Connect with us

ព័ត៌មានជាតិ

ខែមីនា ឆ្នាំ២០២៦ ACUសម្រេចលើពាក្យប្ដឹងចំនួន៣៣ និងបញ្ជូនសំណុំរឿងចំនួន៣ករណី មានមនុស្ស១០នាក់ទៅតុលាការ

បានផុស

នៅ

នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ សរុបចំនួន ៣៣ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿងចំនួន ៣ករណី ដែលមានជនសង្ស័យចំនួនទៅសាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៨ អាណត្តិទី៤  នាថ្ងៃទី២៥ ខែមីនា នេះប្រធានស្តីទី អង្គភាពប្រឆាំងអំពើពុករលួយ លោកយ៉ិនទៀង ពុទ្ធិរិទ្ធ បានរាយការណ៍ថា នៅថ្ងៃទី ២៧ ខែកុម្ភៈ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធអំពើ បំផ្លាញ និងគៃបំបាត់ ទន្ទ្រាន ហ៊ុមព័ទ្ធ កាន់កាប់ ដុត កាប់ឆ្ការ រុករាន ឈូសឆាយព្រៃលិចទឹក ក្នុងភូមិសាស្រ្តស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ប្រព្រឹត្តដោយឈ្មោះ ស្រ៊ុន សុផល (គេចខ្លួន) និងមានជនសង្ស័យ ៣រូប ៖ ១ឈ្មោះ គី រតនា ជាអ្នកសារព័ត៌មាន, ទី២ឈ្មោះ ឈៀង ថាវរិទ្ធ និងទី៣ឈ្មោះ ចំរើន វិសាល ដែលអ្នកទាំង០៣ ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើបំផ្លាញ និងគៃបំបាត់។

នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៦ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធអំពើ រំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ ប្រព្រឹត្តដោយមន្រ្តី អ.ប.ព. ចំនួន២ រូប និងអ្នកសមគំនិត ១រូប ដែលមានជនសង្ស័យ ៣ រូប។ ក្នុងនោះទី១ឈ្មោះ ជឹមអូន ជាមន្រ្តី នៃនាយកដ្ឋានស៊ើបអង្កេត និងចារកម្ម នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប់សង្ស័យក្នុងអំពើ រំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល។ ទី២ឈ្មោះ ជឹមសុខជឿន ជំនួយការរបស់ជឹម អូន ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើរំលោភអំណាច និងទី៣ឈ្មោះ ភេនរចនា ភេទស្រី អាយុ ៣៦ ឆ្នាំ មន្រ្តីកិច្ចសន្យា នៃនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប់សង្ស័យពីបទសមគំនិតក្នុងអំពើរំលោភអំណាច។  នេះបើតាមរបាយការណ៍របស់លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ដដែល។

ករណីអនុប្រធានសាខាគយ និងរដ្ឋាករ ខេត្តកោះកុង ឈរជើងនៅចំណុចអណ្តូងទឹក ដែលល្បីល្បាញ ចាប់ឡានដឹកទំនិញមិនរើស តាំងពីទំនិញមានពន្ធ ទំនិញគ្មានពន្ធ គ្រឿងអេតចាយ ត្រី សាច់ បន្លែ គ្រឿងផ្ទះដែលរុះរើ…ហើយនៅថ្ងៃទី១៨ ខែ មីនា ឆ្នាំ ២០២៦  អ.ប.ព. បានកសាងសំណុំរឿងពាក់ព័ន្ធអំពើ រំលោភអំណាច និង សម្អាតប្រាក់ ដែលមានជនសង្ស័យ ៤ រូប៖           ១-ឈ្មោះ ម៉ៅ សាន់សូនា ភេទប្រុស អាយុ ៥៨ ឆ្នាំ មុខរបរ អនុប្រធានសាខាគយ និងរដ្ឋាករ     ខេត្តកោះកុង ជាប់សង្ស័យក្នុងអំពើ រំលោភអំណាច និងសម្អាតប្រាក់ ២-ឈ្មោះ ម៉ៅ ទិត្យា     ភេទប្រុស អាយុ ៥៤ ឆ្នាំ មុខរបរ បុគ្គលិកជាប់កិច្ចសន្យា នៃសាខាគយ និងរដ្ឋាករ ខេត្តកោះកុង ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើរំលោភអំណាច និងសម្អាតប្រាក់ ៣-ឈ្មោះ ពត ស្រីនាង ភេទស្រី អាយុ ៣២ ឆ្នាំ មុខរបរ មេផ្ទះ ជាប់សង្ស័យពីបទ សមគំនិតក្នុងការសម្អាតប្រាក់ ៤-ឈ្មោះ ផល ដុល្លា ភេទ ប្រុស​ អាយុ ២៧ ឆ្នាំ មុខរបរ បុគ្គលិកធនាគារ ជាប់សង្ស័យពីបទ សមគំនិតក្នុងការសម្អាតប្រាក់។ នេះបើតាមរបាយការណ៍ដដែល។

គួររម្លឹកថា នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ សរុបចំនួន ៤៦ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿងចំនួន ៣ករណីទៅ ដែលមានជនសង្ស័យចំនួន៦នាក់ សាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តកំពង់ឆ្នាំង។

គួរឱ្យដឹងថា លោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ អ.ប.ព. រាយការណ៍ដូច្នេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៨ អាណត្តិទី៤ ដែលបានដំណើរការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក្រុមប្រឹក្សាជាតិ​ប្រឆាំងអំពើពុករលួយ ដើម្បីទី១ឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី៧ អាណត្តិទី៤, ទី២-របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និង ទី- បញ្ហាផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម