ព័ត៌មានជាតិ
សម្ដេចតេជោ ៖ កិច្ចការអាទិភាពរបស់ប្រទេសកំពុងអភិវឌ្ឍ គឺការស្ដារ និងជំរុញសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឲ្យរស់រវើកឡើងវិញ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កិច្ចការជាអាទិភាពរបស់ប្រទេសកំពុងអភិវឌ្ឍ ដើម្បីកសាងអនាគតប្រកបដោយវិបុលភាព គឺការស្ដារ និងជំរុញចលនាសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ឲ្យមានភាពរលូន និងរស់រវើកឡើងវិញ។

ការលើកឡើងខាងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹៈ ក្នុងកិច្ចប្រជុំកំពូល ស្តីពី សំឡេងនៃបណ្តាប្រទេសខាងត្បូង ដែលមានជាង ១២០ប្រទេសចូលរួម តាមរយៈប្រព័ន្ធវីដេអូ កាលពីព្រឹកថ្ងៃទី ១២ ខែមករានេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បណ្ដាប្រទេសខាងត្បូង គឺជាជនរងគ្រោះ មិនមែនអ្នកបង្កបញ្ហានោះឡើយ ហើយសម្ដេច សង្ឃឹមថា សំឡេងនៃប្រទេសខាងត្បូង នឹងត្រូវបានលេចឡើងនៅឆ្នាំ ២០២៣ និងបណ្ដាឆ្នាំបន្តបន្ទាប់ទៀត។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា បច្ចុប្បន្នបញ្ហាក្ដៅគគុក និងនិន្នាការអវិជ្ជមានជាច្រើន បានកើតឡើងជាបន្តបន្ទាប់ ទាំងក្នុងទិដ្ឋភាពសុខភាពសាធារណៈ សង្គម សេដ្ឋកិច្ច និងភូមិសាស្រ្ដនយោបាយ។

ជាក់ស្ដែង ការរីករាលដាលនៃជំងឺកូវីដ-១៩ មិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយ, ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច, ផលប៉ះពាល់បណ្ដាលមកពីសង្រ្គាមពាណិជ្ជកម្ម, ការលេចឡើងកាន់តែច្បាស់នូវការបែងចែកជាប្លុក, និន្នាការគាំពារនិយម, ការបន្តអូសបន្លាយនៃសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន, ការកើនឡើងនៃអតិផរណា, ការកើនឡើងនូវបំណុលសាធារណៈ, ការបែកខ្ញែកនៃច្រវ៉ាក់ផ្គត់ផ្គង់សកល និងការប្រែប្រួលអាកាសធាតុ។ បញ្ហានេះទាំងនេះ បាននិងកំពុងបន្តុចបង្អាក់នូវកិច្ចខិតខំស្ដារ និងអភិវឌ្ឍប្រទេសជាតិ របស់ប្រទេសកំពុងអភិវឌ្ឍ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា «ជាមួយនឹងបញ្ហាប្រឈមខាងលើ កិច្ចការអាទិភាពរបស់យើង ដើម្បីកសាងអនាគតប្រកបដោយវិបុលភាព គឺការស្ដារ និងជំរុញចលនាសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ឲ្យមានភាពរលូន និងរស់រវើកឡើងវិញ តាមរយៈការពន្លឿនការសមាហរណកម្ម និងការតភ្ជាប់ច្រវ៉ាក់ផ្គត់ផ្គង់ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី ពហុភាគីនិយម និងការពន្លឿននូវការធ្វើបដិវត្តកម្មឌីជីថល ដែលជាប្រភពកំណើតថ្មី ប្រកបដោយថាមពល»។
បើតាមសម្ដេចតេជោ ហ៊ុន សែន ក្នុងស្មារតីនេះ ការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ និងពេញលេញរវាងប្រទេសខាងត្បូង ប្រទេសដៃគូ និងប្រទេសអភិវឌ្ឍ ទាំងក្នុងក្របខណ្ឌតំបន់ និងក្រៅតំបន់ ព្រមទាំងស្ថាប័នអន្តរជាតិនានា គឺជាយន្ដការដ៏ចាំបាច់ ដើម្បីស្វែងរកយុទ្ធសាស្រ្ដឈ្នះឈ្នះ និងទាញប្រយោជន៍ជាអតិប្បរមា អំពីការវិវត្តនៃសង្គមសេដ្ឋកិច្ចថ្មីៗ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ