Connect with us

ព័ត៌មានជាតិ

អនុស្ថានីយ៍ និងខ្សែបណ្តាញបញ្ជូនអគ្គិសនីតម្លៃជាង ៧០លានអឺរ៉ូ ត្រូវបានដាក់ឲ្យដំណើរការនៅខេត្តកោះកុង

បានផុស

នៅ

អនុស្ថានីយ៍ និងខ្សែបណ្តាញបញ្ចូនអគ្គិសនីតម្លៃប្រមាណ ៧០លានអឺរ៉ូ ដែលតភ្ជាប់ឆ្លងដៃសមុទ្រក្នុងខេត្តកោះកុង ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការហើយ នៅព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២នេះ ដោយមានថាមពល ២៣០គីឡូវ៉ុល និងមានបង្គោលខ្ពស់ជាងគេនៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ជើញជាអធិបតីភាពសម្ពោធអនុស្ថានីយ៍ និងខ្សែបណ្តាញបញ្ជូនអគ្គិសនីនេះ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា គម្រោងសាងសង់ខ្សែបណ្តាញអនុស្ថានីយ និងខ្សែបណ្តាញចែកចាយនៅក្នុងខេត្តកោះកុង កំពង់ចាំ និងខេត្តក្រចេះ ស្ថិតក្នុងក្របខណ្ឌឥណទានសម្បទានចំនួន ៧០លានអឺរ៉ូពីសាធារណរដ្ឋបារាំង និងគម្រោងពង្រឹងសមត្ថភាព ក្នុងក្របខណ្ឌជំនួយឥតសំណងចំនួន ១លានអឺរ៉ូពីសហភាពអឺរ៉ុប តាមរយៈទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ក៏ដូចជាថវិកាបដិភាគរបស់អគ្គិសនីកម្ពុជា ១៥.៤១លានអឺរ៉ូ ផងដែរ។

លោករដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបន្ថែមថា កិច្ចព្រមព្រៀងឥណទាន និងការផ្តល់ជំនួយឥតសំណងខាងលើ ត្រូវបានចុះហត្ថលេខានៅទីស្តីការក្រសួងអឺរ៉ុប និងការបទេស នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៥ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តម Laurent Fabius រដ្ឋមន្រ្តីក្រសួងអឺរ៉ុប និងការបទេសនៃសាធារណរដ្ឋបារាំង។

លោក ស៊ុយ សែម បានលើកឡើងទៀតថា គម្រោងសាងសង់អនុស្ថានីយ និងខ្សែបណ្តាញបញ្ជូនអគ្គិសនីកម្លាំង ២៣០គីឡូវ៉ុលនេះ ស្ថិតនៅភូមិនាងកុង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា គឺឆ្លងកាត់ដៃសមុទ្រក្នុងភូមិសាស្រ្ដខេត្តកោះកុង ដោយប្រើបង្គោលប្រភេទខ្ពស់ៗចំនួន ៤បង្គោល។ ក្នុងនោះមានបង្គោល ៣ដើម និងមានកម្ពស់រហូតដល់ទៅ ១៦៨ម៉ែត្រ ដែលចាត់ទុកថាជាបង្គោលអគ្គិសនីខ្ពស់ជាងគេនៅកម្ពុជា នាពេលបច្ចុប្បន្ន។

ហេដ្ឋារចនាសម្ព័ន្ធបញ្ចូនអនុស្ថានីយ និងចែកចាយថាមពលអគ្គិសនី ដែលស្ថាបនាឡើងក្នុងក្របខណ្ឌជំនួយខាងលើនេះ នឹងធ្វើឲ្យប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនី នៅភូមិភាគខាងលិច និងភូមិភាគខាងត្បូងរបស់កម្ពុជា ក្លាយទៅជាប្រព័ន្ធបណ្តាញកងជួយពង្រឹងគ្នាទៅវិញទៅមក សម្រាប់ការបញ្ជូនថាមពលអគ្គិសនីប្រកបដោយគុណភាព ស្ថិរភាព និងនិរន្តរភាពក្នុងផ្ទៃប្រទេសទាំងមូល។

ម៉្យាងទៀតនោះ ដើម្បីផ្តល់ប្រភពអគ្គិសនីឲ្យបានគ្រប់គ្រាន់ ទាន់តាមកំណើនសេដ្ឋកិច្ចពាណិជ្ជកម្ម ឧស្សហកម្ម និងឆ្លើយតបនឹងសេចក្តីត្រូវការប្រើប្រាស់ បូករួមជំរុញការសាងសង់ខ្សែបណ្តញបញ្ជូនទៅតាមបណ្តាខេត្តនានា បម្រើដល់ការអភិវឌ្ឍន៍ផ្គត់ផ្គង់ឲ្យអ្នកប្រើប្រាស់អគ្គិសនី។ ជាពិសេសតំបន់ឆ្ងាយដាច់ស្រយោលរស់នៅខេត្តកោះកុង កំពង់ចាម និងខេត្តក្រចេះ។

គួរកត់សម្គាល់ថា គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកប​ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាននិងកំពុងជំរុញការអភិវឌ្ឍន៍យ៉ាងពេញទំហឹង លើគ្រប់វិស័យនូវហេដ្ឋរចនាសម្ព័ន្ធផ្គត់ផ្គង់ថាមពលអគ្គិសនី តាមរយៈយកចិត្តទុកដាក់ស្ថាបនាខ្សែបណ្តាញបញ្ចូនអគ្គិសនីធំៗ អនុស្ថានីយ៍តភ្ជាប់គ្នា និងសាងសង់ប្រភពអគ្គិសនី។

លោក Jacque Pellet ឯកអគ្គរាជទូតបារាំងប្រចាំនៅកម្ពុជា បានពន្យល់ដែរថា គម្រោងខ្សែបញ្ចូន និងចែកចាយអគ្គិសនីអនុស្ថានីយក្រុងខេមរភូមិន្ទ ខេត្តកោះកុង អនុវត្តក្នុងគោលបំណងដើម្បីឲ្យកាន់តែប្រសើរឡើងនូវថាមពល ដែលអាចជឿទុកចិត្តបាននៅក្នុងខេត្តចំនួន ៣ខាងលើ។

បើតាមលោកឯកអគ្គរាជទូតបារាំង គម្រោងនេះ ក៏ជាការតភ្ជាប់ទំនាក់ទំនងដ៏ល្អរយៈពេលវែង ដែលសហការជាមួយក្រសួងរ៉ែ និងថាមពល AFD និងអគ្គិសនីកម្ពុជា ក្នុងន័យលើកកម្ពស់លទ្ធភាពទទួលបានអគ្គិសនី ជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។

លោកឯកអគ្គរាជទូតបារំាង សាទរដល់ប្រទេសកម្ពុជា ដែលបានបេ្តជ្ញាចិត្តអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅមុនដំណាច់ឆ្នាំ ២០២១ ដោយបានដាក់ជូនដោយជោគជ័យ នូវយុទ្ធសាស្រ្តរយៈពេលវែងសម្រាប់អព្យាក្រឹត្យភាពកាបូន ទៅកាន់លេខាធិការដ្ឋាន នៃអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ។ គិតត្រឹមចុងខែមីនា ឆ្នាំ ២០២២ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៤៩ ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តរយៈពេលវែងរបស់ខ្លួន ដែលជាប្រទេសអភិវឌ្ឍន៍តិចតួចទី ២ ក្រោយពីនេប៉ាល់ដែលបានដាក់យុទ្ធសាស្រ្ត ដោយមានគោលដៅអព្យាក្រឹត្យកាបូនច្បាស់លាស់។

ដោយឡែក លោក Yazid Bensaid នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ បានឲ្យដឹងដែរថា AFD គាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងរ៉ែ និងថាមពល ក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួន លើអត្រាអគ្គិសនីនៅទូទាំងប្រទេស។

លោកក៏ថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា ដែលបានប្តេជ្ញាចិត្តខិតខំប្រឹងប្រែងយ៉ាងមុតមំាក្នុងការអភិវឌ្ឍ ព្រមទាំងពង្រឹងបណ្តាញជាតិ ដើម្បីធានាឲ្យមានចរន្តអគ្គិសនីប្រើប្រាស់បានល្អ ៩៧ភាគរយ ត្រឹមចុងឆ្នាំ ២០២១ សម្រាប់ពលរដ្ឋកម្ពុជាទាំងអស់។

ក្រៅ​ពីគម្រោងបញ្ជូន និងចែកចាយថាមពលអគ្គិសនី ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ក៏កំពុងធ្វើការជាមួយអគ្គិសនីកម្ពុជា ដើម្បីធ្វើទំនើបកម្មបណ្តាញជាតិដោយការកែលម្អប្រព័ន្ធគ្រប់គ្រងជាតិទាំង​មូល និងអនុញ្ញាតឲ្យមានសមាហរណកម្ម ថាមពលកកើតឡើងវិញជាបន្តបន្ទាប់ ដូចជាប្រើកម្លាំងខ្យល់ និងពន្លឺព្រះអាទិត្យដែលមានសារៈសំខាន់ សម្រាប់ការសម្រេចបាននូវគោលបំនង នៃល្បាយថាមពល។ ៦០ភាគរយ នៃថាមពលកកើតឡើងវិញនៅឆ្នាំ ២០៤០ នៃផែនការអភិវឌ្ឍន៍ថាមពល ២០២១ដល់២០៤០។

អនុស្ថានីយ៍ និងខ្សែបណ្តាញចែកចាយក្រុងខេមរភូមិន្ទ នឹងចូលរួមចំណែកជួយពង្រីកលទ្ធភាព ក្នុងការនាំយកថាមពលពីប្រភពវារីអគ្គិសនី នៅបណ្តាខេត្តភាគខាងលិច រួមមាន៖ វារីអគ្គិសនីតាតៃ វារីអគ្គសនីឬស្សីជ្រុំក្រោម វារីអគ្គិសនីអាតៃប្រមាណជាង ៧០០មេហ្គាវ៉ាត់ និងវារីអគ្គិសនីស្ទឹងពោធិ៍សាត់កម្លាំង ៨០មេហ្គាវ៉ាត់ វារីអគ្គិសនីតាតៃលើកម្លាំង ១៥០មេហ្គាវ៉ាត់ ដែលកំពុងតែរៀបចំអភិវឌ្ឍន៍ និងបណ្តាវារីអគ្គិសនីក្នុងខេត្តកោះកុង ព្រមទាំងខេត្តពោធិសាត់ជាង ៣០០មេហ្គាវ៉ាត់បន្ថែមដែលកំណត់ ក្នុងផែនការមេទៅផ្គត់ផ្គង់នៅរាជធានីភ្នំពេញ និងតំបន់ភូមិភាគខាងត្បូងប្រទេសកម្ពុជា។

ការអភិវឌ្ឍវិស័យថាមពលអគ្គិសនី នឹងប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមួយមានការផ្តត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ មានចីរភាព អាចទុកចិត្តបាន មានគុណភាព និងមានតម្លៃសមរម្យ សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅគ្រប់ទីកន្លែងទូទាំងប្រទេស។ ហើយកត្តាចម្បង និងចាំបាច់បំផុតសម្រាប់គាំទ្រដល់ការអភិវឌ្ឍពាណិជ្ជកម្ម ឧស្សហកម្ម សេដ្ឋកិច្ច និងសង្គម ព្រមទាំងការផ្តល់នូវសុខមាលភាព នៃការរស់នៅជូនប្រជាពលរដ្ឋឆ្ងាយដាច់ស្រយោល៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម