសិកម្មទេ គឺកសិឧស្សាហកម្ម បានន័យថា មិនមែនតែកសិករ ឬមួយម្ចាស់ចម្ការ ម្ចាស់ស្រែនោះទេ ប៉ុន្តែអ្នកដែលធ្វើការនៅក្នុងរោងចក្រកែច្នៃ បង្កើតការងារដឹកជញ្ជូនផ្សេងៗ គឺជាខ្សែច្រវាក់ផលិតកម្មដែលយើងចង់បាន»។
លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូ ប្រាប់កម្ពុជាថ្មីថា ថ្វីត្បិតស្ថានភាពសេដ្ឋកិច្ច នយោបាយ នៅលើពិភពលោកជួបបញ្ហា ប៉ុន្តែការនាំចេញនៅក្នុងវិស័យកៅស៊ូកម្ពុជា បន្តមានស្ថិរភាពល្អ ខណៈតម្លៃក៏បានខ្ពស់គួរសម ឆ្លុះបញ្ចាំងពីការរក្សាបាននូវស្ថិរភាពទីផ្សារតម្លៃជ័រកៅស៊ូ។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតមកដល់ពេលនេះ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូជិត ៤៥ ម៉ឺន ហិកតា ផ្ដល់ទិន្នផលប្រមាណ ៤២ ម៉ឺនតោន ក្នុងមួយឆ្នាំ ដែលពីមុនជ័រកៅស៊ូមានការនាំចេញទាំងស្រុង ខណៈបច្ចុប្បន្ន កម្ពុជាមានលទ្ធភាពកែច្នៃ និងលក់ក្នុងស្រុក៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


