ព័ត៌មានជាតិ
បណ្ឌិត ម៉ី កល្យាណ៖ ចំណាយពេល ២០ឆ្នាំ កសាងវិស័យសូត្រខ្មែរ នឹងទទួលបានលទ្ធផលចុងឆ្នាំ ២០២២
លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានប្រាប់កម្ពុជាថ្មីថា កិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាង ២០ឆ្នាំកន្លងទៅ លើវិស័យសូត្រ នឹងទទួលបានលទ្ធផលនៅចុងឆ្នាំ ២០២២ខាងមុខនេះ។

លោកបានបង្កើតក្រុមការងារ និងមជ្ឈមណ្ឌល ខ្មែរសៀល សេនធើ(Khmer Silk Center) នៅទីតាំងសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីសិក្សាស្រាវជ្រាវ និងអភិវឌ្ឍវិស័យនេះ។ បើតាមលោក បណ្ឌិត ម៉ី កល្យាណ រហូតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេស ដែលលោកបង្កើតឡើង មានបទពិសោធន៍គ្រប់គ្រាន់ ក្នុងកិច្ចការងារនេះ ហើយកំពុងដំណើរការទៅមុខ។

មន្ត្រីជាន់ខ្ពស់ និងជាអ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានគូសបញ្ជាក់ថា មជ្ឈមណ្ឌល Khmer Silk Center មានពិសោធន៍ និងចិញ្ចឹមដង្កូវនាងទទួលបានជោគជ័យ។ លោកថា« ពីដើមឡើយ នៅស្រុកយើងចិញ្ចឹមដង្កូវនាង ១០០ក្បាល គឺងាប់ ៨០ក្បាលហើយ ចំណែកដង្កូវដែលនៅរស់គឺស្គមៗ និងឈឺ»។

ប៉ុន្តែបច្ចុប្បន្នមានការចិញ្ចឹមច្បាស់លាស់ មានទាំងធនធាន និងសម្ភារៈ ពោលគឺមានគ្រូបង្រៀន និងសិស្សប្រមាណ ១០០នាក់ លើផ្នែកជីវវិទ្យា ផ្តោតសំខាន់លើការចិញ្ចឹមដង្កូវនាង។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត ម៉ី កល្យាណ។ លោកបន្តថា សព្វថ្ងៃ យើងមានទាំងអ្នកបច្ចេកទេស និងពូជដង្កូវនាង ៤០ប្រភេទ។ អ្នកបច្ចេកទេសកម្ពុជា ស្គាល់ពីប្រភេទដង្កូវនាងច្បាស់ ដូច្នេះមិនពិបាកក្នុងការចិញ្ចឹមមើលថែ ដូចពីមុននោះទេ។

បច្ចុប្បន្ន លោកបណ្ឌិត ម៉ី កល្យាណ បានបង្កើតក្រុមការងារដាំដើមមន នៅខេត្តមណ្ឌលគិរី គិតមកដល់ពេលនេះ មានរយៈពេល ២ឆ្នាំហើយ។ ខេត្តរតគិរី ជាខេត្តនៅភូមិភាគឦសាន្ត មានអាកាសធាតុត្រជាក់អំណោយផលក្នុងការដាំមន និងចិញ្ចឹមដង្កូវនាង។

នៅខេត្តមណ្ឌលគិរី ក៏មានជនជាតិភាគតិចច្រើន ដែលចង់ធ្វើកិច្ចការងារនេះ ជាមួយក្រុមអ្នកជំនាញ។ បច្ចុប្បន្ន មានកសិករប្រមាណ ១០០គ្រួសារហើយ ដែលកំពុងដាំដើមមន ដើម្បីផ្គត់ផ្គង់ឲ្យដង្កូវនាង។
នៅរដូវភ្លៀងអំឡុងខែ ឧសភា កសិករ នឹងចាប់ផ្តើមដាំមនបន្ថែម ដោយទទួលបានពូជពីមជ្ឈមណ្ឌល Khmer Silk Center ដើម្បីយកទៅដាំនៅតាមផ្ទះនីមួយៗ។

បើតាមលោកបណ្ឌិត ម៉ី កល្យាណ « ក្រៅពីដង្កូវនាង ដើម្បីធ្វើសូត្រ សព្វថ្ងៃយើងក៏មានមន ដែលល្អៗ ហើយយើងក៏មានម៉ាស៊ីនសម្រាយសូត្រដែរ ដែលអង់គ្លេសគេហៅ R&D (Research and Development)… ការស្រាវ និងអភិវឌ្ឍនេះ គឺជារឿងសំខាន់ មានន័យថា យើងស្វែងរកប្រជាពលរដ្ឋ និងវិស័យឯក សហការក្នុងការធ្វើរឿងនេះ ដោយយើងឲ្យមនទៅគាត់ដាំ និងដង្កូវនាងគាត់ចិញ្ចឹម ដើម្បីបានសម្បុកដង្កូវនាង សម្រាប់ផ្គត់ផ្គង់ទីផ្សារ»។

លោកបណ្ឌិត សង្ឃឹមថា នៅចុងឆ្នាំ ២០២២ នឹងទទួលបានសមិទ្ធផលសូត្រពីសម្បុកដង្កូវនាង តាមរយៈការខិតខំប្រឹងប្រែង អាចបាន ១តោន ឬតាមការជាក់ស្តែង ។ បច្ចុប្បន្ន សម្បុកដង្កូវនាង អាចលក់បាន ១គីឡូ ៥ទៅ ៦ដុល្លារ។

មជ្ឈមណ្ឌល Khmer Silk Center បានការសម្រុកលើកិច្ចការងារនេះ ដើម្បីត្រៀមចូលទីផ្សារ ក្រោយចប់កូវីដ-១៩ មានភ្ញៀវទេសចរឡើងវិញ ។
គម្រោងធ្វើនេះ នឹងធ្វើចេញជាសរសៃសូត្រ តែមិនទាន់ចេញជាលទ្ធផលសម្រេច ដូចជា កាបូប ហូល ផាមួង នៅឡើយទេ ប៉ុន្តែកំពុងចរចាធ្វើកិច្ចការងារនេះ។ នេះជាការគូសបញ្ជាក់របស់លោកបណ្ឌិត ម៉ី កល្យាណ។
តាមការស្រាវជ្រាវរបស់លោកបណ្ឌិត នៅកម្ពុជា ពុំទាន់មានការចិញ្ចឹមដង្កូវនាង និងធ្វើការលើកិច្ចការងារនេះច្រើននៅឡើយ។ តាមការសន្និដ្ឋាន នៅថ្ងៃខាងមុខ កម្ពុជា នឹងអាចផលិតសូត្របាន ចាប់ពី ១តោន ឡើងទៅតាមរយៈក្រុមការងារ ខ្មែរសៀល សេនធើ។

កម្ពុជា បាននាំចូលសូត្រឆៅ ប្រមាណ ៤០០ ទៅ ៥០០តោន ក្នុងមួយឆ្នាំ ដើម្បីផលិតទៅជាផលិតផលសិប្បកម្ម សម្រាប់នាំចេញទៅកាន់ទីផ្សារធំៗ ដែលរួមមាន ប្រទេសថៃ វៀតណាម ចិន និងជប៉ុនជាដើម។ ជប៉ុន បានក្លាយជាទីផ្សារនាំចូលផលិតផលសូត្រដ៏ធំបំផុតរបស់កម្ពុជានៅឆ្នាំ២០២០ ដែលមានទំហំទឹកប្រាក់រហូតដល់ ១,៥ លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងកិច្ចពិភាក្សាការងារជាមួយ លោក Fumiaki TAKAHASHI ប្រធានសមាគមជប៉ុន-កម្ពុជា កាលពីថ្ងៃទី ០៣ ខែកុម្ភៈ។

លោកបណ្ឌិត ម៉ី កល្យាណ បានរំឮកពីប្រវត្តិនៃសូត្រថា ចិនគឺជាប្រទេសដំបូងគេ ដែលប្រឡូកក្នុងវិស័យសូត្រនេះ ពោលគឺរាប់ពាន់ឆ្នាំមកហើយ។ បន្ទាប់ពីសេដ្ឋកិច្ចកាន់តែរឹងមាំ ចិនបានទម្លាក់ចោលវិស័យនេះ ដោយងាកទៅអភវិឌ្ឍវិស័យអលចនទ្រព្យ និងបច្ចេកវិទ្យាវិញ។ ឃើញឱកាសនេះ ជប៉ុនក៏ច្បាប់ធ្វើការងារលើវិស័យសូត្រ ប៉ុន្តែមិនសូវជាខ្លាំងណាស់ណាទេ ដោយពួកគេសម្រុកធ្វើខាងផ្នែកកុំព្យូទ័រចំណេញជាង។ ក្រោយៗមកទៀត មានប្រទេសថៃ វៀតណាម ក៏ចាប់ផ្តើមផលិតសូត្រទទួលបានជោគជ័យ និងកើបលុយជាច្រើនពាន់លានដុល្លារពីវិស័យនេះ៕
អត្ថបទ៖ ទួន សុផល







-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៦ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


