Connect with us

ព័ត៌មានជាតិ

ផ្លូវ ៣៤ ខ្សែ នៅក្រុងព្រះសីហនុ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅដើមខែធ្នូខាងមុខ

បានផុស

នៅ

ផ្លូវ ៣៤ខ្សែ និងសមិទ្ធផលមួយចំនួនទៀត នៅក្រុងព្រះសីហនុ គ្រោងនឹងបើកសម្ពោធជាផ្លូវការ នៅដើមខែធ្នូឆ្នាំ ២០២១ ខាងមុខនេះ។

ថ្លែងនៅក្នុងឱកាសចូលរួមធ្វើជាសាក្សី ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាមួយ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន ៤រៀបចំផែនការមេ អភិវឌ្ឍន៍ខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៧វិច្ឆិកា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ផ្លូវ ៣៤ខ្សែ និងសមិទ្ធផលមួយចំនួនទៀតនៅក្រុងព្រះសីហនុ គ្រោងនឹងបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១ខាងមុខនេះ ខណៈបច្ចុប្បន្ននេះ បានដាក់ឲ្យប្រើប្រាស់ជាបណ្ដើរៗ រួចមក។

លោកអភិបាលខេត្ត បានរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើការសម្រេចចិត្តដកថវិកាសន្សំរបស់ជាតិចំនួន ១០០លានដុល្លារ ដើម្បីយកមកធ្វើការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ដោយបានផ្ដល់គោលនយោបាយ “ស្លឹកត្នោត ខ្ចប់ស្ករត្នោត” ប្រើប្រាស់ធនធានក្នុងខេត្ត ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែក្នុងខេត្តព្រះសីហនុ ដែលបានបើកការដ្ឋានកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ នាពេលកន្លងមក ដោយផ្លូវទាំង ៣៤ខ្សែនេះ មានប្រវែង ៨៤,៥០៥គីឡូ ម៉ែត្រ ស្មើជាង ១៤០០០០០ម៉ែត្រការ៉េ ស្ថាបនាដោយក្រុមហ៊ុនក្នុងស្រុកចំនួន ៨ក្រុមហ៊ុន។

លោកអភិបាលខេត្ត បានបន្តថា ចំណែកផ្លូវតភ្ជាប់ពីតំបន់ទំនប់រលក ទៅមហាវិថីសម្តេចសង្ឃទេព វង្ស ភ្ជាប់ទៅផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ដែលនឹងស្ថាបនាអាចរួចរាល់នៅខែ ១០ ឆ្នាំ ២០២២ ការស្ដារអូរប្រឡាយ និងកសាងផ្លូវមួយចំនួនផ្សេងទៀត ក្នុងក្រុងព្រះសីហនុ។

លោកអភិបាលខេត្ត បានបន្តទៀតថា ក្រៅពីនេះខេត្តព្រះសីហនុមានឆ្នេរ ១៧៥គីឡូម៉ែត្រ ក្នុងនោះមានឆ្នេរខ្សាច់ ឆ្នេរភក់ ឆ្នេរកោងកាង និងឆ្នេរថ្ម ហើយក្នុងនោះឆ្នេរ ១៦គីឡូម៉ែត្រ ចាប់ពីកំពង់ផែក្រុងព្រះសីហនុ ទៅពយជំទាវម៉ៅ ជាឆ្នេរលំហរ សាធារណៈ សម្រាប់បងប្អូនដើលេងកម្សាន្ត និងមានឆ្នេរព្រែកត្រែង ទទួលភ្ញៀវទេសចរ។

លោកអភិបាលខេត្ត បានបន្ថែមទៀតថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សម្រេចបានជោគ​ជ័យជាបន្តបន្ទាប់ យើងក៏គិតពីការរៀបចំបេតុង បេទីម ចិញ្ចើមក្រានីត កម្រាលក្រានីត សួនជំរាបទឹក ការដាំរុក្ខ ជាតិ ភ្លើងបំភ្លឺសាធារណៈ ភ្លើងស្តុបចរាចរ និងការបំពាក់កាំម៉េរាសុវត្ថិភាព។ល។ ក្រៅពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក៏មានការរៀបចំសាងសង់ខ្ចូស នៅឆ្នេរអូឈើទាលតាមគំរូប្លង់គោលរបស់គណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាផងដែរ។

លោកអភិបាលខេត្ត បន្តថា នៅតាមបណ្តោយឆ្នេរលំហរសាធារណ: គណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានសាងសង់បន្ទប់ទឹកសាធារណៈចំនួន ៧ កំពុងដាក់ឲ្យដំណើរការ និង២ទៀត ត្រៀមបើកឲ្យដំណើរការ នាពេលខាងមុខ។

លើសពីនេះខេត្ត មានអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ៣ ក្នុងនោះ ២សាងសង់រួច បានដាក់ឲ្យដំណើរការ អាងប្រព្រឹត្តកម្មទី ១ មានសមត្ថភាពច្រោះទឹកកខ្វក់ ៥,២០០ម៉ែត្រគីបក្នុងមួយថ្ងៃ អាងប្រព្រឹត្តកម្មទី ២ មានសមត្ថភាពច្រោះទឹកកខ្វក់ ៧,២០០ម៉ែត្រគីបក្នុងមួយថ្ងៃ និងអាងប្រព្រឹត្តកម្មទី៣ កំពុងដំណើរការសាងសង់ មានសមត្ថភាពច្រោះទឹកកខ្វក់បាន ២០,០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ហើយសមិទ្ធផលទាំងអស់នេះ បានធ្វើឲ្យខេត្តព្រះសីហនុប្រែមុខមាត់ថ្មី ដែលរាជរដ្ឋាភិ បាលកំណត់យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នាពេលខាងមុខ៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម