ព័ត៌មានជាតិ
អាស៊ានរួមគ្នាដាំកូនឈើ និងជិះកង់ អបអរសាទរទីក្រុងសៀមរាប ជាទីក្រុង វប្បធម៌អាស៊ាន
នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំដាំដើមឈើ និងជិះកង់ក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដើម្បីអបអរសាទរទីក្រុងសៀមរាប ដែលត្រូវបានជ្រើសរើសជា ទីក្រុងវប្បធម៌អាស៊ាន ក្រោមអធិបតីភាព លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត នៃបណ្តាប្រទេសក្នុងតំបន់អាស៊ានប្រចាំកម្ពុជា និងតំណាងស្ថានទូតរបស់ប្រទេសកូរ៉េ និងជប៉ុនផងដែរ។

លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ទីក្រុងសៀមរាបត្រូវបានជ្រើសរើសជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ ២០២១-២០២២ នៅក្នុងកិច្ចប្រជុំលើកទី៩ រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ ហើយការជ្រើសរើសទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន សម្រាប់ឆ្នាំ ២០២១-២០២២នេះ គឺដោយសារទីក្រុងសៀមរាប គឺជាអតីតរាជធានីខ្មែរ សម្បូរទៅដោយប្រាង្គប្រាសាទ និងមរតកវប្បធម៌ជាច្រើន ទាំងរូបី និងអរូបី ហើយក៏ជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រ វប្បធម៌ ធម្មជាតិដ៏ល្បីល្បាញពាសពេញពិភពលោក របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ ពិសេសការកំណត់ទីក្រុងវប្បធម៌អាស៊ាន គឺធ្វើឡើងដើម្បីបង្ហាញពីអត្តសញ្ញាណអាស៊ាន និងភាពផ្សេងគ្នានៃវប្បធម៌របស់ប្រទេសនីមួយៗដែលជាសមាជិកអាស៊ាន។

លោក ហង់ ពៅ បន្តថា ការរៀបចំកម្មវិធីដាំកូនឈើ និងជិះកង់នេះឡើងគ្រាន់តែជាចំណែកក្នុងចំណោមកិច្ចការនានាដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរៀបចំឡើង ដើម្បីបង្ហាញពីតួនាទីនៃទីក្រុងវប្បធម៌អាស៊ាន សម្រាប់ឆ្នាំ២០២១-២០២២ កម្ពុជាធ្វើជាម្ចាស់ផ្ទះប្តូរវេននៃកិច្ចប្រជុំលើកទី៩ រដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្រោមប្រធានបទ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងមាគ៌ាឆ្ពោះទៅមុខសម្រាប់វិស័យវប្បធម៌ និងសិល្បៈ តាមរយៈប្រព័ន្ធវីដេអូ ក្នុងនាមកម្ពុជាជាប្រធានប្តូរវេនកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងវិចិត្រសិល្បៈអាស៊ានលើកទី៩ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ដែលដឹកនាំប្រជុំដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៨មក នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈបានឯកភាពគ្នាឱ្យប្រទេសនីមួយៗដែលជាប្រធានប្តូរវេនដឹកនាំកិច្ចប្រជុំ ជ្រើសរើសទីក្រុងមួយនៃប្រទេសរបស់ខ្លួន ដើម្បីស្នើដាក់ជាទីក្រុងវប្បធម៌អាស៊ាន។
ទីក្រុងវប្បធម៌អាស៊ាន ដែលធ្លាប់បានជ្រើសរើសកន្លងមករួមមាន៖ ១. ទីក្រុង Cebu នៃប្រទេសហ្វីលីពីន ចាប់ពីឆ្នាំ ២០១០ -២០១១ ២. ទីក្រុង Singapore នៃប្រទេស សឹង្ហបុរី ចាប់ពីឆ្នាំ ២០១២-២០១៣ ៣. ទីក្រុង Hue នៃប្រទេសវៀតណាម ចាប់ពីឆ្នាំ ២០១៤-២០១៥ ៤. ទីក្រុង Bandar Seri Begawan នៃប្រទេសប្រ៊ុយណេ ចាប់ឆ្នាំ ២០១៦-២០១៧ ៥. ទីក្រុង Yogyakarta នៃប្រទេសឥណ្ឌូនេស៊ី ចាប់ពីឆ្នាំ ២០១៨-២០២០៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


