សេដ្ឋកិច្ច
សហគ្រាស SME ធ្វើឱ្យផលិតផលកម្ពុជា ពង្រីកខ្លួនចូលទៅទីផ្សារពិភពលោក
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអះអាងថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (SME) បានធ្វើឱ្យផលិតផលកម្ពុជាពង្រីកខ្លួនចូលទៅកាន់ទីផ្សារតំបន់ និងទីផ្សារពិភពលោក។

ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានរំលេចពីតួនាទីស្នូលរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅក្នុងសេដ្ឋកិច្ចជាតិ។
លោករដ្ឋមន្ត្រីបានអះអាងថា សហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាកន្លែងបង្កើតការងារ និងបណ្តុះនវានុវត្តន៍។ សហគ្រាសទាំងនេះហើយ ដែលអាចធ្វើឱ្យផលិតផលកម្ពុជាពង្រីកខ្លួនចូលទៅកាន់ទីផ្សារតំបន់ និងទីផ្សារពិភពលោក។ ប៉ុន្តែពួកគេត្រូវការយន្តការគាំទ្រថ្នាក់ជាតិ ដើម្បីជំរុញផលិតភាព និងសមត្ថភាពប្រកួតប្រជែងបន្ថែមទៀត។

យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់ក្រសួងផែនការ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥៣,៦៧០ នៅទូទាំងប្រទេស ដែលផ្តល់ការងារប្រមាណ ៣ លានកន្លែង។ លើសពីនេះ កម្លាំងពលកម្ម ដែលគាំទ្រដោយសហគ្រាសធុនមីក្រូ តូច និងមធ្យម រួមទាំងសហគ្រាសនិងអ្នកប្រកបមុខរបរ អាជីវកម្ម និងធ្វើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានប្រមាណជាង៦លាននាក់។
សេចក្តីព្រាងយុទ្ធសាស្ត្រនេះត្រូវបានរៀបចំឡើង ដោយឈរលើសសរស្តម្ភ ៤ គឺ៖ (១) ការកែលម្អបរិយាកាសធុរកិច្ច និងនិយ័តកម្មផ្នែកច្បាប់ (២) ការពង្រឹងផលិតកម្ម និងការពង្រីកបច្ចេកវិទ្យា និងនវានុវត្តន៍ (៣) ការបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្តរជាតិ និង (៤) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។

ជាផ្នែកមួយនៃការគាំទ្រជាក់ស្តែងសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើមថ្មីមួយ ដោយបញ្ចូលសេវាធ្វើតេស្តវិភាគផលិតផលរបស់មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅក្នុងប្រព័ន្ធសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (E-Services for Business) របស់រាជរដ្ឋាភិបាល ដោយកាត់បន្ថយការប្រើប្រាស់លទ្ធផលតេស្តជាក្រដាស។
លោក ហែម វណ្ណឌី បានបន្ថែមថា នេះគឺជាជំហានថ្មីមួយទៀត ដើម្បីជួយសម្រួលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យទទួលបានសេវាមន្ទីរពិសោធន៍កាន់តែលឿន និងគួរឱ្យទុកចិត្ត ហើយដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ពួកគេ តាមរយៈការចាប់យកស្តង់ដារ និងគុណភាព។

សិក្ខាសាលាក៏បានប្រមូលធាតុចូលទាំងកម្រិតគោលនយោបាយ និងបច្ចេកទេស ដើម្បីធានាថា យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ គាំទ្រចក្ខុវិស័យ ២០៥០ របស់រាជរដ្ឋាភិបាល រួមចំណែកដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ព្រមទាំងលើកកម្ពស់បរិយាបន្ន សមភាពយេនឌ័រ ការលើកទឹកចិត្ត និងភាពជាដៃគូរវាងរដ្ឋ-ឯកជនឱ្យកាន់តែរឹងមាំ៕
-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


