ព័ត៌មានជាតិ
លោក ផៃ ស៊ីផាន៖ វិស័យ SME ជាដៃគូផលិតចំណូលពន្ធជួយរដ្ឋាភិបាលអភិវឌ្ឍប្រទេស
វិស័យសហគ្រាសធុនតូច និងមធ្យម (SME) ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ក្នុងចំណោម SME ជាង ៩០ភាគរយ បានចូលរួមចំណែកប្រហែល ៦០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារប្រមាណ ៧០ភាគរយ នៃសេដ្ឋកិច្ចជាតិ។

លោក ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា សហគ្រិនមានគំនិតច្នៃប្រឌិតក្នុងការរកចំណូល។ លើសពីនេះទៀត ក្រុមសហគ្រិន បានបង្កើតអាជីវកម្មសហគ្រាសធុនតូច និងមធ្យម (SME) ជាច្រើន ដែលបានផលិតចំណូលសម្រាប់ពន្ធដារ ផ្តល់ឱ្យរដ្ឋាភិបាលយកទៅប្រើប្រាស់អភិវឌ្ឍប្រទេសជាតិ។
លោកបន្តថា«សហគ្រាសខ្នាតតូច និងមធ្យម ប្រៀបដូចជាត្បូងពេជ្រសម្រាប់ប្រជាជាតិរបស់យើង ជាពិសេសនៅក្នុងទីផ្សារសេរី យើងត្រូវការគំនិតដែលសហគ្រិនទាំងអស់ចងក្រងយកទៅអនុវត្ត ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់យើង»។

ប៉ុន្តែដើម្បីឈានទៅដល់ការរកចំណូលប្រកបដោយប្រសិទ្ធភាពត្រូវមានទុន, ដូច្នេះរាជរដ្ឋាភិបាល មិនព្រងើយកន្តើយបង្កើតកម្មវិធីជួយដល់សហគ្រិននោះទេ។ លោក ផៃ ស៊ីផាន បានកត់សម្គាល់ឃើញថា សហគ្រិនចេះរកលុយ ប៉ុន្តែមានបញ្ហារឿងទុនពង្រីកអាជីវកម្ម ដោយសារពួកគេប្រើកម្ចីពីធនាគារ ដែលមានការប្រាក់ខ្ពស់។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានគូសបញ្ជាក់ថា បញ្ហានេះ លោកនឹងជម្រាបទៅរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន ដើម្បីច្នៃប្រឌិតអំពីគោលនយោបាយហិរញ្ញវត្ថុបណ្តាក់ទុនជួយដល់សហគ្រិនវ័យក្មេង ឱ្យក្លាយទៅជាអ្នកផលិតពន្ធដារជួយដល់រដ្ឋាភិបាល ពោលគឺមិនមែនត្រឹមតែចំណូលសម្រាប់សហគ្រិនខ្លួនឯងទេ គឺចំណូលសម្រាប់រដ្ឋផងដែរ។
នៅក្នុងពិធីអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាអ្នកធ្វើធុរកិច្ចនៅកម្ពុជា កាលពីខែមេសា ឆ្នាំ ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មសរុបមានចំនួនប្រមាណ៧០ម៉ឺនមូលដ្ឋាន ស្មើនឹងជាង ៩០ភាគរយ, ក្នុងនោះ ក្នុងវិស័យកម្មន្តសាលមានប្រមាណ ៤ ម៉ឺនមូលដ្ឋាន ស្មើនឹងប្រមាណ ៧ភាគរយ ហើយប្រភេទកែច្នៃចំណីអាហារមានប្រមាណ ៨០ភាគរយ ក្នុងនោះរោងចក្រធុនធំមានប្រមាណជិត ២ពាន់មូលដ្ឋាន។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យកម្ពុជា បានលើកឡើងថា យុវជនគឺជាកម្លាំងផលិត និងបង្កើនផលិតភាពសម្រាប់ប្រទេសជាតិ។ លោករំពឹងថា រដ្ឋាភិបាលថ្មីនឹងរៀបចំគោលនយោបាយដើម្បីជួយវិស័យ SME ឱ្យកាន់តែរឹងមាំថែមទៀត ព្រោះ ៦០ភាគរយ នៃអាជីវកម្មនៅក្នុងប្រទេស គឺជា SME។
សូមបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម (SME) នៅតែត្រូវបានចាត់ទុកថា ជាផ្នែកដ៏សំខាន់ក្នុងការជំរុញកំណើនវិស័យឧស្សាហកម្មកម្ពុជា ដែលនឹងជួយឲ្យរដ្ឋាភិបាលអាចសម្រេចបានផែនការប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


