ព័ត៌មានជាតិ
ក្រសួងអប់រំផ្តល់អាទិភាពឱ្យសិស្សថ្នាក់ទី៩ និងទី១២រៀននៅតាមសាលារៀន
ក្រសួងអប់រំយុវជននិងកីឡាបានផ្តល់អាទិភាពទៅលើសិស្សថ្នាក់ទី៩និងទី១២ដែលជាឆ្នាំត្រូវប្រឡងឱ្យរៀននៅតាមសាលារៀន ប៉ុន្តែក្នុងរូបភាពជាការរៀនតាមបណ្ដុំដែលមានចំនួនតិចជាង១៥នាក់ និងផ្លាស់វេនដើម្បីងាយស្រួលក្នុងការបង្រៀន និងការគ្រប់គ្រង។

យោងតាមសេចក្តីណែនាំស្តីពីការបង្រៀន និងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅភូមិសាស្ត្រដែលមានហានិភ័យទាបរបស់ក្រសួងអប់រំចុះថ្ងៃទី៣១ ខែសីហានេះបានឱ្យដឹងថា ដើម្បីធានាបាននូវការបន្តការសិក្សារបស់សិស្សានុសិស្ស-និស្សិត ចាប់ពីខែកញ្ញារហូតដល់ការបិទបញ្ចប់ឆ្នាំសិក្សា២០២០-២០២១នៅខែវិច្ឆិកា ឆ្នាំ២០២១ និងដើម្បីរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សា បឋមភូមិក្នុងខែវិច្ឆិកា និងមធ្យមសិក្សាទុតិយភូមិក្នុងខែធ្នូ ឆ្នាំ២០២១ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនអាចពិនិត្យលទ្ធភាពអនុវត្តការបង្រៀននិងរៀនតាមបណ្តុំអាស្រ័យលើស្ថានភាពធនធាន និងការច្នៃប្រឌិតរបស់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូអ្នកគ្រូនៅភូមិសាស្ត្រដែលធានាថា មិនមានការឆ្លងជំងឺកូវីដ-១៩ ជាពិសេសនៅតាមក្រុង-ស្រុក-ខណ្ឌដែលចាត់ទុកថាមានសុវត្ថិភាព នៅតាមខេត្តមួយចំនួន ឬយ៉ាងហោចណាស់ការរៀនជាបណ្ដុំចំនួនតិចជាង១៥នាក់នៅតាមថ្នាក់រៀន នៅតាមក្រុង-ស្រុក-ខណ្ឌ ដែលគ្មានការឆ្លងជំងឺកូវីដ-១៩។
ក្រសួងអប់រំបានបន្តថា ការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត នៅតាមក្រុង ស្រុក ខណ្ឌ ដែលមានហានិភ័យទាប ដោយអាជ្ញាធររាជធានី ខេត្តត្រូវធ្វើការវាយតម្លៃស្ថានភាពជាក់ស្ដែង និងការអនុវត្តនូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់នានាគណៈអភិបាលរាជធានី ខេត្តត្រូវកំណត់ភូមិសាស្ត្រដែលមានហានិភ័យខ្ពស់ ភូមិសាស្ត្រដែលមានហានិភ័យទាប និងភូមិសាស្ត្រដែលពុំមានការឆ្លងជំងឺកូវីដ១៩។
ចំណែកមន្ទីរអប់រំយុវជន និងកីឡារាជធានី ខេត្ត ត្រូវពិភាក្សាជាមួយគណៈអភិបាលរាជធានី ខេត្ត ដើម្បីជ្រើសរើសសាលាមត្តេយ្យសិក្សា- សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដែលមានលទ្ធភាពបើកដំណើរការឡើងវិញ វាយតម្លៃនិងជ្រើសរើសគ្រឹះស្ថានសិក្សាដែលត្រូវបើកដំណើរការឡើងវិញ ដោយត្រូវរៀបចំយន្តការរៀននិងបង្រៀន និងត្រូវរៀបចំជាផែនការឱ្យបានច្បាស់លាស់ដោយមានការអនុម័តពីអាជ្ញាធររាជធានី ខេត្ត រួចផ្ញើមកក្រសួង ដើម្បីបូកសរុប។
ទន្ទឹមនឹងនេះ ត្រូវបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន ដោយមានការចូលរួមពីមាតាបិតា បុគ្គលិក សុខភិបាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់ព័ត៌មាននិងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដារ។
ជាងនេះទៀត ត្រូវបន្តអនុវត្តកម្មវិធីសិក្សាបង្រួញដោយរៀបចំផែនការបង្រៀនប្រចាំសប្ដាហ៍ និងប្រចាំខែឡើងវិញ ដោយផ្តោតលើខ្លឹមសារមេរៀនសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះក្នុងការបន្តការសិក្សានៅថ្នាក់បន្តបន្ទាប់ទៀតសង្ខេបខ្លឹមសារមេរៀនដោយផ្តោតលើបញ្ញត្តិ ដែលធ្វើឱ្យសិស្សងាយយល់ និងអាចយកទៅអនុវត្តបាន។ បន្តរៀនតាមបណ្ដុំដែលមានចំនួនតិចជាង១៥នាក់ និងផ្លាស់វេនឬការរៀនតាមបែបចម្រុះ។
ចំពោះតំបន់ប្រជុំជន និងទីក្រុងដែលមានការឆ្លងតិច និងមានការចាក់វ៉ាក់សាំងរួចហើយត្រូវវាយតម្លៃតំបន់សិក្សាដើម្បីរៀបចំយន្តការរៀននិងបង្រៀន និងត្រូវរៀបចំជាផែនការឱ្យបានច្បាស់លាស់ដោយមានការអនុម័តពីអាជ្ញាធររាជធានី ខេត្តរួចផ្ញើមកក្រសួងដើម្បីបូកសរុបនិងត្រូវបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀនដោយមានការចូលរួមពីមាតាបិតា និងអាជ្ញាធរមូលដ្ឋាន ដើម្បីផ្ដល់ព័ត៌មាន។
ក្រសួងបានណែនាំថា ត្រូវផ្តល់អាទិភាពទៅលើសិស្សថ្នាក់ទី៩ និងទី១២ ឱ្យរៀននៅតាមសាលារៀន ប៉ុន្តែក្នុងរូបភាពជាការរៀនតាមបណ្ដុំដែលមានចំនួនតិចជាង១៥នាក់ និងផ្លាស់វេនដើម្បីងាយស្រួលក្នុងការបង្រៀន និងការគ្រប់គ្រង។ ចំពោះកម្រិតថ្នាក់ផ្សេងទៀត អាចរៀបចំការរៀនជាបណ្ដុំមិនឱ្យលើសពី១៥នាក់ ទៅតាមស្ថានភាពជាក់ស្ដែង ដោយអាចរៀបចំការរៀនតាមបណ្ដុំនៅសាលារៀន និងបែងចែកវេន ឬបណ្ដុំតាមចម្រុះថ្នាក់ ឬអាចរៀបចំនៅតាមផ្ទះ វត្តអារាមឬកន្លែងសមស្រប រៀបចំចងក្រងបញ្ជីឈ្មោះសិស្សតាមបណ្តុំនិងតាមកម្រិតថ្នាក់នីមួយៗ។ ករណីបណ្ដុំ មាន – សិស្សតិចពេកអាចផ្គួបកម្រិតថ្នាក់ចូលគ្នា ឬអាចផ្គួបគ្នាលើសពី ២កម្រិតថ្នាក់។ត្រូវអនុវត្តការធ្វើតេស្ត និងការវាយតម្លៃការសិក្សាសិស្ស ជាពិសេសថ្នាក់ទី៩ និងទី១២ បានគត់មត់ ក្រោមរូបភាពជាការប្រឡងការធ្វើតេស្តដាក់ពិន្ទុប្រចាំខែត្រីមាសប្រចាំឆ្នាំ។
ចំពោះភូមិសាស្ត្រដែលមានហានិភ័យខ្ពស់អាចរៀបចំឱ្យមានការរៀនជាបណ្ដុំនៅតាមផ្ទះការសិក្សាទៅតាមកន្លែងជាក់ស្ដែងដែលជ្រើសរើសដោយសហគមន៍និងអាជ្ញាធរស្រុកនិងការធ្វើជាបណ្ដុំស្វ័យសិក្សាដោយសិស្សថ្នាក់ខ្ពស់ជួយសិស្សថ្នាក់ទាបជាដើមតែត្រូវតែមានការយល់ព្រមពីមាតាបិតា ឬអ្នកអាណាព្យាបាល និងទាមទារការចូលរួមពីមាតាបិតា ហើយត្រូវអនុវត្តតាមការរៀនតាមសន្លឹកកិច្ចការជំរុញមាតាបិតាក្នុងការជួយលើកទឹកចិត្ត និងស្វ័យសិក្សារបស់សិស្សជាពិសេសសិស្សតូចៗ។

លើសពីនេះទៀត គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវពិនិត្យមើលចាត់វិធានការថែទាំ, លើកកម្ពស់អនាម័យសណ្តាប់ធ្នាប់នៅសាលារៀនទោះបីជាគ្រឹះស្ថានសិក្សាមិនទាន់បើកដំណើរការឡើងវិញក៏ដោយនិងមិនអនុញ្ញាតឱ្យមានការលក់ដូរចំណី ឬអាហារ និងសកម្មភាពហាត់កីឡានៅក្នុងគ្រឹះស្ថានសិក្សានោះទេហើយចំពោះគ្រូបង្រៀនដែលមានអាយុលើសពី៥០ឆ្នាំឡើងទៅ គួរតែបង្រៀនតាមអនឡាញ ឬចែកសន្លឹកកិច្ចការ។
គួរបញ្ចាក់ថា នៅព្រឹកថ្ងៃទី៣១ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារសម្លេងបន្ទាន់មួយណែនាំដល់ក្រសួងអប់រំយុវជន និងកីឡាឲ្យសហការជាមួយបណ្តាខេត្តនានា ដើម្បីពិនិត្យមើលលើការ បើកសាលារៀនឡើងវិញនៅតាមភូមិឃុំដែលមិនមានការឆ្លងជំងឺកូវីដ១៩ និងកន្លែងដែលឆ្លងតិចដោយមិនត្រូវរងចាំការបើកលាសារៀនព្រមគ្នានៅទូទាំងប្រទេសនោះឡើយប៉ុន្តែក៍ត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនជាប្រចាំផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


