ព័ត៌មានជាតិ
កម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ហានស៍ លេអូ ជេ ខាដាក (Hans Leo J. Cacdac) រដ្ឋមន្ត្រីក្រសួងជនទេសន្តរប្រវេសន៍នៃសាធារណរដ្ឋហ្វីលីពីន នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦ និងការត្រៀមរៀបចំវេទិកាអាស៊ានលើកទី១៩ ស្តីពីជនទេសន្តរប្រវេសន៍ (AFML) នាខែតុលាខាងមុខ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូហ្វីលីពីន និងវាយតម្លៃខ្ពស់ចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យការងារ កិច្ចគាំពារជនទេសន្តរប្រវេសន៍ និងសន្តិសុខសង្គម។ លោកក៏បានអបអរសាទរ ហ្វីលីពីន ក្នុងឱកាសធ្វើជាប្រធានអាស៊ានឆ្នាំ២០២៦ និងបញ្ជាក់ការគាំទ្រចំពោះការជំរុញការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ការជ្រើសរើសជនទេសន្តរប្រវេសន៍ប្រកបដោយយុត្តិធម៌ ការទទួលបានការគាំពារសង្គម និងយន្តការដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពសម្រាប់ជនទេសន្តរប្រវេសន៍។

លោក ហេង សួរ ក៏បានលើកទឹកចិត្តឱ្យហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន បន្តតាមដានការវិវត្តនៃស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសផលប៉ះពាល់ផ្នែកមនុស្សធម៌ និងសេដ្ឋកិច្ចសង្គមចំពោះជនទេសន្តរប្រវេសន៍កម្ពុជា។ លោកបានគូសបញ្ជាក់ថា ជនទេសន្តរប្រវេសន៍គួរទទួលបានការការពារពីការរើសអើង ការកេងប្រវ័ញ្ច ការរំខានដល់ការងារ និងធានាសិទ្ធិទទួលបានប្រាក់ឈ្នួល ឯកសារស្របច្បាប់ ការគាំពារសង្គម និងសេវាមូលដ្ឋាន។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះប្រធានាធិបតីហ្វីលីពីន ដែលបានចូលរួមសម្របសម្រួលបន្ធូរបន្ថយភាពតានតឹងផងដែរ។

ជាការឆ្លើយតប លោក ហានស៍ លេអូ ជេ ខាដាក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្រ្តីចំពោះកិច្ចពិភាក្សាដ៏សំខាន់ប្រកបដោយផលិតភាពនេះ ក៏ដូចជាបានបង្ហាញពីផែនការយុទ្ធសាស្រ្តប្រកបដោយចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការចែករំលែកបទពិសោធលើកិច្ចគាំពារជនទេសន្តរប្រវេសន៍។ លោកបញ្ជាក់ថា ជំនួបនេះនឹងជួយពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ខណៈដែលហ្វីលីពីននៅតែបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយកម្ពុជា។

សូមបញ្ជាក់ថា វេទិកាអាស៊ានស្តីពីជនទេសន្តរប្រវេសន៍ (AFML) ជាវេទិកាប្រចាំឆ្នាំដែលមានការចូលរួមពីត្រីភាគី ក្រោមការរៀបចំរបស់គណៈកម្មាធិការអាស៊ានស្តីពីការអនុវត្តសេចក្តីប្រកាសអាស៊ានស្តីពីការការពារ និងលើកកម្ពស់សិទ្ធិជនទេសន្តរប្រវេសន៍ (ACMW) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍ការងារនៅក្នុងតំបន់៕






-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


