ព័ត៌មានជាតិ
សត្វត្មាតនៅកម្ពុជា មានបីប្រភេទស្មើនឹង ១៣១, គិតត្រឹមខែមិថុនា
យោងតាមលទ្ធផលជំរឿនសត្វត្មាតកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ សត្វត្មាតចំនួន ១៣១ ក្បាលត្រូវបានកត់ត្រានៅក្នុងតំបន់អភិរក្សចំនួន ៣ នៅក្នុងប្រទេសកម្ពុជា។ ចំនួននេះប្រហាក់ប្រហែលនឹងលទ្ធផលជំរឿនក្នុងពេលវេលាដូចគ្នាកាលពីឆ្នាំ២០២២ កន្លងទៅ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងឱ្យដឹងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នេះថា ក្រុមអភិរក្សសត្វត្មាតកម្ពុជា បានរៀបចំជំរឿនសត្វត្មាតប្រចាំឆ្នាំដើម្បីរាប់ចំនួនសត្វត្មាតនៅក្នុងជម្រកធម្មជាតិ ក្នុងទិសដៅក្តាប់ឱ្យជាប់ចំនួនសត្វត្មាតដែលជាប្រភេទ សត្វកម្រជិតផុតពូជ និងដាក់ចុះវិធានការចាំបាច់នានាដើម្បីការពារនិងថែរក្សាសត្វត្មាតនេះឱ្យបានគង់វង្សយូរអង្វែងតទៅមុខទៀត។

លោក នេត្រ ភក្ត្រា បានបន្តថា ជំរឿនសត្វត្មាតកាលពីថ្ងៃទី៩ ខែមិថុនា គឺជាជំរឿនលើកទី២ ក្នុងចំណោមការងារជំរឿនសត្វត្មាត ៥ ដងក្នុងមួយឆ្នាំដែលក្រុមអភិរក្សសត្វត្មាតកម្ពុជារៀបចំឡើង។ ក្នុងចំណោមសត្វត្មាតដែលបានរាប់ទាំង ១៣១ ក្បាលនោះរួមមានត្មាតភ្លើងចំនួន ១២ក្បាល, ត្មាតផេះ ៧៧ ក្បាល និងត្មាតត្មោតចំនួន ៤២ ក្បាល។ ជំរឿនសត្វត្មាតនេះធ្វើឡើងនៅក្នុងតំបន់អភិរក្សចំនួន ៣ រួមមានដែនជម្រកសត្វព្រៃសៀមប៉ាងខេត្តស្ទឹងត្រែងមានចំនួន ៩៣ ក្បាល (ត្មាតត្នោតចំនួន ៣១ ក្បាល, ត្មាតផេះចំនួន ៥៦ ក្បាល, ត្មាតភ្លើងចំនួន ៦ក្បាល), ដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ មានសត្វត្មាតចំនួន ៣១ ក្បាល (ត្មាតផេះចំនួន ១៦ ក្បាល, ត្មាតត្នោតចំនួន ១១ ក្បាល និងត្មាតភ្លើងចំនួន ៤ ក្បាល) និងក្នុងព្រៃទឹកលិចទន្លេមេគង្គក្នុងខេត្តក្រចេះមានចំនួន ៧ ក្បាល (ត្មាតផេះចំនួន ៥ ក្បាល និងត្មាតភ្លើងចំនួន ២ ក្បាល)។

កញ្ញា នី ណៃគី មន្ត្រីជំនាញផ្នែកអភិរក្សសត្វត្មាតនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា បានថ្លែងថា ការធ្វើជំរឿនសត្វត្មាតកាលពីខែមីនា កន្លងទៅបានបង្ហាញថា សត្វត្មាតមានចំនួនប្រមាណ ១០៥ក្បាល ដែលជាតួលេខល្អប្រសើរមួយ ក្នុងការអភិរក្សសត្វត្មាតនៅកម្ពុជា ដោយបង្ហាញសញ្ញាណវិជ្ជមានឡើងវិញ។ បើតាមកញ្ញា នី ណៃគី, ជំរឿនសត្វត្មាតដោយក្រុមអភិរក្សសត្វត្មាតកម្ពុជា ដែលនឹងធ្វើបន្ទាប់ គឺធ្វើឡើងលើកទី៣ នៅអំឡុងខែមិថុនា នេះ លើកទី៤ នាខែកញ្ញា និងលើកទី៥ នាខែធ្នូ ឆ្នាំ ២០២៣ មុននឹងធ្វើការបូកសរុប និងសន្និដ្ឋានថា តើសត្វត្មាតមានចំនួនប៉ុន្មានក្នុងឆ្នាំ២០២៣។
យោងតាមលទ្ធផលជំរឿនបានបង្ហាញថា ស្ថានភាពសត្វត្មាតកម្ពុជាក្នុងឆ្នាំ ២០២២ កន្លងទៅកាន់តែមានសញ្ញាណវិជ្ជមាន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា ប៉ុន្តែចាំបាច់ទាមទារបង្កើនការយកចិត្តទុកដាក់ពីគ្រប់ភាគីក្នុងការការពារ និងអភិរក្សសត្វកម្រនេះបន្ថែមទៀត។

លោក នេត្រ ភក្ត្រា បានកោតសរសើរចំពោះក្រុមការងារស្រាវជ្រាវនៃក្រសួងបរិស្ថាន និងអង្គការដៃគូទាំងអស់នៃក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា ក៏ដូចជាមន្ត្រីឧទ្យានុរក្សទាំងអស់ ដែលកំពុងបំពេញភារៈកិច្ចនៅតាមតំបន់ការពារធម្មជាតិនានា ដើម្បីការពារនិងអភិរក្សទីជម្រកធម្មជាតិនៃដែនជម្រកសត្វព្រៃដែលមានវត្តមានសត្វត្មាត ពោលគឺបាននិងកំពុងធ្វើឱ្យតំបន់ធម្មជាតិនេះមានសុវត្ថិភាពកាន់តែខ្លាំងឡើងថែមទៀតសម្រាប់សត្វត្មាត និងសត្វព្រៃទាំងអស់ ដោយខិតខំប្រឹងប្រែងការពារព្រៃឈើជាទីជម្រក អាហារ និងប្រភពទឹកសម្រាប់សត្វព្រៃ និងជីវៈចម្រុះគ្រប់ប្រភេទ។ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួម ការពារ និងអភិរក្សសត្វត្មាតដែលជាប្រភេទសត្វកម្រនេះបន្ថែមទៀត ដោយចូលរួមការពារទីជម្រក លុបបំបាត់ការបំពុលនានា បញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់ និងបញ្ឈប់សកម្មភាពរំខានដោយមនុស្សផ្សេងៗទៀត ដើម្បីផលប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ី ភាពសម្បូរបែបនៃជីវៈចម្រុះ និង រក្សាបានកេរតំណែលធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយៗបន្តទៀត៕


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


