ព័ត៌មានជាតិ
រដ្ឋមន្ត្រី ហេង សួរ៖ ជប៉ុនជាដៃគូសំខាន់ក្នុងការអភិវឌ្ឍវិស័យការងារ និង TVET នៅកម្ពុជា

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងឱកាសដែលឯកឧត្តមឯកអគ្គរាជទូតបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

នាឱកាសនោះ លោករដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ច្រើនលើសលប់ដែលសម្រេចបានក្នុងអំឡុងពេលបំពេញបេសកកម្មរបស់លោកឯកអគ្គរាជទូត ដែលជាការចូលរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ជាពិសេសលើវិស័យការងារ សន្តិសុខសង្គម និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ លោករដ្ឋមន្ត្រីក៏បានអបអរសាទរដោយស្មោះស្ម័គ្រចំពោះឯកឧត្តមឯកអគ្គរាជទូតក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅកម្ពុជាប្រកបដោយភាពជោគជ័យ។

លោក ហេង សួរ បានគូសបញ្ជាក់ថា ស្ថានទូតជប៉ុនបានដើរតួនាទីជាស្ពានដ៏សំខាន់ប្រកបដោយទំនុកចិត្តក្នុងការតភ្ជាប់ក្រសួងជាមួយរដ្ឋាភិបាលជប៉ុន អាជ្ញាធរជប៉ុន ទីភ្នាក់ងារអភិវឌ្ឍន៍ និយោជក សមាគមធុរកិច្ច និងស្ថាប័នពាក់ព័ន្ធផ្សេងៗ ព្រមទាំងគូសបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់លោកក្នុងការលើកកម្ពស់ការអភិវឌ្ឍដែលផ្តោតលើប្រជាជន បានប្រែក្លាយភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៅជាអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់និស្សិត សិក្ខាកាម និងសហគមន៍ងាយរងគ្រោះនៅកម្ពុជា។ ពួកគាត់មិនត្រឹមតែទទួលបានប្រាក់ចំណូលពីការងារនៅប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឱកាសលើកកម្ពស់ចំណេះដឹងសម្រាប់ចូលរួមអភិវឌ្ឍន៍ធនធានមនុស្សផងដែរ។

លោករដ្ឋមន្ត្រីបានលើកឡើងពីការគាំទ្រសំខាន់ៗនៃរដ្ឋាភិបាលជប៉ុនក្នុងការបង្កើតឱកាសការងារសម្រាប់ពលករកម្ពុជា ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម ការធ្វើទំនើបកម្មប្រព័ន្ធ TVET និងការផ្តល់ជំនួយសម្រាប់អតីតលករដែលរងផលប៉ះពាល់ពីវិបត្តិព្រំដែនកម្ពុជា-ថៃ និងសម្រាប់បំពាក់ឧបករណ៍បណ្តុះបណ្តាលផ្នែកអគ្គិសនី និងវិស្វកម្មដល់វិទ្យាស្ថានជាច្រើនផងដែរ។ លោកក៏បានទទួលស្គាល់ពីកិច្ចសហការរបស់ក្រុមហ៊ុន Toyota (Cambodia) សមាគមជប៉ុន-កម្ពុជា សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) និងក្រុមហ៊ុនជប៉ុនដទៃទៀត ដែលបានផ្តល់ការបណ្តុះបណ្តាល ឧបករណ៍ កម្មសិក្សា និងឱកាសការងារដល់យុវជនកម្ពុជា។

ជាការឆ្លើយតប លោក អ៊ូអិណុ អាត់ស៊ូស៊ី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាលោក ហេង សួរ ផ្ទាល់ដែលបានផ្តល់ការគាំទ្រ និងសហការយ៉ាងពេញទំហឹងចំពោះកិច្ចការងារពាក់ព័ន្ធទាំងឡាយក្នុងអាណត្តិការងាររបស់លោកនៅកម្ពុជាចាប់តាំងពីខែមករា ឆ្នាំ២០២៣ រហូតទទួលបានសមិទ្ធផលគួរជាទីមោនៈ។ លោក អ៊ូអិណុ ក៏បានរំលឹកពីការដំឡើងកម្រិតទំនាក់ទំនងនៃប្រទេសទាំងពីរ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ តាមរយៈក្របខ័ណ្ឌនៃភាពជាដៃគូនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានកំពុងតែរីកចម្រើនយ៉ាងខ្លាំងលើវិស័យជាច្រើន។

ជាមួយនឹងការថ្លែងអំណរគុណចំពោះលោករដ្ឋមន្រ្តីដែលបានយកចិត្តទុកដាក់ និងការគាំទ្រដល់ប្រទេសជប៉ុន និងសហគមន៍ជប៉ុននៅកម្ពុជា លោក អ៊ូអិណុ បានសំណូមពរដល់លោក ហេង សួរ បន្តផ្តល់កិច្ចសហការ និងការគាំទ្រដល់ឯកអគ្គរាជទូតជប៉ុនថ្មីបន្តទៀត ក្នុងគោលបំណងបន្តរក្សា និងពង្រឹងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ទន្ទឹមនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយឯកអគ្គរាជទូតជប៉ុនថ្មី ដោយផ្តោតលើការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងជូនពរលោក អ៊ូអិណុ ឱ្យប្រកបដោយសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងភារកិច្ចថ្មីនាពេលអនាគត៕


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


