ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ ស ថេត ៖ មន្រ្តីក្រោមឱវាទ ត្រូវចេញប្រតិបត្តិបង្រ្កាបបទល្មើសបច្ចេកវិទ្យាជាបន្ទាន់ ឱ្យមានប្រសិទ្ធភាពបំផុត
ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បញ្ជាទៅដល់មន្រ្តីក្រោមឱវាទទាំងអស់ ត្រូវចេញប្រតិបត្តិបង្ក្រាបបទល្មើសបច្ចេកវិទ្យា(Online Scams) ជាបន្ទាន់ មិនត្រូវឱ្យកើតមានភាពថ្លោះធ្លោយជាដាច់ខាត ជាពិសេសត្រូវបង្កើតកម្លាំងជំនាញស្ដង់ដារ SOP ដើម្បីការចុះប្រតិបត្តិបង្រ្កាបបទបញ្ជានេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៃការប្រកាសបើកយុទ្ធនាការបោសសម្អាតបទឧក្រិដ្ឋឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស។

លោកអគ្គស្នងការនគរបាលជាតិថ្លែងនៅក្នុងកម្មវិធីសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងដាក់ចេញទិសដៅការងារ សម្រាប់ឆមាសទី២ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។

លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍បានបញ្ជាក់បន្ថែមថា ស្នងការរាជធានីខេត្ត និងអង្គភាពចំណុះឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវរួមសហការគ្នា បង្កើតក្រុមការងារកម្រិតស្ដង់ដារ SOP ដើម្បីចុះប្រតិបត្តិការ ត្រួតពិនិត្យ ស្រាវជ្រាវ និងបង្រ្កាប ក្រុមប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទឱ្យអស់នៅទូទាំងប្រទេស ដោយមិនត្រូវបណ្ដែតបណ្ដោយឲ្យក្រុមទាំងអស់នេះត្រឡប់មកប្រព្រឹត្តិបទល្មើសនេះវិញជាដាច់ខាត។

ជាមួយគ្នានេះដែរ លោកនាយឧត្តមសេនីយ៍ ក៏បានក្រើនរំលឹក ដល់មន្រ្តីក្រោមឱវាទទាំងអស់ ត្រូវអនុវត្តកិច្ចការងារខាងលើនេះឱ្យទទួលបានជោគជ័យ ស្របទៅតាមបទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាលស្ដីពីការអនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្ដីណែនាំនានាដែលរាជរដ្ឋាភិបាលបានដាក់ចុះឱ្យអនុវត្តផងដែរ។

បន្ថែមពីលើកកិច្ចការទាំងអស់នេះលោកអគ្គស្នងការនគរបាលជាតិ ក៏បានណែនាំដល់មន្រ្តីប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបង្កើនកិច្ចសហការជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងក្រៅស្រុកល្បីៗ ដើម្បីធ្វើការបំភ្លឺ និង ឆ្លើយបន្ទាន់ចំពោះការចោទប្រកាន់ លាភពណ៌ បំភ្លៃការពិត និងដាក់បន្ទុក នៃព្រឹត្តិការណ៍បទល្មើសផ្សេងៗមកលើកម្ពុជា ពីសំណាក់ភាគីថៃ។

ទន្ទឹមនឹងនេះ ត្រូវកោះអញ្ជើញ មន្រ្តីស្ថានទូតនានានៅកម្ពុជា ដើម្បីពន្យល់បន្ថែមពីសភាពការណ៍បទល្មើសដែលកើតឡើងពិតប្រាកដនៅកម្ពុជា ជូនទៅដល់មន្រ្តីស្ថានទូតបានជ្រាបកាន់តែច្បាស់ កុំឱ្យមានការភាន់ច្រឡំ។

យោងតាមរបាយការណ៍របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឱ្យដឹងថា រយៈពេល៦ខែ ឆមាសទី១ ឆ្នាំ២០២៥នេះ សមត្ថកិច្ចពាក់ព័ន្ធ បង្រ្កាបបទល្មើសបច្ចេកវិទ្យា (Online Scams) ចំនួន ១៨លើក នៅរាជធានីខេត្តចំនួន១០ ដោយឃាត់ខ្លួនមនុស្ស ២.៤១៨នាក់ ក្នុងនោះកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៧៣នាក់ និងបណ្ដេញចេញ ២.៣២២នាក់ ដែលមានអ្នកប្រព្រឹត្តិបទស្មើសជាជនជាតិខ្មែរ ,ចិន ,ថៃ ,មីយ៉ាន់ម៉ា ,វៀតណាម , ឡាវ, ឥណ្ឌា ,ប៉ាឡេស្ទីន , ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីជាដើម៕
អត្ថបទ ៖ សុភា








-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


