Connect with us

ព័ត៌មានជាតិ

លោក អ៊ិត សំហេង៖ រណសិរ្ស២ធ្នូ មិនត្រឹមតែជួយ​សង្គ្រោះអាយុជីវិតពលរដ្ឋទេ ថែមទាំងជួយស្តារសង្គមជាតិឱ្យប្រែមុខមាត់ថ្មី

បានផុស

នៅ

លោកបណ្ឌិត អ៊ិត សំហេង ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រសួងការងារនិង​​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានលើកឡើងថា រណសិរ្ស២ធ្នូ មិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឲ្យចាកចេញ​ពី​មហន្តរាយនៃរបបអាវខ្មៅប៉ុណ្ណោះទេ ប៉ុន្តែបានជួយស្តារកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យមានការកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់រហូតទទួលបានសុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

លោកបណ្ឌិត អ៊ិត សំហេង បានលើឡើងបែបនេះក្នុងពិធីសំណេះសំណាលខួបអនុស្សារីយ៍លើកទី៤៣ ទិវាកំណើត​​រណសិរ្ស​សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ដោយមានអ្នកចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូអនឡាញផងប្រមាណជាង៣០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត អ៊ិត សំហេង បានបន្តថា ទន្ទឹមនិងការចាប់បដិសន្ធិ រណសិរ្ស២ធ្នូ សហព័ន្ធសហជីពឯករាជ្យកម្ពុជា មានឈ្មោះដើមហៅថា “សហជីពកម្មករសង្គ្រោះជាតិកម្ពុជា ” បានបង្កើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ គឺព្រមគ្នាជាមួយ​រណៈសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា បានប្រមូលផ្តុំកម្លាំងប្រជាពលរដ្ឋនៅតាមជាយក្រុងដែលទើបនិងរំដោះរួចពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើយ៉ាងណាធានានូវជីវភាពរស់នៅបានដោយបង្កបង្កើនផលកសិកម្ម។

លោកបណ្ឌិតមានប្រសាសន៍បន្តថា ស្មារតី២ធ្នូ ១៩៧៨ ដែលជារណសិរ្សនៃកម្លាំងមហាជនអ្នកស្នេហាជាតិគ្រប់និន្នាការនយោបាយ ដឹកនាំបង្កើតដោយសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន សម្តេចអគ្គមហាពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរំដោះប្រទេសជាតិចេញពីរបបប៉ុល ពត ប្រល័យពូជសាសន៍នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ផ្តើមចេញពីវីរភាពដ៏អង់អាចក្លាហាននេះ ទើបរណសិរ្សទាំងមូលអាចទទួលបានជ័យជម្នះ ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ដើម្បីបុព្វហេតុសាមគ្គីភាព ឯកភាព ការកសាងការស្តារ ការការពារ និងអភិវឌ្ឍប្រទេសជាតិ និងជីវភាពរស់នៅរបស់ប្រជាជនដែលយើងចាត់ទុកថា ជាបុព្វការី ពុំអាចបំភ្លេចបាន សមនឹងពាក្យស្លោកថា “មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានជីវិតយើងទាំងអស់គ្នា និងមានអ្វីទាំងអស់ដូចសព្វថ្ងៃនេះ”។

លោក​បណ្ឌិត ក៏បានលើកឡើងពីប្រវត្តិខ្លះៗ នៅក្នុងដំណាក់កាលជាប្រវត្តិសាស្ត្រ សហជីពកម្មករសង្គ្រោះជាតិកម្ពុជា
ត្រូវបានផ្លាស់ប្តូរឈ្មោះជាបន្តបន្ទាប់ ដំបូងដឹកនាំដោយលោក មាស សំណាង ពីឆ្នាំ១៩៧៨ ដល់ឆ្នាំ១៩៨០ លោក ហេង ទាវ ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៣ ។ លោក ម៉ាត់ លី ជាប្រធានសហព័ន្ធសហជីពកម្ពុជា ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៨។ លោកជំទាវ ម៉ែន សំអន ជាប្រធាន ពីឆ្នាំ១៩៨៨ ដល់ឆ្នាំ១៩៩៥ ។ លោក អ៊ិត សំហេង ជាសមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានមន្ទីរសហព័ន្ធសហជីពកម្ពុជា ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៨។

លោកបណ្ឌិតបានបន្តទៀតថា ក្នុងការបង្កើតចលនាសហជីពនៅជំនាន់នោះ ក្នុងស្ថានភាពចេញពីបាតដៃទទេកម្មករ​និយោជិតទាំងចាស់ទាំងថ្មី ដោយមានការជួយឧបត្ថម្ភ និងគាំទ្រពីចលនាកម្មករអន្តរជាតិជាមិត្តជិតឆ្ងាយ បានសាមគ្គីបំពេញភារៈកិច្ចរបស់ខ្លួនក្នុងចលនាស្នេហាជាតិយ៉ាងសស្រាក់សស្រាំទូទាំងប្រទេស។ ដើម្បីឲ្យស្របទៅតាមការអនុវត្តច្បាប់ស្តីពីការងារឆ្នាំ១៩៩៧ ដោយចង់រក្សាប្រវត្តិសកម្មភាពរបស់សហព័ន្ធសហជីពកម្ពុជា និងធ្វើជាបង្អែកឲ្យចលនាកម្មករនិយោជិត និងសហជីពកម្ពុជាតាមរូបភាពថ្មីក្នុងសភាពការណ៍ថ្មីរបស់ប្រទេស ចាំបាច់ត្រូវមានការប្រែប្រួលរូបភាពពីអង្គការចាត់តាំង គឺរំលាយសហព័ន្ធសហជីពកម្ពុជា និងចាត់តាំងឡើងនូវ វិទ្យាស្ថានអភិវឌ្ឍន៍ការងារកម្ពុជា
និងបណ្តុះបណ្តាល។ ឆ្នាំ១៩៩៧ បានធ្វើសកម្មភាពដោយបង្កើតសហជីពមូលដ្ឋាននៅក្នុងវិទ្យាស្ថានអភិវឌ្ឍន៍ការងារកម្ពុជា និងបណ្តុះបណ្តាល។

ការពង្រីក និងពង្រឹងសកម្មភាពចលនាសហជីពរបស់កម្មករនិយោជិត និងសកម្មភាពរបស់សហជីពបានជាបន្តបន្ទាប់ ធានាបាននូវគុណភាពរហូតបង្កើត «សហជីពឯករាជ្យកម្ពុជា » បាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩៩ បញ្ជិកាលេខ​៦៧សកបយ/អក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៩៩ របស់ក្រសួងសង្គមកិច្ចការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទា។ បន្ទាប់មកចុះកសាងសហជីពនិងពង្រឹកសកម្មភាពសហជីពនៅតាមវិស័យកាត់ដេរសម្លៀកបំពាក់ និង​ស្បែក​ជើង ចំការកៅស៊ូ កំពង់ផែខេត្តព្រះសីហនុ និងក្លឹបកំសាន្ត សរុបបានសហជីពឯករាជ្យកម្មករកម្ពុជាចំនួន៣៦មូលដ្ឋាន។

លុះដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរដល់សហជីពដោយមានការយកចិត្តទុកដាក់ពីលោកជំទាវ ម៉ែន សំអន អតីតប្រធានសហព័ន្ធសហជីពកម្ពុជា បច្ចុប្បន្នជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមានការជួយជ្រោមជ្រែងយ៉ាងមុតមាំពីលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ តាំងពីមុនរហូតដល់បច្ចុប្បន្ន ។

នាឱកាសនោះដែរ លោកបណ្ឌិត ក៏ផ្តល់អនុសាសន៍ដល់អង្គការសហជីពត្រូវចងចាំថា សហជីពនៅកម្ពុជាបានបដិសន្ធិឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ ដូចនេះត្រូវមានក្រុមការងាររៀបចំចងក្រងនូវប្រវត្តិនេះទុកជាឯកសារ ដើម្បីប្រើប្រាស់ទុកជាប្រយោជន៍ដល់សហជីពជំនាន់ក្រោយ បានស្រាវជ្រាវសិក្សាស្វែងយល់ ដើម្បីទុកជាឧត្តមប្រយោជន៍រួមរបស់ជាតិយើង។ ទន្ទឹមនេះ ត្រូវបង្កើតមូលនិធិសហជីព២ធ្នូ ៧៨ ដើម្បីចូលរួមចំណែកក្នុងការជួយដល់អតីតអ្នកសហជីព និងអ្នកសហជីពបច្ចុប្បន្នដែលចាស់ជរា និងជួបទុក្ខលំបាកផ្សេងៗ និងអាចជួយដល់សកម្មជនសហជីព និងកម្មករនិយោជិតដែលបានជួបនូវបញ្ហាលំបាកផ្សេងៗ។

លោកបណ្ឌិតបានសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអតីតសហការីសហជីពទាំងអស់ដែលបាន ចូលរួមចំណែកធ្វើឱ្យប្រទេសជាតិទទួលបានសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរហូតមកដល់បច្ចុប្បន្ន។

លោកបណ្ឌិតស្នើសុំឱ្យបងប្អូនសហជីពទាំងអស់ បន្តចូលរួមចំណែកក្នុងសកម្មភាព សង្គមនានា ថែមទៀត ជាពិសេស​ការចូលរួមការពារសិទ្ធ និងអត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិត តាមរយៈការចូលរួមជំរុញ និងតាមដានការអនុវត្តអនុសាសន៍គន្លឹះទាំង១០ចំណុចរបស់សម្តេចនាយករដ្ឋមន្រ្តី ដែលបានដាក់ចេញក្នុងអំឡុងពេលជួបសំណេះសំណាល
ចំនួន៧៧ លើកកន្លងមក ជាមួយបងប្អូនកម្មរនិយោជិតជាងមួយលាននាក់សំដៅពង្រឹងសុដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ លើកកំពស់លក្ខខណ្ឌការងារការពារសិទ្ធិការងារ និងផ្តល់អត្ថប្រយោជន៍ដ៏ច្រើនដល់កម្មករនិយោជិតយើង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម