Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ​ស្នើ​ក្រុម​ហ៊ុន​ទទួល​ពលករ​ខ្មែរ ​ត្រឡប់​មក​ពី​ថៃ​ឱ្យ​ចូលធ្វើការ មាន​ការ​យោគយល់​និង​ការ​អត់ធ្មត់ខ្ពស់

បានផុស

នៅ

លោក ហេង សួរ​ រដ្ឋមន្ត្រី​ក្រសួងការងារ​និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ស្នើ​ដល់​ក្រុម​ហ៊ុន​សហគ្រាស​រោងចក្រ​ដែល​ទទួល​បង​ប្អូនពលករ​ខ្មែរ​ទើប​ត្រឡប់​មក​ពី​ប្រទេសថៃឱ្យចូលធ្វើការ សូម​មេត្តាយោគយល់ និង មាន​ការ​អត់ធ្មត់​ឱ្យបានខ្ពស់ជាអតិបរមា ព្រោះថា ពលករខ្មែរយើងនៅ​មិន​ទាន់​បាន​ដឹង​ពី​របៀបរបប​ធ្វើ​ការងារ​នៅ​ឡើយ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើសុំនេះ បាន​ធ្វើ​ឡើង​ជា​បន្តបន្ទាប់​ក្នុងឱកាស​ដែល​លោក​រដ្ឋមន្ត្រីបាន​នាំ​តំណាង​ក្រុមហ៊ុននិងរោងចក្រនានា​ចុះ​ជួបផ្ទាល់​ជា​មួយ​បងប្អូន​ពលករខ្មែរ​ត្រឡប់​មក​ពី​ប្រទេសថៃ​នៅ​តាម​មូលដ្ឋាន​ដើម្បី​ផ្សព្វផ្សាយ​ឱកាសការងារ​រាប់​ម៉ឺន​កន្លែងជូនពួកគាត់​បាន​ដឹង​និង​ចុះ​ឈ្មោះ​ធ្វើ​ការ​ទៅ​តាម​ជំនាញរៀងៗខ្លួន។

លោករដ្ឋមន្ត្រី ហេង សួរ សង្ឃឹមថា ក្រុមហ៊ុន​នឹង​ផ្តល់​លក្ខខណ្ឌ​អំណោយ​ផល​ជូន​ដល់​បងប្អូន​ពលករ​មក​ពី​ប្រទេស​ថៃ​ដោយ​រៀបចំឱ្យមានវគ្គពិសេសមួយ៣ថ្ងៃទៅមួយអាទិត្យ ដើម្បី​ពន្យល់​ពួក​គាត់​ពី​បែប​បទ​ការងារ និង​សូម​មាន​ការ​អត់ធ្មត់ អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក។

ព្រោះ​ពួក​គាត់​អត់​ទាន់​បាន​ដឹង​ពី​របៀបរបប​និង​វប្បធម៌​នៃ​ការ​ធ្វើការជាក្រុមនៅឡើយទេ។ដូចនេះ​សូម​មាន​ការ​យោគយល់​សូម​អធ្យាស្រ័យ​និង​យក​ចិត្ត​ទុក​ដាក់និង​ព្យាយាម​អត់ធ្មត់​ដើម្បីធ្វើយ៉ាងណា​ឱ្យ​បងប្អូន​យើង​ដែល​ត្រឡប់​មក​ពី​ថៃ​ ឬ​មួយ​បងប្អូន​យើង​ដែល​មិន​ទាន់​បាន​ធ្វើ​ការ​នៅកន្លែងណាមួយ​យល់​ពី​របៀប​ធ្វើ​ការ​ហើយ​អត់ធ្មត់ជាមួយគ្នា។

លោករដ្ឋមន្ត្រីបានណែនាំទៀតថា « ដូច​គ្នា​ដែរបងប្អូនពលករយើង ក្នុង​ករណី​ដែល​បាន​ជាប់​នៅកន្លែងធ្វើការណាមួយក៏ដោយ សូមមានការអត់ធ្មតនិងអធ្យាស្រ័យគ្នាទៅវិញទៅមក ព្រោះពេលយើងជួបគ្នាដំបូងធ្វើការដំបូងមិនទាន់យល់ចិត្តគ្នានៅឡើយទេ។អីចឹង​បើ​ខុស​ត្រូវ​អី​គឺ​ថា ព្យាយាមសួរនាំគ្នាឱ្យបានច្រើនកុំអាលមានការអាក់អន់ស្រពន់ចិត្ត»។

លោករដ្ឋមន្ត្រីបានបន្ថែមថា នៅ​ពេល​ដែល​ពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃ​បាន​ឃើញ​បង​ប្អូន​ពលករ​យើង​ត្រឡប់​មក​ស្រុក​កំណើត​វិញ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​និង​ទទួល​បាន​ឱកាស​ការងារល្អ​នោះ​ពួក​គាត់​នៅ​ទៅ​នោះ​ដែល​ទទួល​រង​នូវ​ការ​រើសអើង ទទួល​ការ​គំរាមកំហែង​និង​មាន​ការ​ព្រួយបារម្ភពីសុខសុវត្ថិភាព របស់​ខ្លួនអាចនឹងសម្រេចចិត្តវិលត្រឡប់មកប្រទេសវិញដែរ។

គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៨ខែមិថុនាឆ្នាំ២០២៥ រហូតមក​ដល់​ពេល​នេះ​មាន​បងប្អូនពលករខ្មែរប្រមាណជាង៤ម៉ឺននាក់ បានវិលត្រឡប់មកពីប្រទេសថៃ ដោយសារ​កម្ពុជា​និង​ថៃ​មាន​ភាព​តានតឹង​បញ្ហាព្រំដែន។

ក្នុងចំណោមពលករខ្មែរជាង៤ម៉ឺននាក់ ក្នុង​នោះ​មាន​ប្រមាណជាង១ម៉ឺននាក់ បាន​ចុះ​ឈ្មោះ​ស្វែង​រក​ការងារធ្វើភ្លាមៗនៅនឹងច្រកព្រំដែនកម្ពុជាថៃខណៈថ្នាក់ដឹកនាំក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរួមជាមួយតំណាងក្រុមហ៊ុន រោងចក្រ​នានា​បាន​ចុះ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដើម្បី​ផ្តល់​ឱកាស​ការងារ​រាប់ម៉ឺនកន្លែង​ដល់​មូលដ្ឋាន​ដែល​បង​ប្អូនពលករខ្មែរ​ដែលទើបវិលត្រឡប់មកពីប្រទេសថៃរស់នៅផងដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម