ព័ត៌មានជាតិ
យុវជន៣០០នាក់ក្នុងខេត្តសៀមរាប ទទួលការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចរយៈពេលវែង
សៀមរាប ៖ យុវជនមកពីស្រុក ឃុំ ភូមិនានាក្នុងខេត្តសៀមរាបចំនួន៣០០នាក់ក្នុងនោះ នារីចំនួន១៦៩នាក់ បានមកទទួលបានការបណ្តុះបណ្តាលលើមុខជំនាញបដិសណ្ឋារកិច្ច “ ផ្នែកការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ” សិក្សាពេញម៉ោង មានរយៈពេល ៦ខែ នៅសាកលវិទ្យាល័យអង្គរ តាមរយៈគំនិតផ្តួចផ្តើមរបស់សមាគមក្លឹបទេសចរណ៍សៀមរាប ដោយទទួលបានការគាំទ្រសហហិរញ្ញប្បទានរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជានិងតាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ Skill Development Fund (SDF) របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាយុទ្ធសាស្ត្រតស្តារឡើងវិញរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងគុណភាពសេវាកម្ម និងមាន ការគាំទ្រឯកសារពីគណៈគ្រប់គ្រងគម្រោងហូកា (HOKA) នៃក្រសួងទេសចរណ៍ផងដែរ។

វគ្គបណ្តុះបណ្តាល បានរៀបចំពិធីបើកនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យ អង្គរ ក្នុងគោលបំណងដើម្បីរួមចំណែកលើកកម្ពស់ សេវាកម្មទេសចរណ៍ ឡើងវិញក្រោយវិបត្តិកូវីដ-១៩ បន្ទាប់ពីមានការចាកចេញពីវិស័យនេះ នូវពលកម្មស្នូលជាច្រើន ដោយសារប៉ះពាល់ជាអវិជ្ជមានលើសេដ្ឋកិច្ចគ្រួសារ របស់និយោជិក ដែលធ្លាប់បម្រើលើវិស័យនេះ ក្នុងពេលដែលវិបត្តិសកលបានរាតត្បាតក្នុងពេលកន្លងមក ។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកប៉ាក់ សុខុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ គ្រប់គ្រងគម្រោងហូកា តំណាង លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ និង អាជ្ញាធរក្រុង ស្រុកផងដែរ ។

លោក ហ្វីលីព សែតកៅ ប្រធាន សមាគមក្លឹបទេសចរណ៍សៀមរាប បានអះអាងថា វគ្គបណ្ដុះបណ្ដាលនេះដែរនឹងផ្តល់ ជាផ្លែផ្កាជូនដល់ប្អូនៗសិក្ខាកាម ក្នុងការទទួលជំនាញមួយយ៉ាងពិតប្រាកដ និងផ្ដល់ឱកាសការងារដល់ប្អូនៗ ដែលភាគច្រើនត្រូវបានជ្រើសរើសចេញពីបណ្ដាលស្រុកជុំវិញខេត្ត ហើយគ្រួសារមានជីវភាពខ្វះខាត ដើម្បីក្លាយជាសសរទ្រូងគ្រួសារនិងចូលរួមអភិវឌ្ឍន៍សហគមរៀងៗខ្លួននៅតាមបណ្ដាស្រុកទាំងនោះ ក្នុងន័យលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងកាត់បន្ថយការចំណាកស្រុកដោយខុសច្បាប់ និងផ្តោតទៅលើការសិក្សាពេញមួយជីវិត។

លោក ហ្វីលីព កៅ សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោក លោកស្រីតំណាងក្រុមហ៊ុន និងភាគីពាក់ព័ន្ធនានា ដែលចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះ នឹងចូលរួមឧបត្ថម្ភគាំទ្រដើម្បីអោយគំរោងមួយនេះអនុវត្តទៅដោយរលូន និងទទួលបាននូវជោគជ័យសម្រាប់សង្គមជាតិរបស់យើងទាំងអស់គ្នា លោក ទៀ សីហា បានចាត់ទុកវគ្គបណ្តុះបណ្តាលនេះថា ពិតជាមានសារៈសំខាន់ណាស់សម្រាប់ស្រទាប់យុវវ័យដើម្បីទទួលបានជំនាញវិជ្ជាជីវៈច្បាស់លាស់ ពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ ស្របពេលដែល អាជ្ញាធរខេត្តបាននឹងកំពុងពង្រឹង និងពង្រីកវិសាលភាព នៃការបម្រើសេវាកម្មទេសចរណ៍ក្នុងខេត្ត ឲ្យកាន់តែល្អប្រសើរតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ការផ្គត់ផ្គង់ អគ្គិសនីប្រព័ន្ធទឹកស្អាត ភ្លើងបំភ្លឺសាធារណៈ ការកែលម្អសោភ័ណភាព តំបន់ក្នុងក្រុងឲ្យកាន់តែមានភាពស្អាតស្រស់បំព្រង ពោរពេញទៅដោយភាពស្អាតតាមទីនានា ដូចជាផ្លូវថ្នលរុក្ខវិធី និងដងស្ទឹង ដែលស័ក្តិសម «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ» សំដៅចូលរួមចំណែកកសាងសេដ្ឋកិច្ចសង្គម បង្កើតការងារ បង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តភាព។

លោកប៉ាក់ សុខុម បានផ្តាំផ្ញើដល់ក្មួយៗសិក្ខាកាមទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រ ស្រូបយកចំណេះដឹង ជំនាញ និងបទពិសោធន៍ពីគ្រូឧទ្ទេស ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងវិជ្ជាជីវៈទេសចរណ៍ ជាពិសេស សូមសំណូមពរឲ្យប្រតិបត្តិករទេសចរណ៍ទាំងអស់ សូមទទួលយកក្មួយៗទាំងអស់ ដើម្បីហ្វឹកហាត់ការងារនៅមូលដ្ឋានអាជីវកម្មរបស់ខ្លួន ក៏ដូចធ្វើការបង្ហាត់បង្ហាញជំនាញបន្ថែមអំឡុងពេលហាត់ការផងដែរ។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេលបណ្តុះបណ្តាល៦ខែ សិក្ខាកាមនឹងទទួលបានមេរៀនទ្រឹស្តីនិងការអនុវត្តន៍ក្នុងថ្នាក់រៀនចំនួន២ខែហើយ៤ខែទៀតជាវគ្គ ហាត់ការតាមមុខជំនាញរៀងៗខ្លួន នៅតាមបណ្តា សណ្ឋាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុននានា ក្នុងខេត្តសៀមរាប ។

ចំពោះសិស្សដែលមកពីតំបន់ឆ្ងាយ សមាគមក្លឹបទេសចរណ៍សៀមរាប បានរៀបចំទីកន្លែងនិងផ្ទះស្នាក់ នៅជិតសាកលវិទ្យាល័យអង្គរ មានការយាមកាម និង បទបញ្ជាផ្ទៃក្នុង ច្បាស់លាស់ធានាដល់សុវត្ថិភាព និង សុខុមាលភាពរបស់សិក្ខាកាមផងដែរ៕
ដោយ ៖ គឿនវេត



-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម៣ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ