Connect with us

ព័ត៌មានជាតិ

ចុះបញ្ជី​ពាណិជ្ជកម្ម​កាន់​តែ​ស្រួល ប្រើ​ពេល​ឆាប់ មិនបាច់ចំណាយសេវាក្រៅ

បានផុស

នៅ

ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម ត្រូវ​បាន​សម្រួល​នីតិវិធី​កាន់តែ​ងាយស្រួល​ រហ័ស និង​ប្រសើរ​ជាង​មុន។ នេះបើតាមការអះអាង​ពី​មន្រ្តី​​នៅនាយកដ្ឋាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម នៅក្នុងវេទិកាគយនិង​សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (FASMEC)។

លោក ឱម តារាឫទ្ធិ ប្រធាន​នាយកដ្ឋាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​រៀបរាប់​ពីដំណើរការ​ចុះបញ្ជីពាណិជ្ជកម្ម​​ ដែល​​​មុន​ឆ្នាំ ២០១៦ ការ​ចុះបញ្ជី​ពាណិជ្ជកម្ម​ត្រូវ​ធ្វើ​ឡើង​ដោយ​ដៃ​ទាំងអស់ តាំង​ពី​ការ​​បំពេញ​ពាក្យ​ស្នើសុំ និង​ការ​សរសេរ​វិញ្ញាបនបត្រ ដែល​ត្រូវ​ចំណាយ​ពេល​យូរ​រហូត​ដល់ ១០ ថ្ងៃ។

ពី​ឆ្នាំ ២០១៦ ដល់ ២០២០ ក្រសួង​ពាណិជ្ជកម្ម​បាន​ប្តូរ​មក​ប្រើ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម (អនឡាញ) ដោយ​ផ្តល់​វិញ្ញាបនបត្រ​ជា​ទម្រង់​ឌីជីថល និង​អនុញ្ញាត​ឱ្យ​បង់​ប្រាក់​តាម​ប្រព័ន្ធ​ធនាគារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់​ពីឆ្នាំ ២០២០ រាជរដ្ឋាភិបាលក៏​​បានរៀបចំ​​បង្កើត​ថ្នាល​បច្ចេកវិទ្យា​រួម​មួយ (Cam​DX) ដែល​ប្រមូល​ផ្តុំ​សេវា​ចុះបញ្ជី​របស់​ស្ថាប័ន​សំខាន់ៗ​ដែល​មាន​ក្រសួងពាណិជ្ជកម្ម អគ្គនាយក​ដ្ឋាន​ពន្ធដារ និង​ក្រសួង​ការងារ​ឱ្យ​ស្ថិត​នៅ​កន្លែង​តែមួយ

លោក ឱម តារាឫទ្ធិ បញ្ជាក់​ថា «នីតិវិធី​ចុះបញ្ជីពាណិជ្ជកម្ម​តាមថ្នាលបច្ចេកវិទ្យា CamDX​ សម្រួលដល់​អ្នក​ស្នើ​សុំ​គ្រាន់​តែ​បំពេញ​ព័ត៌មាន​តែ​មួយដង គឺ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​អាច​ទាញ​យក​ទៅ​ប្រើប្រាស់​បាន ដែល​​ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការ​បំពេញ​ឯកសារ​ផ្ទួនៗ​»។

នៅក្នុងអាណត្តិថ្មីរបស់រដ្ឋាភិបាល ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​ធ្វើ​សមញ្ញកម្ម​លើលិខិតបទដ្ឋាន​គតិយុត្តិនៃការ​ចុះបញ្ជី ដែល​កាល​ពីមុន​មាន​លក្ខណៈ​ដាច់​ដោយ​ឡែក​ពី​គ្នា​ឱ្យ​មក​នៅ​ក្រោម​ប្រកាស​តែមួយ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ពិនិត្យ និង​គ្រប់គ្រង។

មន្រ្តីក្រសួងពាណិជ្ជកម្ម​បង្ហាញ​ពី​កំណែ​ទម្រង់​ថ្មីនេះ​មាន​ដូចជា៖

-ការកំណត់វត្ថុអាជីវកម្ម ដើម្បីជួយសម្រួលដល់ម្ចាស់អាជីវកម្មក្នុងការចុះបញ្ជី ដែល​កន្លងមកពេល​ម្ចាស់​អាជីវកម្ម​ទៅ​ដាក់​ពាក្យ​សុំបើក​អាជីវកម្ម ​ជារឿយៗ​មិនបាន​ដឹង​ថា​តើមុខរបរ​របស់​ពួក​គាត់​តម្រូវ​ឱ្យមាន​ការសុំអនុញ្ញាតពីស្ថាប័ន​គ្រប់គ្រង​ពាក់ព័ន្ធ​ជាមុនឬ​យ៉ាងណា​នោះទេ។ ជាលទ្ធផល ពេល​ដាក់​​ពាក្យរួច ទើប​ដឹងថាត្រូវ​ទាមទារលិខិត​អនុញ្ញាតផ្សេងៗទៀត ដែលធ្វើឱ្យពួកគាត់​ត្រូវ​រត់ចុះរត់​ឡើង និង​ខាតពេល​វេលា។

ដើម្បីដោះស្រាយបញ្ហានេះ ឥឡូវនេះមានការរៀបចំដាក់​បង្ហាញយ៉ាង​ច្បាស់លាស់​នូវ​បញ្ជី​ឈ្មោះ​ប្រភេទ​មុខរបរ​ណាខ្លះ ដែលតម្រូវឱ្យម្ចាស់អាជីវកម្ម ត្រូវតែសុំលិខិត​អនុញ្ញាត​ពីស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​​មុន​សិន ទើបអាចមកចុះបញ្ជីវត្ថុអាជីវកម្មនោះបាន។ ការធ្វើបែប​នេះគឺ​ដើម្បី​ផ្តល់​ព័ត៌មាន និងឱ្យម្ចាស់អាជីវកម្មបានដឹងមុន ដើម្បីកុំឱ្យមានការលំបាក ឬខាតពេល​វេលាដូច​ពេល​មុនៗទៀត។

-ការតម្រូវ​ឱ្យ​អភិបាល​ក្រុមហ៊ុន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាសសុចចិត្ត​​ ដើម្បី​បង្ការ​ការ​លាង​សម្អាត​ប្រាក់ ​ដែល​ឥលូវ​នេះ​​ត្រូវ​បាន​កែសម្រួល​មក​ជា​ការ​ពិនិត្យ​សាវតារ​បុគ្គល​វិញ។

-លុបចោល​​លក្ខន្តិកៈ​ ដោយក្រុមហ៊ុន​មិនចាំបាច់យក​ច្បាប់​ដើម​មក​តម្កល់​ផ្ទាល់​នៅ​ក្រសួង​ពាណិជ្ជកម្ម​ទៀត​ឡើយ ពោល​គឺ​ការ​បញ្ចូល​ទៅក្នុងប្រព័ន្ធស្វ័យប្រវត្តកម្ម គឺ​ចាត់​ទុក​ជា​ផ្លូវការ​តែ​ម្តង។ ក្រសួង​ក៏​មាន​ភ្ជាប់ QR Code ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវផងដែរ។

-ការ​ផ្លាស់ប្តូរ​នាយក​សាខា​ក្នុងស្រុក៖ មិនតម្រូវឱ្យ​ធ្វើការ​ជូន​ដំណឹង ឬ​សុំការ​អនុញ្ញាត​ពី​ក្រសួង​ពាណិជ្ជកម្ម​​ទៀតនោះទេ។

-លេខាធិការក្រុមហ៊ុន៖ លែង​តម្រូវឱ្យ​មាន​ការ​តម្កល់​ប្រាក់ ឬ​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​ពី​ក្រសួង​ទៀត​ហើយ។ អភិបាល​ក្រុមហ៊ុន ឬ​បុគ្គល​ណា​ ក៏អាចធ្វើជាលេខាធិការបានដែរ។

-ការរំលាយ​ក្រុមហ៊ុន (ការលុបឈ្មោះ)៖ កាន់តែ​ងាយស្រួល ដោយ​លែង​តម្រូវឱ្យ​មានការ​ធ្វើសវនកម្ម​ពី​សវនករ​ដែល​ទទួលស្គាល់​ដោយ​និយ័តករ​ទៀត​ហើយ។ ក្រុមហ៊ុនគ្រាន់តែជម្រះពន្ធរដ្ឋ និង​បំណុល​​របស់​ខ្លួន​រួចរាល់ គឺអាច​ស្នើសុំបិទបាន។

-ទប់ស្កាត់​ការកែប្រែ​ព័ត៌មាន​ក្រុមហ៊ុន៖ ក្រសួងក៏​​លែង​ទទួល​សំណើ​សុំ​ទប់ស្កាត់​ពី​បុគ្គល​ដែល​មាន​ជម្លោះ​ទៀតហើយ លុះត្រាតែ​មាន​ដីកា​សម្រេច​ពី​តុលាការ​ទើប​ក្រសួង​អនុវត្ត​តាម។

ក្នុង​វេទិកា​គយ និង​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម លោក ឱម តារាឫទ្ធិ ​បង្ហាញ​​​​ពី​ទម្រង់​សហគ្រាស​និងក្រុមហ៊ុនត្រូវចុះបញ្ជីពាណិជ្ជកម្មរួមមាន៖

សហគ្រាស​ឯកបុគ្គល (ភាគច្រើន​ជាប្រភេទ​សហគ្រាស​ធុនតូច និង​​ផ្ទុក​ពន្ធតូច)
-ក្រុមហ៊ុន​សហកម្មសិទ្ធិ (សហកម្មសិទ្ធិទូទៅ និងសហកម្មសិទ្ធិមានកម្រិត)
-ក្រុមហ៊ុន​បរទេស (សាខា​ក្រុមហ៊ុន​បរទេស និងការិយាល័យតំណាងក្រុមហ៊ុនបរទេស)
-ក្រុមហ៊ុន​មូលធន (ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវ​មាន​កម្រិត និង​ក្រុមហ៊ុន​មហាជន​ទទួលខុស​ត្រូវ​មាន​កម្រិត)
-សាខាក្រុមហ៊ុនក្នុងស្រុក

​លោក​ថា រាល់ទម្រង់សហគ្រាស​ទាំងអស់​ខាងលើ ត្រូវតែ​ចុះបញ្ជី​ពាណិជ្ជកម្ម​រយៈពេល ១៥ ថ្ងៃ មុន​ពេល​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម។

មន្រ្តីក្រសួងពាណិជ្ជកម្ម​បានរំលេច​ពី​ប្រសិទ្ធភាព​នៃ​ការ​​​ចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ CamDX បើ​អ្នកស្នើសុំ​មាន​ឯកសារ​គ្រប់គ្រាន់​គឺ​ប្រើ​ពេល​​ត្រឹម​តែ ៣ ថ្ងៃ នៃថ្ងៃ​ធ្វើការ ដើម្បីទទួលបាន​វិញ្ញាបនបត្រឌីជីថល​។

ក្នុងវេទិកា​គយ និង​សម្ព័ន្ធ​សមាគមសហគ្រាសធុនតូច និង​មធ្យម​ដែលមានការ​ចូលរួមពី​សហគ្រាស​ក្នុងស្រុក​ជាច្រើនផង​នោះ មន្រ្តី​នាយកដ្ឋានចុះបញ្ជី​ពាណិជ្ជកម្ម​ ក៏​​បង្ហាញពី​ឯកសារសំខាន់ៗ​សម្រាប់ចុះបញ្ជីពាណិជ្ជកម្ម​​ ​ក្នុង​នោះ​សម្រាប់​សហគ្រាស​​ឯកបុគ្គល (SME) ​តម្រូវការ​ឯកសារ​មានដូចជា​​​៖ ឈ្មោះសហគ្រាស (នាមករណ៍) ទីស្នាក់ការ​អចិន្ត្រៃយ៍​ច្បាស់លាស់ អត្តសញ្ញាណប័ណ្ណ និង​រូបថត។

ចំណែកក្រុមហ៊ុនមូលធន​​ត្រូវការ​ឯកសារ​មាន​៖ ឈ្មោះ​សហគ្រាស (នាមករណ៍) ទីស្នាក់ការ​អចិន្ត្រៃយ៍​ច្បាស់​លាស់ អត្តសញ្ញាណប័ណ្ណ (អភិបាល និង​ម្ចាស់ភាគហ៊ុន) រូបថត និង​លក្ខន្តិកៈ (ក្រសួង​មាន​គំរូ​លក្ខន្តិកៈ​ស្តង់ដារ​ដែល​ស្រួល​បំពេញ)។

តម្លៃសេវា​​ចុះបញ្ជី​ក្រុមហ៊ុន​នៅក្រសួងពាណិជ្ជកម្ម គឺ​ប្រមាណ ១ លាន ១០ ម៉ឺនរៀល (ជាង ២៥០ដុល្លារ)។

បន្ថែម​ពី​នេះ លោក​ក្រើនរំលឹកពី​កាតព្វកិច្ច​​​ដែល​ក្រុមហ៊ុន​សហគ្រាស​ទាំងអស់​ត្រូវ​តម្កល់​ប្រតិវេទន៍​ (Annual Declaration) ជា​កំហិត​រៀងរាល់​ឆ្នាំ (អាច​បង់​មុន ៣ ខែ​នៃថ្ងៃគម្រប់ខួបចុះបញ្ជី) ដែល​មាន​តម្លៃ​ ៨ ម៉ឺន​រៀល (២០ដុល្លារ)។ ប្រសិន​បើភ្លេច ឬបង់យឺតយ៉ាវ ក្រុមហ៊ុននឹងត្រូវ រងការ​ពិន័យ​ជា​ប្រាក់ចំនួន ២ លានរៀល ក្នុងមួយឆ្នាំៗ។

​គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ ២០២៦ បើតាមរបាយការណ៍​​ក្រសួង​ពាណិជ្ជកម្ម​ មាន​ក្រុមហ៊ុន​មូលធន​សរុប​​ជិត ៦ ម៉ឺន, សហគ្រាស​ឯកបុគ្គល (SME) មាន​ប្រមាណ ៤ ម៉ឺន និង​ សាខា​ក្រុមហ៊ុន​បរទេស​ជាង ៩០០ ដែល​បាន​​ចុះ​បញ្ជី​រួចរាល់។

សម្រាប់​ចម្ងល់ពីការ​ចុះបញ្ជី​ពាណិជ្ជកម្ម​ អាចទាក់ទងមកកាន់ Call Center របស់​ក្រសួង​ពាណិជ្ជកម្ម​តាមលេខ ១២៦៦ សម្រាប់សាកសួរ​​ព័ត៌មានបន្ថែម​​ផ្សេងៗ៕

ចុចអានបន្ត៖ ៦ ជំហាន​លម្អិត របៀប​​​ចុះ​បញ្ជី​អាជីវកម្ម​តាមថ្នាលបច្ចេកវិទ្យា CamDX
ចុចអានបន្ត៖ ដើម្បី​ចុះបញ្ជី​អាជីវកម្ម​តាមថ្នាល​បច្ចេកវិទ្យា CamDX តម្រូវការ​ឯកសារអ្វីខ្លះ?
ចុចអានបន្ត៖ សហគ្រាស​នៅ​កម្ពុជា ​បែងចែកជាបួនទម្រង់ធំៗ​ ​មាន​ចរិតលក្ខណៈខុសៗគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម