ព័ត៌មានជាតិ
រៀនជំនាញ មានប្រាក់ឧបត្ថម្ភ និង ឱកាសការងារ! PPI ប្រកាសផ្ដល់អាហារូបករណ៍ជាង ១ ពាន់កន្លែង
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) បានប្រកាសផ្តល់អាហារូបករណ៍សិក្សាដោយឥតគិតថ្លៃចំនួន ១,០៥៦ កន្លែង លើជំនាញចំនួន ១៤ មុខវិជ្ជា ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនសិក្ខាកាម ក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ដល់ យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ (TVET 1.5M)។

ការផ្តល់ឱកាសសិក្សាដ៏ធំនេះ បានក្លាយជាស្ពានដ៏សំខាន់សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ ឱ្យអាចទទួលបានជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព ដោយមិនចាំបាច់បារម្ភពីថ្លៃសិក្សា ហើយថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ដែលជួយសម្រាលបន្ទុកជីវភាពគ្រួសារទៀតផង ខណៈយុវជនទូទៅក៏អាចចូលរៀនដោយឥតបង់ថ្លៃផងដែរ។

ជំនាញទាំង ១៤ ដែលវិទ្យាស្ថានបានបើកបណ្តុះបណ្តាល គឺជាជំនាញដែលទីផ្សារការងារកំពុងត្រូវការខ្ពស់ និង មានសក្តានុពលបង្កើតប្រាក់ចំណូលសមរម្យ រួមមាន ជំនាញអគ្គិសនី បំពង់ទឹក ម៉ាស៊ីនត្រជាក់ ផ្សារដែក ជួសជុលរថយន្ត ម៉ាស៊ីនកសិកម្ម គ្រឿងសង្ហារឹម សំណង់ កសិកម្ម ដេរសម្លៀកបំពាក់ បដិសណ្ឋារកិច្ច និង សេវាកម្មកុំព្យូទ័រ។ ជំនាញទាំងនេះ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញដល់វិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម នៅកម្ពុជា។

សម្រាប់ការចុះឈ្មោះចូលរៀន បេក្ខជន អាចទាក់ទងមកវិទ្យាស្ថាន តាមលេខទូរសព្ទ ០១២ ៧៦៦ ៤៨៨/ ០៧១ ៩១៣ ៩៩៩៩/ ០៧៨ ៦៥៦ ៥៧៤ ឬ ចុះឈ្មោះដោយផ្ទាល់នៅ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការផ្តល់អាហារូបករណ៍ជាង ១ ពាន់កន្លែង របស់ PPI នាពេលនេះ គឺជាភស្តុតាងបង្ហាញពីការរីកចម្រើន និង ភាពជោគជ័យ នៃការអនុវត្តកម្មវិធី TVET 1.5M ដែលកំពុងនាំយកជំនាញ ការងារ និង ក្តីសង្ឃឹមថ្មី ទៅកាន់យុវជនកម្ពុជា ជាពិសេសអ្នកដែលមានជីវភាពខ្វះខាត ឱ្យមានលទ្ធភាពកសាងអនាគតរឹងមាំសម្រាប់ខ្លួនឯង និង គ្រួសារ។

គួរបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ១,៥ លាននាក់ ត្រូវបានផ្ដួចផ្ដើមឡើងដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ដាក់ឱ្យអនុវត្តដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាថា យុវជនកម្ពុជាគ្រប់រូប មានឱកាសទទួលបានជំនាញពិត ការងារពិត និង ប្រាក់ចំណូលសមរម្យ ស្របតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និង អនាគត៕
-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


