ព័ត៌មានជាតិ
កត្តា ៣ ធ្វើឲ្យ កោះស្ដេច មានការអភិវឌ្ឍវិស័យសំណង់
អាជ្ញាធរស្រុកគិរីសាគរ លើកឡើងពីលក្ខខណ្ឌចំនួន ៣ ចំណុច ដែលធ្វើឲ្យមូលដ្ឋានឃុំកោះស្តេច មានការអភិវឌ្ឍវិស័យសំណង់ និងលំហូរមនុស្សមកកម្សាន្តស្ទើរគ្រប់រដូវកាល។

លោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ លើកឡើងថា បច្ចុប្បន្នដើមហេតុដែលធ្វើឲ្យឃុំកោះស្តេចមួយ មានការរីកចម្រើនវិស័យសំណង់ គឺ ៖ កត្តាទី ១-ភាពរីកចម្រើន នៃប្រទេសជាតិ ,កត្តាទី ២-ភូមិសាស្ត្ររស់នៅពលរដ្ឋម្ចាស់ស្រុក ,និងទី៣-លំហូរភ្ញៀវទេសចរមកលេងកម្សាន្តច្រើន។ ដូច្នេះទើបធ្វើឲ្យមានអ្នកវិនិយោគ ឬ ពលរដ្ឋ មានលទ្ធភាពធ្វើ រីស៊ត ផ្ទះសំណាក់ ឬ ជួសជុលលំនៅដ្ឋាន។

លោក ទួន ឪទី អះអាង កាលពីរសៀលថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៣ ថា ពលរដ្ឋនៅឃុំកោះស្តេច ជាង ៨០ ភាគរយ រស់នៅលើផ្ទៃទឹកក្បែរច្រាំង ឬ ឆ្នេរសមុទ្រ។ រីឯ ២០ ភាគរយទៀត រស់នៅលើគោក ភាគច្រើនមានមុខរបរនេសាទ និងបម្រើសេវាកម្មទេសចរណ៍កម្សាន្តជូនដល់អ្នកទេសចរមកពីគ្រប់ទិសទី។ ការប្រមូលផ្ដុំគ្នារស់នៅលើកោះស្តេច ធ្វើឡើងតាំងពីជំនាន់សម័យបារាំង និងអំឡុងឆ្នាំ ១៩៨០ មកម្ល៉េះ។

បច្ចុប្បន្ន អាជ្ញាធរស្រុក និងមន្ត្រីជំនាញ ក៏ផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការតាមដានពិនិត្យលើការដ្ឋានសំណង់ដែលខុសច្បាប់។ ទោះយ៉ាងណាក៏យោគយល់ចំពោះពលរដ្ឋដែលចង់ជួសជុលសំណង់ផ្ទះមកជាបេតុងរឹងមាំ ដើម្បីការពារសុវត្ថិភាពរស់នៅ ខ្លាចបាក់រំលំស្រុតទៅក្នុងទឹក។ ទន្ទឹមនោះ អាជ្ញាធរ បានចងជាលក្ខខណ្ឌមួយចំនួន ករណីរាជរដ្ឋាភិបាលមានតម្រូវការអភិវឌ្ឍន៍ទៅថ្ងៃមុខ។

ទិន្នផលនេសាទថយចុះគួរឲ្យកត់សម្គាល់ ជាការបង្ខំចិត្តរបស់ពលរដ្ឋដែលមានលទ្ធភាពមួយចំនួន ងាកមកធ្វើផ្ទះសំណាក់ ឬ ទិញទូកដឹកជញ្ជូនអ្នកទេសចរទៅលេងតាមកោះ ជំនួសឲ្យការនេសាទ ឬ ទិញផលនេសាទទៅលក់នៅទីផ្សារដូចមុន។

មិនធ្វេសប្រហែសទេ អាជ្ញាធរ តែងចុះអង្កេតមើលពីសំណង់ខុសច្បាប់ដែលធ្វើទៅបង្កផលប៉ះពាល់ធនធានធម្មជាតិ ជីវចម្រុះ ឬ ផ្លូវចេញចូលនាវាចរណ៍។ ដោយឡែកពលរដ្ឋអាចសង់បានតែនៅលើទីតាំងចាស់ដែលកំពុងរស់នៅ មិនអាចពង្រីកថ្មីជាដាច់ខាត។

កន្លងទៅ អាជ្ញាធរស្រុកគិរីសាគរ និងមន្ត្រីជំនាញ ក៏បានចុះពិនិត្យ និងបញ្ឈប់ការដ្ឋានសំណង់គ្មានការអនុញ្ញាតជាច្រើនផងដែរ នៅពេលរកឃើញថា ខុសបទដ្ឋានបច្ចេកទេស ឬ រំលោភបំពានចូលសមុទ្រយ៉ាងធ្ងន់ធ្ងរ។

អ្នកស្រី ចែ សា មានផ្ទះលើទឹកម្នាក់ នៅលើកោះស្តេច រៀបរាប់ថា សំណង់ដែលពួកគាត់ធ្វើជាសំណង់បែបលំនៅដ្ឋានទុកឲ្យកូនរស់នៅបន្ត គ្រាពីមុនជារោងទុកដាក់អំបិលសម្រាប់លក់ទៅឲ្យអ្នកនេសាទសមុទ្រ។ ការធ្វើសំណង់របស់ពួកគាត់មិនបានសុំច្បាប់អាជ្ញាធរអ្វីដែរ ដោយគ្រាន់តែជម្រាបប្រាប់តែមាត់ប៉ុណ្ណោះ។
អ្នកស្រីបន្ថែមថា បើមិនឲ្យពួកគាត់ធ្វើថាតើឲ្យពួកគាត់ទៅរស់នៅឯណា បើគ្មានដីធ្លីនៅលើគោកដូចពលរដ្ឋដទៃទៀតផងហ្នឹង។ ដូច្នេះសុំអាជ្ញាធរ និងមន្ត្រីជំនាញ អនុគ្រោះដល់ពលរដ្ឋផង។
ដោយឡែក លោក ម៉េង ផល្លា ជាម្ចាស់ផ្ទះសំណាក់ម្នាក់ ដែលពីមុនទីតាំងផ្ទះសំណាក់ជាផែលើកដាក់ផលនេសាទពីទូកនេសាទ បានថ្លែងថា ទិន្នផលនេសាទមិនសូវសំបូរដូចមុនៗទេ ទើបគាត់បង្ខំចិត្តរុះរើផែមកធ្វើជាផ្ទះសំណាក់បម្រើសេវាកម្មទេសចរណ៍វិញ។

លោក ម៉េង ផល្លា សង្កត់ធ្ងន់ថា ធ្វើបង្គោលសសរក្នុងទឹកជាឈើងាយនឹងឆាប់ពុកផុយ និងចំណាយថវិកាច្រើនមកជួសជុលជារៀងរាល់ឆ្នាំ ដូច្នេះទិញទុយោចាក់បេតុងធ្វើបង្គោលសសរជំនួសឈើតែម្ដង វារឹងមាំយូរឆ្នាំផងដែរ នេះជាតម្រូវការចាំបាច់ស្ទើរគ្រប់ពេលដែលរស់នៅលើទឹកក្នុងឃុំកោះស្តេច ហើយវាពុំមែនជាការរំលោភបំពានលើផ្ទៃទឹករបស់រដ្ឋនោះ ពោលគឺគ្រាន់តែចង់បានលំនៅដ្ឋានរឹងមាំល្អ សម្រាប់ការរស់នៅ និងរកស៊ីចិញ្ចឹមជីវិតប៉ុណ្ណោះ។
ទៅថ្ងៃមុខ ករណីរាជរដ្ឋាភិបាលមានគម្រោងចង់អភិវឌ្ឍន៍អ្វី ពួកគាត់ក៏សុខចិត្តអនុវត្តទៅតាមផែនការ ប្រសិនមានការចាំបាច់ណាមួយ។ ព្រោះអាជ្ញាធរមិនអនុញ្ញាតឲ្យសាងសង់ជាលិខិតបទដ្ឋាន ដោយចំណីសមុទ្រជាសម្បត្តិរបស់រដ្ឋ។

រីស៊ត និង ផ្ទះសំណាក់ កំពុងរីកដុះដាលគួរឲ្យកត់សម្គាល់នៅលើដែនកោះស្តេច ស្រុកគិរីសាគរ រីកចម្រើន ក៏ព្រោះប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍស្ទើរគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍តែម្ដង៕
អត្ថបទ ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


