Connect with us

ព័ត៌មានជាតិ

កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា

បានផុស

នៅ

ព្យុះចំនួន២ នឹងជះឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលនឹងធ្វើឲ្យនៅតាមតំបន់មួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។ តែទោះយ៉ាងណា ព្យុះទាំង២នេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។ នេះបើតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៧ ខែកក្កដានេះ។

តាមការប្រកាសរបស់ក្រសួងធនធានទឹក ព្យុះទាំងពីរដែលនឹងជះឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជានេះ គឺជាព្យុះទី៣ ឈ្មោះ មូន (Mun) T2503 និងព្យុះទី៤ ឈ្មោះ ដាណាស (Danas) T2504 ក្នុងឆ្នាំ២០២៥ ដែលកំពូងមានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។

តាមការប្រកាស ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នឹងធ្វើឱ្យតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់មកពីទិសនិរតី និងបស្ចិមមានល្បឿនមធ្យម៥ម៉ែត្រក្នុងមួយវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥%។

តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់មកពីទិសនិរតី និងពាយ័ព្យ មានល្បឿនមធ្យម៥ម៉ែត្រ ក្នុងមួយវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣០%។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់មកពីទិសនិរតី និងបស្ចិម មានល្បឿនមធ្យម៣ម៉ែត្រ ក្នុងមួយវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី៣៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម