Connect with us

ព័ត៌មានជាតិ

ខេត្តក្រចេះ​ជាប់​ដង​ទន្លេ សំបូរ​ធនធានធម្មជាតិ ​​ទេសចរ​ឆ្ងាយ​ជិត​ចង់​ស្គាល់

បានផុស

នៅ

ខេត្ត​ក្រចេះ​ស្ថិត​នៅ​ជាប់​ដង​ទន្លេ​មេគង្គ ហើយ​ជា​ខេត្ត​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍។ ភាពស្រស់ត្រកាល និងភាពសំបូរបែបនៃធនធានធម្មជាតិ ​បានទាក់ទាញ​ភ្ញៀវទេសចរមកកម្សាន្ត​សម្រាកលំហែកាយ និងចង់ដឹងចង់ស្គាល់តំបន់​ដែល​​មាន​ទេសភាពល្អស្អាតនៅក្នុងខេត្តនេះ។ 

លោក​ចាន់ សុគន្ធី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ក្រចេះ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា នៅក្នុង​ខេត្ត​ក្រចេះ​មាន​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​​សរុប​ចំនួន ២០កន្លែង ក្នុងនោះរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមាន​ ០៥កន្លែង រមណីយដ្ឋានធម្មជាតិមាន​ ១១កន្លែង​ រមណីយដ្ឋានវប្បធម៌ធម្មជាតិមាន ០១កន្លែង កែច្នៃចំនួន ០៣កន្លែង និងរមណីដ្ឋានបម្រុងទុកចំនួន ០១កន្លែង (សហគមន៍អេកូទេសចរណ៍ទឹកជួរតាចោរក្រហមករ)។

តំបន់ទេសចរណ៍​ដ៏ពេញនិយម​ទាំង ២០ កន្លែងនៅ​ខេត្ត​ក្រចេះ​​មាន​ដូចជា៖

១. រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត

វត្តសសរ១០០
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

-វត្តសសរ១០០៖ មាន​ទីតាំង​ស្ថិត​នៅភូមិសំបូរ ឃុំ​សំបូរ ស្រុក​សំបូរ ​ចម្ងាយផ្លូវ ៣៦​គីឡូម៉ែត្រ ពី​ទីរួមខេត្តក្រចេះ។ វត្ត​សសរ ១០០ ជា​កន្លែង​គោរព​បូជា​តាម​បែប​ជំនឿ​ព្រះពុទ្ធសាសនា។ ភ្ញៀវទេសចរទៅកម្សាន្តតែងតែទៅអុជធូបបន់ស្រន់​សុំ​សេចក្តី​សុខ និង​ទស្សនា​ទិដ្ឋភាពស្រស់ស្អាតនៃព្រះវិហារ ដែលមាន​ដំណាល​រឿង​ពាក់ព័ន្ធនឹង “បុត្រី​ព្រះបាទ​ចន្ទរាជា​(ចេតីយ៍​ព្រះនាងក្រពុំឈូក) និង​ក្រពើ​នេនធន (វត្តវិហារ​គោកដែលស្ថិតនៅខាងកើត​វត្ត​វិហារ​សសរ១០០ ចម្ងាយ​៥០០​ម៉ែត្រ)​។

ភ្នំសំបុក

– ភ្នំសំបុក ៖ មានទីតាំង​ស្ថិត​នៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ​ចម្ងាយ​ផ្លូវ​១០​គីឡូម៉ែត្រ ពី​ទីរួម​ខេត្ត​ក្រចេះ ហើយ​ក៏​ជាទីកន្លែងគោរព​សក្ការៈបូជា និង​ធ្វើ​វិបស្សនា​សមាទាន​សីល។ ម្យ៉ាងទៀត​ភ្ញៀវទេសចរ​អាច​ឈរ​លើ​កំពូល​ភ្នំ​គយគន់ ទេសភាព​​​ជុំវិញ​និង​ដងទន្លេមេគង្គ​ដ៏ស្រស់ស្អាត។

វត្តវិហាររកាកណ្តាល

– វត្ត​វិហារ​បុរាណ​រកាកណ្តាល៖ មាន​ទីតាំង​ស្ថិត​នៅ​ភូមិរកា​កណ្តាល សង្កាត់​រកា​កណ្ដាល ក្រុង​ក្រចេះ។ វិហារបុរាណនេះ សាងសង់​ពី​ឈើប្រក់ក្បឿង​មាន​អាយុកាល​ជាង ២០០ ឆ្នាំ រចនាប័ទតាមបែបបុរាណគួរឲ្យចង់​គយគន់ រួមទាំង​នៅជិតមាត់​ទន្លេ​អាច​ស្រូប​យក​ខ្យល់អាកាស​ធម្មជាតិ​នៅ​ទី​នោះ។

– ភ្នំ​សុពណ៌​កាឡី៖ មានទីតាំង​ស្ថិតនៅភូមិ​ចំបក់ ឃុំចំបក់ ស្រុក​ព្រែកប្រសព្វ ចម្ងាយ ៤៥គីឡូម៉ែត្រពី​ទីរួម​ខេត្តក្រចេះ។ តំបន់​រមណីយដ្ឋាន​មួយ​នេះ​ ជា​កន្លែង​គោរព​សក្ការៈ​បូជា ក៏ដូចជា​ទីកន្លែង​បន្ធូរ​អារម្មណ៍​តានតឹង​ព្រោះ​នៅ​ជុំវិញ​ជើង​ភ្នំ​រំ​ព័ទ្ធ ទៅ​ដោយ​ផ្ទះ​ប្រជាពលរដ្ឋ និង​ចម្ការ​ស្រែ ព្រមទាំង​ដងទន្លេ​ដ៏​ស្រស់​ស្អាត​មាន​ភាព​ទាក់ទាញ ហើយ​ម្យ៉ាងវិញទៀត​ក៏​មានរឿង​ដំណាល​ពាក់ព័ន្ធ​ទៅ​ក្រពើ​សុពណ៌​កាឡី​ដែលជា​ឈ្មោះ​ភ្នំ​នេះ​ផង​ដែរ។

 – ប្រាសាទ​ប្រាំ៖ មាន​ទីតាំង​ស្ថិត​នៅភូមិចង្អង់ ឃុំចង្កង់ ស្រុកចិត្របុរី មាន​ចម្ងាយ​ផ្លូវ​១៨​គីឡូម៉ែត្រ ពី​ទីរួមខេត្តក្រចេះ។ ទីនេះ​ជាទីតាំង​ប្រាសាទ​សាងសង់​តាំងពីសម័យចេនឡា បច្ចុប្បន្នប្រាសាទ​ទាំងនេះ​បាក់បែកនិង​កប់​ក្នុង​ដី​ស្ទើរ​ទាំងស្រុង នៅ​សល់តែ​បំណែក​តិចតួច​តែប៉ុណ្ណោះ។

២. រមណីយដ្ឋានធម្មជាតិ

អន្លង់ផ្សោត

– អន្លង់ផ្សោត៖ មាន​ទីតាំងស្ថិតនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី​ មាន​ចម្ងាយ​ផ្លូវ ៦៥ គីឡូម៉ែត្រ​ពី​ទីរួមខេត្តក្រចេះ។ ភ្ញៀវទេសចរ​អាច​ជិះ​ទូក​កម្សាន្ត​ទស្សនា​សត្វផ្សោត​ដ៏កម្រក្នុងដង​ទន្លេ​មេគង្គ និង​អាច​ទិញ​វត្ថុ​អនុស្សាវរីយ៍ រូបចម្លាក់​សត្វ​ផ្សោត ឬចម្លាក់​ផ្សេងៗ​ដែល​ជា​ស្នាដៃ​ផ្ទាល់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងសហគមន៍​នៅ​តំបន់​នេះ។

-រមណីយដ្ឋាន​ទឹកជួរ​ទន្លេ​មេគង្គ-កាំពី៖ មានទីតាំង​ស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី មាន​ចម្ងាយផ្លូវ១៦គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​ក្រចេះ។ ភ្ញៀវ​ទេសចរ​អាច​សម្រាក​លំហែ​កាយ​នៅ​តាម​រោង​ទឹក​ ដែល​សាងសង់​ជាជួរ​នៅ​លើ​ផ្ទៃ​នៃ​ដង​ទន្លេមេគង្គ ក៏ដូចជា​ទទួលទាន​អាហារ​ស្រស់ៗថ្មីៗ​ដ៏​មាន​ឱជារស ដែល​ជា​ស្នាដៃ​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុងតំបន់​នោះ រួមផ្សំ​នឹង​ស្តាប់​សម្លេង ទឹក​ហូរ​បែប​ធម្មជាតិ​ពិតៗ។

ទឹកជួរកាំពី

-កោះយ (កោះព្រហ្មចារី)៖ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ជ្រោយបន្ទាយ ឃុំ​ជ្រោយបន្ទាយ​ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ មាន​ចម្ងាយផ្លូវ ១៧ គីឡូម៉ែត្រ ពី​ទីរួម​ខេត្ត​ក្រចេះ។ ជា​កោះ​ដែល​ស្ថិត​នៅ​ខាងលិច នៃ​រមណីយដ្ឋាន​ទឹកជួរ​ទន្លេមេគង្គ-កាំពី។ យើងអាចធ្វើដំណើរ​ទៅទីនោះ​ដោយ​ជិះ​ទូក​នៅត្រង់​ចំណុច​អន្លង់ផ្សោត​កាំពី​ចម្ងាយ១គីឡូម៉ែត្រ។ ទីនោះ​ក៏​ជា​ទីកន្លែង​ដែល​ល្អ​សម្រាប់​ពិកនិច ឬ បោះតង់។

-ព្រែក​ជ្រៃមាំង (ជា​តំបន់​បម្រុង​ដែល​ត្រៀម​នឹង​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ)៖ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ ២ធ្នូ ឃុំ២ធ្នូ ស្រុក​ស្នួល មាន​ចម្ងាយ​ ៩៥គីឡូ ម៉ែត្រ​ពី​ទី​រួម​ខេត្ត​ក្រចេះ។ ភ្ញៀវ​ទេសចរ​អាច​ងូត​ទឹក​កម្សាន្ត ឬ​ទទួល​ទាន​អាហារ គយគន់​ទឹកធ្លាក់នៅ​ទីនោះ។

 – ឆ្នេរ​ខ្សាច់​រកាកណ្តាល៖ មាន​ទីតាំង​ស្ថិត​នៅភូមិ​រកា​កណ្តាល សង្កាត់​រកា​កណ្តាល ក្រុង​ក្រចេះ។ ឆ្នេរ​ខ្សាច់​មួយ​នេះ​ស្ថិត​នៅ​ប្រប​មាត់​ច្រាំង​ទន្លេ​ខាង​កើត ភ្ញៀវ​ទេសចរ​អាចហែលទឹកទទួល​ទាន​អាហារ គយគន់ថ្ងៃលិច​ដ៏​ស្រស់ស្អាត។

-តាព្រហ្ម (ជា​តំបន់​បម្រុង​ដែល​មនី្ទរត្រៀម​នឹង​ចុះធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ)៖ មាន​ទីតាំង​ស្ថិត​នៅភូមិ​ឃ្សឹម ឃុំ​ឃ្សឹម ស្រុក​ស្នួល ចម្ងាយផ្លូវ៦៥គីឡូ​ម៉ែត្រ​ពី​ទីរួម​ខេត្ត​ក្រចេះ។ ភ្ញៀវ​ទេសចរ​អាច​ងូតទឹក​កម្សាន្ត ឬ​ទទួលទាន​អាហារ​គយគន់​ទឹក​ហូរ​នៅទីនោះ។

-កោះ​ទ្រង់ ៖ មាន​ទីតាំងស្ថិតនៅភូមិក្បាលកោះ សង្កាត់​កោះទ្រង់ ក្រុង​ក្រចេះ ចម្ងាយ​០១​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​ក្រចេះ (កោះ​ទល់​មុខ​ក្រុងក្រចេះ)។ នៅទីនោះ​គឺជា​សហគមន៍ អេកូ​ទេសចរណ៍​ធម្មជាតិ ។ ភ្ញៀវ​ទេសចរ​អាច​ស្នាក់នៅ ទទួល​ទាន​​អាហារ​ក្នុង​តំបន់ ជិះ​កង់ រទេះ​សេះ រទេះ​គោ កម្សាន្ត​ជុំវិញកោះ មើល​ជីវភាព​ប្រជាជន​នៅលើកោះ មើល​តំបន់អភិរក្ស សត្វ​ជ្រឹង និង​ដាំកូន​ឈើនៅទីនោះ។

កោះទ្រង់

-កោះផ្តៅ៖ មានទីតាំងស្ថិតនៅ​ភូមិ​សំភិន ឃុំ​កំពង់ចាម ស្រុកសំបូរ  មានចម្ងាយ ៤២ គីឡូម៉ែត្រ ពី​ទីរួមខេត្តក្រចេះ។ ភ្ញៀវ​ទេសចរ​អាចស្នាក់នៅ ទទួល​ទានអាហារក្នុងតំបន់ និង​ទស្សនា​ព្រៃ​សហគមន៍។

-ទំនប់​ជីវ៉ើន​៧៩ (ជា​តំបន់​បម្រុង​ដែល​មនី្ទរ​ត្រៀម​នឹង​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ)៖ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​រហា ឃុំ​ស្រែចារ ស្រុក​ស្នួល ចម្ងាយ ៩៤គីឡូម៉ែត្រ ពី​ទីរួម​ខេត្តក្រចេះ។ ភ្ញៀវ​ទេសចរ​អាច​ហែល​ទឹក​លេង និង​ទទួលទាន​អាហារ​នៅ​ទីនោះ។

កោះសាមសិប

-សហគមន៍​អេកូ​ទេសចរណ៍​កោះ​សាមសិប៖ មាន​ទីតាំង​ស្ថិតនៅ ភូមិ​កោះ​ខ្ញែរ និង់​ភូមិ​ពន្ធជា ឃុំ​អូរគ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ។ ភ្ញៀវ​ទេសចរ​អាច​ជិះទូក​មើល​ទេសភាព​ជុំវិញកោះ និង​មើល​សត្វ​ស្លាប ឬ​បោះតង់​នៅ​លើ​កោះ​ដ៏​ស្រស់ស្អាត។

-សហគមន៍​អេកូ​ទេសចរណ៍ តា​ចោរ​ក្រហម​ក (កំពុង​រៀបចំ​សិក្សា​ចងក្រងជាសហគមន៏)​៖  មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​កំពង់​ព្នៅ ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ ចម្ងាយ​ ៩០ គីឡូម៉ែត្រ​តាម​ផ្លូវជាតិលេខ៧ ពី​ទីរួមខេត្ត​ក្រចេះ។ តំបន់នេះ​ភ្ញៀវ​ទេសចរ​អាច​ទស្សនា​ទឹកជួរ​ដ៏​ស្រស់​ស្អាត ជិះ​ទូក​កម្សាន្ត គយគន់​មើល​សត្វ​ស្លាប​ច្រើន​ប្រភេទ ការ​ដើរ​ព្រៃ ព្រម​ទាំង​អាច​បោះតង់​បាន​។

៣. រមណីយដ្ឋានវប្បធម៌ធម្មជាតិ

– ព្រៃគគីរ​ភ្នំព្រះ (ជា​តំបន់​បម្រុង​ដែល​មនី្ទរត្រៀម​នឹង​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ​)៖ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ជ្រោយ​ថ្ម ឃុំ​ឆ្លូង ស្រុក​ស្រុក​ឆ្លូង ចម្ងាយ​៣៤ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​ក្រចេះ។ តំបន់​រមណីយដ្ឋាន​មួយ​នេះ ជា​កន្លែង​គោរព​សក្ការបូជា ក៏ដូចជា ទីកន្លែង​ដែល​បន្ធូរ​អារម្មណ៍​តានតឹង​ដោយ​គយគន់​ទេសភាព​ជុំវិញ​ជើងភ្នំ។

៤. កែច្នៃ

– កោះសុក្រម៖ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ដា ឃុំដា ស្រុក​ចិត្របុរី ចម្ងាយ​១២គីឡូម៉ែត្រ​ពី​ទីរួម​ខេត្តក្រចេះ។ នៅទីនេះ​គឺ​ជា​បឹង​រំលៀច​ដែល​មាន​ប្រភព​ទឹក​ធំ ហើយ​មាន​រោងអង្គុយ កម្សាន្ត​គយគន់​ទេសភាព​បែប​ធម្មជាតិ​នៅ​តំបន់​ជុំវិញ​នោះ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ វិនាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤២ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ២ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

កីឡា៣ ម៉ោង មុន

ក្លិប Fenerbahce ពិចារណាដកខ្លួនពីលីគតួកគី ជុំវិញការវាយប្រហារលើកីឡាករ

Sokha Hotels

ព័ត៌មានពេញនិយម