ព័ត៌មានជាតិ
លោក ស៊ុន មេសា ថាវិញ្ញាបនបត្របញ្ជាក់ជំនាញមួយសន្លឹកសម្រាប់អតីតពលករមកពីថៃអាចជួយកែប្រែជីវិតនិងជីវភាពរបស់គាត់បាន
អ្នកនាំពាក្យក្រសួងការងារលោក ស៊ុន មេសា បានថ្លែងថាវិញ្ញាបនបត្រទទួលស្គាល់ជំនាញរបស់អតីតពលករមកពីប្រទេសថៃអាចជួយកែប្រែជីវិត និងជីវភាពរបស់អតីតពលករទាំងនោះបាន ដោយវានឹងផ្ដល់នូវតម្លៃ ការទទួលស្គាល់ និងអាចប្រើប្រាស់សម្រាប់ការសិក្សាពេញមួយជីវិតបានថែមទៀត។

ថ្លែងបញ្ជាក់ទៅក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ ទី១២ ខែកក្កដា កន្លងទៅនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាលោក ស៊ុន មេសា បានបញ្ជាក់ថា ការប្រឡងទទួលស្គាល់ជំនាញដល់អតីតពលករមកពីប្រទេសគឺជាការធានាដល់ការងាររបស់អតីតពលករដែលត្រលប់មកកម្ពុជាវិញ ជាមួយប្រាក់កម្រៃខ្ពស់ជាងពេលដែលមិនទាន់ទទួលស្គាល់ជំនាញ។ លោកថាតាមការសម្ភាសន៍លើអតីតពលករដែលបានប្រឡងយកវិញ្ញាបនបត្រនេះ ពួកគេបានទទួលការដំឡើងប្រាក់ពលកម្មជាមធ្យមពី ២ម៉ឺន ដល់៤ម៉ឺនរៀលក្នុងមួយថ្ងៃលើប្រាក់កម្រៃពីមុន បន្ទាប់ពីបានមកធ្វើតេស្តទទួលស្គាល់ជំនាញនេះរួច។
លោកបន្ថែមថា៖ «ខ្ញុំអាចនិយាយបានថាការតេស្តទទួលស្គាល់ជំនាញនេះ វាមិនត្រឹមតែជាការផ្ដល់តែសញ្ញាបត្រមួយសន្លឹកទេ! តែវាអាចឱ្យបងប្អូនយើងមានការងារល្អប្រសើរជាងមុន វាអាចឱ្យបងប្អូនយើងទទួលបានអត្ថប្រយោជន៍ និងប្រាក់ចំណូលច្រើនជាងមុន ហើយវាក៏ជាឱកាសមួយក្នុងការបន្តឱ្យបងប្អូនអតីតពលករមកពីប្រទេសថៃក្នុងផ្នែកសំណងមានឱកាសបន្តរៀនសូត្របន្ថែមផងដែរ»។

លោកបន្ថែមថាការមានវិញ្ញាបនបត្រនេះបានធានាឱ្យអតីតពលករមិនត្រឹមតែការងារក្នុងស្រុកប៉ុណ្ណោះទេ ក៏ធានាដល់ការងារក្រៅប្រទេសផងដែរ ខណៈដែលកម្ពុជាមានទីផ្សារការងារក្រៅប្រទេសចំនួន៨គោលដៅ។
រដ្ឋាភិបាលកម្ពុជាបានចាប់ផ្ដើមអនុវត្តន៍ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុនរបស់អតីតពលករខ្មែរនៅប្រទេសថៃលើវិស័យសំណង់ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយរដ្ឋាភិបាលជាអ្នកបង់ថ្លៃធ្វើតេស្តជំនួស។គិតរហូតមកដល់ពេលនេះមានអតីតពលករខ្មែរនៅប្រទេសថៃចំនួន ៧ ៥០០នាក់ហើយដែលបានមកធ្វើតេស្តទទួលស្គាល់ជំនាញនេះ។
ក្នុងសាលខាងក្រោមនៃអាគារតេជោសែន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាន់ខ្ពស់ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC ទីតាំងចុះឈ្មោះនិងធ្វើតេស្តជំនាញដ៏ធំមួយកំពុងមានអតីតពលករនៅប្រទេសថៃជាច្រើននាក់កំពុងធ្វើតេស្តជំនាញរៀងៗខ្លួន ដែលមានការងារកំបោរ(រៀបឥដ្ឋនិងបូក) ការងារការ៉ូ ការដំឡើងពុម្ព ការដំឡើងបណ្ដាញបំពង់ទឹក ការដំឡើងបណ្ដាញអគ្គិសនីក្នុងអាគារ ការងាររន្ទា ការដំឡើងសរសៃដែក និងការផ្សារអគ្គិសនី។


អ្នកមកធ្វើតេស្តម្នាក់លោក គឹម ថេង អាយុ៣៧ឆ្នាំ បានឱ្យដឹងថាលោកគឺជាអតីតពលករខ្មែរនៅប្រទេសថៃដែលបានទៅធ្វើការផ្នែកសំណង់នៅទីនោះ លោកបានវិលត្រលប់មកប្រទេសកម្ពុជាវិញនៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៥។ ក្រោយត្រលប់មកវិញលោកមកធ្វើការផ្នែកសំណង់ដដែលនៅរាជធានីភ្នំពេញ ទោះជាយ៉ាងណាក្រោយបានដំណឹងពីការប្រកាសរបស់ក្រសួង និងអត្ថប្រយោជន៍នៃការធ្វើតេស្តក៏ដូចជាមានការជំរុញពីក្រុមហ៊ុន លោកក៏សម្រេចចិត្តមកធ្វើតេស្តតែម្ដង។
លោក គឹម ថេង ៖ «ភាគច្រើនគេតម្រូវឱ្យយើងមានសញ្ញាបត្រដើម្បីងាយស្រួលរកការងារធ្វើតាមដែលគេប្រកាស។ ដើម្បីងាយស្រួលរកការងារធ្វើក្នុងស្រុកផងក្រៅស្រុកផង»។

លោកបានបង្ហាញក្ដីសង្ឃឹមថាក្រោយទទួលបានការទទួលស្គាល់ជំនាញហើយលោកអាចទទួលកម្រៃបានច្រើនជាងពេលមុន ខណៈលោកថាក្រោយបានវិញ្ញាបនបត្រនេះលោកនឹងមានឱកាសរៀនជំនាញផ្សេងទៀតទាក់ទងនឹងសំណង់ផងដែរ ដោយថាលោកគោលបំណងមួយគឺអាចម៉ៅការសំណង់ដោយខ្លួនឯងបាន។

ប្រធានមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាលោក ហ៊ុន ច័ន្ទតារា បានឱ្យដឹងដែរថា ការធ្វើតេស្តសមត្ថភាពធ្វើឡើងជារៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង ៨កន្លះយប់។ ចំណែកឯការចុះឈ្មោះបេក្ខជនអាចចុះឈ្មោះមួយសប្ដាហ៍មុន ហើយការធ្វើតេស្តត្រឹមតែ៣ម៉ោងប៉ុណ្ណោះ ដោយមានគណៈកម្មការវាយតម្លៃទាំងពីសាលាផង និងក្រុមហ៊ុនឯកជនផង។
លោកបន្ថែមថា៖ «ខ្ញុំសូមអំពាវនាវដល់បងប្អូនយើងទាំងអស់ដែលជាអតីតពលករដែលមកពីប្រទេសថៃគាត់ចំណាយពេលមក។ មកប្រឡងលះបង់រយៈពេលខ្ញុំគិតថាមួយថ្ងៃចុះមុនប្រឡងគាត់ត្រូវមកមុនឬមកមុនមួយសប្ដាហ៍មកដើម្បីមកមើលឆ្លៀតមកប្រឡងមកដើម្បីយកវិញ្ញាបនបត្រហ្នឹងយកទៅប្រើប្រាស់វាជាឱកាសដ៏ល្អបំផុតដែលរាជរដ្ឋាភិបាលយើងគាត់យកចិត្តទុកដាក់ ហើយផ្ដល់ឱកាសបង់ថវិកាជូនគាត់អត់ចំណាយអ្វីទាំងអស់»។

ប្រធានសហភាពការងារកម្ពុជាលោក គង់ អាទិត្យ បានលើកឡើងថាការផ្ដល់នូវការទទួលស្គាល់ជំនាញដល់អតីតពលករនេះគឺជាការឆ្លើយតបនូវតម្រូវការរបស់ពលករផ្ទាល់ដែលចង់បានចំណូលខ្ពស់និងការងារដល់ពួកគាត់។ លោកបន្ថែមថាបច្ចុប្បន្នវិស័យសំណង់របស់កម្ពុជាមានភាពខ្វះខាតច្រើនលើអ្នកដែលមានការទទួលស្គាល់ជំនាញនេះ ដោយជំរុញដល់អតីតពលករមកពីប្រទេសថៃចូលរួមចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញនេះឱ្យបានច្រើនបន្ថែមទៀតផងដែរ។
លោក គង់ អាទិត្យ៖ «ខ្ញុំសូមឱ្យបងប្អូនដែលមកពីប្រទេសថៃដាក់ពាក្យនៅក្រសួងការងារឬនៅតាមសាលាផ្ទាល់ដើម្បីទទួលបានជំនាញខ្ពស់ក៏ដូចជាការទទួលស្គាល់ជាស្តង់ដារដើម្បីបង្កើនចំណូលជួយដល់ជីវភាពគ្រួសារ ហើយនឹងងាយស្រួលក្នុងការរកការងារធ្វើផងដែរ»។

គិតរហូតមកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ មានអតីតពលករខ្មែរនៅប្រទេសថៃចំនួន ៧ ៥០០នាក់ហើយដែលបានមកធ្វើទេសទទួលស្គាល់ជំនាញក្នុងវិស័យសំណង់នេះ ដែលបានធ្វើតេស្តនៅមជ្ឈមណ្ឌលចំនួន១០ក្នុងនោះ៤នៅរាជធានីភ្នំពេញ ដែលរួមមានវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម។
នៅខេត្តសៀមរាមមាននៅ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តស្វាយរៀងមាននៅ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ខេត្តបាត់ដំបង វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង់ និងវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ខេត្តបន្ទាយមានជ័យនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ និងខេត្តតាកែវគឺមាននៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ។
បេក្ខជនអាចចុះឈ្មោះនៅតាមទីតាំងខាងលើនេះ ឬទាក់ទងមកលេខ ១២៩៧ ឬតាម htts://erpl.mlvt.gov.kh ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


