ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំលើកទឹកចិត្តគ្រូ និង សិស្សត្រូវតែចេះប្រើ Ai ដើម្បីលើកកម្ពស់គុណភាពការរៀន និងការបង្រៀន
លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវតែចេះប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវខ្ពស់ដើម្បីលើកកម្ពស់គុណភាពការរៀននិងការបង្រៀនឱ្យកាន់តែប្រសើរឡើងថែមទៀត។

ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការអគារសិក្សាថ្មីនៃសាលាចំណេះទូទៅអន្តរជាតិនិងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាថ្មីនៃសាលាអន្តរជាតិបាត់ដំបង ខេត្តបាត់ដំបងនៅថ្ងៃទី១០កក្កដានេះ លោកបណ្ឌិតសភាចារ្យ បានលើកឡើងថា បច្ចេកវិទ្យា AI នេះនឹងជួយឱ្យការសិក្សារៀនសូត្ររបស់សិស្សានុសិស្សកាន់តែមានភាពងាយស្រួលដោយអាចរៀនពីចម្ងាយបាន ឬអាចស្វ័យសិក្សាដោយខ្លួនឯងបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ប៉ុន្តែក្រសួងអប់រំនៅតែលើកទឹកចិត្តឱ្យប្រើប្រាស់បច្ចេកវិទ្យានេះប្រកបដោយការទទួលខុសត្រូវខ្ពស់ ទោះបីជាវាមានអត្ថប្រយោជន៍ច្រើនក៏ដោយ។ ព្រោះថា ការអប់រំក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)នេះទាមទារឱ្យការអប់រំមានការប្រែប្រួល និងសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មីៗ។
យ៉ាងណាក៏ដោយ លោក បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹកឱ្យសាលារៀនត្រូវគិតគូរពីការដាក់បញ្ចូលភាសាខ្មែរនិងខ្លឹមសារបេតិកភណ្ឌជាតិទៅក្នុងកម្មវិធីសិក្សារបស់ខ្លួនផងដែរ។

លោក បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «ខេត្តបាត់ដំបង គឺជាខេត្តមួយដែលសម្បូរទៅដោយបេតិកភណ្ឌ វប្បធម៌ដ៏ល្អផូរផង់ ដូចនេះសូមលើកទឹកចិត្តឱ្យសាលាទាំងអស់មានការយកចិត្តទុកដាក់បញ្ចូលនូវខ្លឹមសារពី បេតិកភណ្ឌជាតិទៅក្នុងកម្មវិធីសិក្សា ក៏ដូចជា លើកកម្ពស់ការរៀនភាសាខ្មែរដែលជាភាសាជាតិរបស់យើង ដើម្បីសិក្សាឱ្យស្គាល់ច្បាស់នូវអត្តសញ្ញាណជាតិរបស់ខ្លួនឱ្យបានច្បាស់លាស់ ដោយនេះគឺជាកិច្ចការសំខាន់មួយដើម្បីរក្សាបាននូវឫសគល់វប្បធម៌ដ៏ថ្លៃថ្លារបស់យើង។ ក្រសួងក៏បានពង្រីកផ្នែកអប់រំកូមារតូច និងលើកទឹកចិត្តឱ្យសិស្សចូលរៀនមត្តេយ្យសិក្សាកាន់តែច្រើន ដែលជាដំណាក់កាលមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អនាគតការសិក្សារបស់កុមារ»។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ និងការខិតខំប្រឹងប្រែងពីលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស សាលាទាំងពីរនេះនឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ដើម្បីចូលរួមកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន ជាពិសេសចូលរួមចំណែកដើម្បីសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍ជាតិឆ្នាំ២០៣០ និង២០៥០៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា
-
សេដ្ឋកិច្ច១ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក