ព័ត៌មានជាតិ
ស្វែងយល់អំពីតួនាទី និងសមាសភាពនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
ស្ថាប័នប្រឆាំងអំពើពុករលួយត្រូវបានបែងចែកជាពីរ គឺអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។ អង្គភាពប្រឆាំងអំពើពុករលួយ គឺជាស្ថាប័នឯករាជ្យក្នុងការបំពេញភារកិច្ចចំពោះការអនុវត្តច្បាប់ ទទួលពាក្យបណ្ដឹងពាក់ព័ន្ធនឹងបទល្មើសពុករលួយ ហើយដឹកនាំការងារទប់ស្កាត់ និងបង្ក្រាបអំពើពុករលួយ ដោយធ្វើការតាមដាន ស៊ើបអង្កេត ត្រួតពិនិត្យ ស្រាវជ្រាវ និងចាត់វិធានការច្បាប់ជាធរមាន។

រីឯ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយមានតួនាទីពិគ្រោះយោបល់ ផ្ដល់អនុសាសន៍លើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ និងឃ្លាំមើលដំណើរការការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ។ ទន្ទឹមនេះ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយក៏អាចស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយរាយការណ៍ និងបំភ្លឺលើករណីផ្សេងៗនៃបទល្មើសពុករលួយ។
សមាសភាពនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយមានចំនួន១១រូប។ សមាសភាពទាំង១១រូបនេះ គឺធ្វើឡើងតាមរយៈការតែងតាំង និងការជ្រើសតាំង ដែលក្នុងនោះតែងតាំងដោយព្រះមហាក្សត្រ ការជ្រើសតាំងដោយព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អាជ្ញាធរសវនកម្មជាតិ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

សមាជិកនីមួយៗនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយត្រូវមានលក្ខណសម្បត្តិជាសញ្ជាតិខ្មែរពីកំណើត មានសីលធម៌ល្អ កេរ្តិ៍ឈ្មោះស្អាតស្អំ មិនដែលមានទោសពៃគ្រប់កម្រិត មានសញ្ញាបត្រឧត្ដមសិក្សាឡើងទៅ មានបទពិសោធការងារក្នុងសង្គមយ៉ាងតិច១០ឆ្នាំ និងមានអាយុយ៉ាងតិច ៤៥ឆ្នាំ។ អាណត្តិរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយមានរយៈពេល៥ឆ្នាំ ហើយតែងតាំងដោយព្រះរាជក្រឹត្យ។
សម្រាប់ការជ្រើសតាំងតំណែងប្រធាន និងអនុប្រធានក្រុមប្រឹក្សាជាតិអំពើពុករលួយ ត្រូវធ្វើឡើងតាមរយៈការបោះឆ្នោតក្នុងចំណោមសមាជិករបស់ខ្លួនទាំង១១រូប តាមសំឡេងភាគច្រើនដាច់ខាត។ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី អនុប្រធានមានឋានៈស្មើទេសរដ្ឋមន្ត្រី និងសមាជិកមានឋានៈស្មើរដ្ឋមន្ត្រី។

បច្ចុប្បន្ន ស្ថិតក្នុងអាណត្តិទី៣ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដឹកនាំដោយលោក តុប សំ ជាប្រធាន និងលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជាអនុប្រធាន អមដោយសមាជិកចំនួន៩រូប រួមមាន លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកស្រី សោម គីមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក គុយ សុផលលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក លី ណារុន លោក ហេង វង្សប៊ុនឆាត និងលោក ស៊ុយ ម៉ុងលាង៕


ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២៣ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ២៣ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


