Connect with us

ព័ត៌មានជាតិ

មេ​គយទូទាំងប្រទេស​​៖ ​ទំនិញ​ថៃ​សំខាន់ៗ​នាំ​ចូល​ធ្លាក់​ចុះ​យ៉ាង​គំហុក ខណៈ​ទំនិញ​ខ្លះ​ធ្លាក់​ចុះ​​ជិត​ក្បែរ​សូន្យ

បានផុស

នៅ

លោក គុណ ញឹម រដ្ឋមន្រ្តី​ប្រតិភូអម​​នាយករដ្ឋមន្រ្តី​ទទួល​បន្ទុក​ជា​អគ្គនាយក​គយ​និង​រដ្ឋាករ​​កម្ពុជាបាន​បង្ហាញ​ពី​របាយការណ៍​នៃ​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ថៃ។

របាយការណ៍ ៥ ខែនេះ ទំនិញ​ថៃ​សំខាន់​ៗ​មាន​ការ​ធ្លាក់​ចុះ​យ៉ាងខ្លាំង ស្រប​យុទ្ធនាការ​ពហិការ​ទំនិញ​ថៃ​ឈាន​ដល់​ការ​កាត់​បន្ថយ​ការ​នាំ​ចូល និង​ការ​ឈប់​ប្រើប្រាស់​ពី​ពលរដ្ឋ​ខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​វេទិកា​គយ និង​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម (FASMEC) រៀបចំ​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ លោក គុណ ញឹម បាន​ថ្លែង​ថា ចលនា​ពហិការ​របស់​ប្រជាពលរដ្ឋ​បាន​ធ្វើ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​ និង​ការ​នាំចូល​ទំនិញ​ថៃ​ធ្លាក់​ចុះ​យ៉ាងខ្លាំង ដោយ​ផ្អែក​លើ​ទិន្នន័យ​ប្រៀបធៀប​រយៈពេល ៥ ខែ ក្នុងឆ្នាំ​២០២៦ ទៅ​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២៥។

​ផ្អែក​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ លោក គុណ ញឹម បាន​លើកពី​ទំនិញ​ថៃ​ដែល​ជាប់​បម្រាម​ហាម​ឃាត់​រួម​មាន ប្រេងឥន្ធនៈ, បន្លែ​ និង​ផ្លែឈើ​ស្រស់​ធ្លាក់​ចុះ ១០០% (ស្មើ​នឹងសូន្យ)។

ភេសជ្ជៈ​គ្រប់​ប្រភេទ ដោយ​ក្នុង​នោះ​ភេសជ្ជៈ​ល្បីៗ​ដូចជា គោ​ជល់ និង អូអ៊ីឈិ ជាដើម ធ្លាក់​ចុះ ៩៨% គឺ​ស្ទើរ​តែ​ធ្លាក់​ដល់​ចំណុច​សូន្យ។ ផលិតផល​កាហ្វេ, តែ, ធញ្ញជាតិ, និង​អាហារកែច្នៃពី​ទឹកដោះគោ ធ្លាក់​ចុះ ៨៦%។ ផលិត​ផល​សម្រេច និង​វត្ថុធាតុដើម​ធ្វើពីប្លាស្ទិក និងកៅស៊ូ ធ្លាក់​ចុះ​ពី ៦៨% ទៅ ៦៩% និង​គ្រឿងចក្រ​កសិកម្ម ធ្លាក់​ចុះ ៥៧%។

ទន្ទឹម​នឹង​ការ​ធ្លាក់​ចុះ​នៃ​ទំនិញថៃ លោក គុណ ញឹម បាន​បញ្ជាក់​ថា នេះ​គឺជា​ឱកាស​មាស​សម្រាប់​សហគ្រាស​ក្នុងស្រុក ក្នុងការដណ្តើម​យកទីផ្សារជំនួស​ការនាំចូល។

ជា​លទ្ធផល​ជាក់ស្តែង មាន​សហគ្រាស​ក្នុងស្រុក​មួយ​ចំនួន​ទទួល​បាន​កំណើន​​ការ​លក់​កើន​ឡើង​ចន្លោះ​ពី ៤០% ទៅ ៤៦% រួច​ទៅ​ហើយ។

ដើម្បី​ជំរុញឱ្យ​ការនាំចូល​ទំនិញ​ថៃធ្លាក់ចុះ​រហូត​ដល់​សូន្យ បើ​តាម​មេគយ​ទូទាំង​ប្រទេស​រូប​​នេះ បានលើកឡើង​ពី​កត្តា​សំខាន់​គឺ​ពឹង​ផ្អែក​លើ​តួអង្គ​ចំនួន​ពីរ គឺ​អ្នក​នាំចូល និង​អ្នកប្រើប្រាស់ ប៉ុន្តែ​អ្នកប្រើប្រាស់​មាន​ឥទ្ធិពល​ធំជាង​អ្នក​នាំ​ចូល​ទៅ​ទៀត។

លោក​ថ្លែង​​ដូច្នេះ​ថា «វាគឺ​ជាច្បាប់​នៃការ​ផ្គត់ផ្គង់​និង​តម្រូវការ​។ ប្រសិន​បើ​ប្រជាពលរដ្ឋ​ជា​អ្នក​ទិញ រួបរួម​គ្នា​ឈប់​គាំទ្រ និង​មិន​ទិញ​ទំនិញ​ទាំង​នោះ អ្នក​នាំចូល​ក៏​មិន​អាច​បន្ត​នាំចូល​បាន​ទៀត​ដែរ ហើយ​ពួកគេ​នឹង​ត្រូវ​បង្ខំ​ចិត្ត​ប្តូរ​មុខរបរ ឬប្តូរ​ការ​នាំ​ចូល​ដោយស្វ័យប្រវត្តិ»។

បន្ថែម​ពី​នេះ លោក​ថា រាជរដ្ឋាភិបាល​ក៏​មាន​វិធានការ​បន្ថែម​ ប៉ុន្តែ​ការ​ចូលរួម​ធ្វើ​ពហិការ​ពី​សំណាក់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា គឺជា​កម្លាំង​ដ៏​មុត​ស្រួច​បំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម