Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត៖ កម្ពុជាកំពុងធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយជាមួយបណ្តាប្រទេសនានាលើសកលលោក

បានផុស

នៅ

ក្នុងជំនួបជាមួយ តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកត់សម្គាល់ឃើញថា កម្ពុជា-អាស៊ែបៃហ្សង់ នៅមានវិសាលភាពច្រើនទៀតក្នុងការបង្កើនកិច្ចសហការលើវិស័យសក្តានុពលនានា ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជនប្រទេសទាំងពីរ។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា កម្ពុជាកំពុងធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយជាមួយបណ្តាប្រទេសនានាលើសកលលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត



តាមរយៈជំនួបនារសៀលថ្ងៃទី១១ ខែឧសភា  លោក Elchin Amirbayov តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ ទទួលបន្ទុកកិច្ចការពិសេស បានគោរពជម្រាបជូនសម្តេចធិបតីថា អាស៊ែបៃហ្សង់ចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។ លោកក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។

ជាមួយគ្នានេះ តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ ក៏បាននាំយកនូវលិខិតអញ្ជើញរបស់លោកប្រធានាធិបតីអាស៊ែបៃហ្សង់ ជូនចំពោះសម្តេចធិបតី ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអាស៊ែបៃហ្សង់ ក្នុងឆ្នាំ២០២៦ នេះ។



សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាស៊ែបៃហ្សង់។ សម្តេចធិបតីបានគូសបញ្ជាក់ថា ភាពរីកចម្រើននៃចំណងមិត្តភាពនេះ គឺជាកាលានុវត្តភាពដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ។


សម្តេចធិបតី និងតំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ ក៏បានពិភាក្សាគ្នាអំពីការជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ថាមពល, ទេសចរណ៍, វប្បធម៌, អប់រំ, កសិកម្ម, ព្រមទាំងបានពិភាក្សាលើការជំរុញទំនាក់ទំនងរវាងវិស័យឯកជន និងឯកជន​ ប្រទេសទាំងពីរ តាមរយៈ​ការរៀបចំឱ្យមានជំនួបធុរជន និងធុរជន​ និងវេទិកាធុរកិច្ចជាដេីម​ ដើម្បីស្វែងរកឱកាសវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើងថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម