Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តតាកែវ ជំរុញអតីតពលករពីថៃ មកធ្វើតេស្តទទួលស្គាល់ជំនាញសំណង់ដោយឥតគិតថ្លៃ ដើម្បីទទួលបានសញ្ញាបត្រផ្លូវការ

បានផុស

នៅ

រដ្ឋបាលខេត្តតាកែវ ​សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់អតីតពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ និងមានបទពិសោធន៍ការងារផ្នែកសំណង់ សូមអញ្ជើញមកដាក់ពាក្យធ្វើតេស្ត “ការទទួលស្គាល់សមត្ថភាពពីមុន” ហៅកាត់ថា RPL ដោយឥតគិតថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ដែលរៀបចំធ្វើឡើងជាប្រចាំនៅថ្ងៃចុងសប្តាហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះ ត្រូវបានចាត់ទុកថា ជាឱកាសដ៏សំខាន់សម្រាប់ពលករដែលធ្លាប់រៀនជំនាញតាមការដ្ឋាន ឬតាមរោងជាងនៅក្រៅប្រទេស ប៉ុន្តែមិនទាន់មានសញ្ញាបត្រឬវិញ្ញាបនបត្រផ្លូវការ ដើម្បីអាចបញ្ជាក់សមត្ថភាពរបស់ខ្លួនតាមប្រព័ន្ធស្តង់ដារជាតិ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យដំណើរការធ្វើតេស្ត លោកបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានមានប្រសាសន៍ថា កម្មវិធី RPL គឺជាការផ្តល់ “វិញ្ញាបនបត្រទទួលស្គាល់សមត្ថភាព” ជូនដល់បងប្អូនដែលមានជំនាញពិតប្រាកដ ទោះបីមិនបានឆ្លងកាត់ការសិក្សាតាមប្រព័ន្ធសាលាក៏ដោយ។

លោកបណ្ឌិត បានបញ្ជាក់ថា វិញ្ញាបនបត្រដែលចេញដោយក្រសួងការងារ មានតម្លៃស្មើនឹងការបណ្តុះបណ្តាលក្នុងស្ថាប័នបច្ចេកទេសផ្លូវការ ដែលអាចឱ្យម្ចាស់ជំនាញយកទៅប្រើប្រាស់សម្រាប់ដាក់ពាក្យធ្វើការនៅតាមក្រុមហ៊ុនធំៗ ទទួលបានប្រាក់បៀវត្សរ៍សមរម្យ និងមានឱកាសការងារកាន់តែប្រសើរ ស្របតាមស្តង់ដារវិជ្ជាជីវៈ។

លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ ក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីនេះ និងបានកោតសរសើរចំពោះបងប្អូនពលករ ដែលបានស្ម័គ្រចិត្តមកធ្វើតេស្ត ដើម្បីអភិវឌ្ឍសមត្ថភាព និងបង្កើនតម្លៃជំនាញរបស់ខ្លួន។
លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវទាំងអស់ ដែលមានជំនាញច្បាស់លាស់លើការងារសំណង់ ឬជំនាញបច្ចេកទេសផ្សេងៗ ប៉ុន្តែមិនទាន់មានសញ្ញាបត្រ សូមកុំរារែកក្នុងការមកចូលរួមធ្វើតេស្តទទួលស្គាល់សមត្ថភាពនេះ ព្រោះវាជាឱកាសដ៏មានតម្លៃ ក្នុងការប្រែក្លាយ “ជំនាញដៃ” ឱ្យក្លាយជា “ឯកសារផ្លូវការ” ដែលអាចប្រើប្រាស់បានទូទាំងប្រទេស និងជួយបង្កើនឱកាសការងារនាពេលអនាគត៕

​អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម