ព័ត៌មានជាតិ
តើក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់រដ្ឋសភា អាណត្តិទី៧ ជានរណា?
ក្បាលម៉ាស៊ីនថ្មីរបស់រដ្ឋសភា នីតិកាលទី៧នេះ នឹងដឹកនាំដោយប្រធានជាស្ត្រី គឺលោកស្រី ឃួន សុដារី និងលោក ជាម យៀប ជាអនុប្រធានទី១ ខណៈតំណែងជាអនុប្រធានទី២ ជំនួសដោយលោក វង សូត។ តើប្រធាន-អនុប្រធានរដ្ឋសភា ដែលជាក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់រដ្ឋសភានេះ ជានរណា?

លោកស្រី ឃួន សុដារី បានជាប់ឆ្នោតជាសមាជិករដ្ឋសភា ៦អាណត្តិជាប់ៗគ្នាមកហើយ ពោល គឺចាប់តាំងពីអាណត្តិទី២ ឆ្នាំ១៩៩៨ មកម្ល៉េះ។ ជាសមាជិករដ្ឋសភាជាង២៥ឆ្នាំមកនេះ លោកស្រី ឃួន សុដារី បានទទួលសេចក្ដីទុកចិត្ត ហើយត្រូវបានជ្រើសតាំងឱ្យកាន់តួនាទីសំខាន់ៗជាបន្តបន្ទាប់ ដូចជា ប្រធានគណៈកម្មការសិទិ្ធមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា នៃរដ្ឋសភា ជាប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី និងជាអនុប្រធានទី២ ខណៈនៅក្នុងអាណត្តិទី៧នេះ លោកស្រី នឹងក្លាយជាប្រធានរដ្ឋសភា។
តាមរយៈតំណែងជាប្រធានរដ្ឋសភារបស់លោកស្រី ឃួន សុដារី នៅពេលនេះ អាចនិយាយបានថា ជាអ្នកនយោបាយស្ត្រីដំបូងហើយក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានកាន់តំណែងកំពូលរបស់ជាតិ នៃអំណាចនីតិបញ្ញត្តិ ខណៈដែលសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះជាការលើកកម្ពស់តួនាទីស្ត្រីក្នុងកិច្ចការនយោបាយ។

បន្ថែមពីលើកិច្ចការសភា អ្នកនយោបាយស្ត្រីរូបនេះ មានតួនាទីជាសមាជិកគណៈអចិន្ត្រៃយ៍ និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកណ្ដាល ព្រមជាមួយនេះ លោកស្រីក៏កំពុងកាន់ជាអនុប្រធានកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
កាលពីអតីតកាល លោកស្រី ឃួន សុដារី ក៏ធ្លាប់ធ្វើជាអ្នកកាសែតផងដែរ ដោយនៅក្នុងឆ្នាំ១៩៨៧ លោកស្រីធ្វើជានិពន្ធនាយកសារព័ត៌មានប្រជាជន។ លោកស្រី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបានទៅសិក្សាសញ្ញបត្រសារព័ត៌មាន នៃវិទ្យាស្ថានអន្តរជាតិសារព័ត៌មាន នៅប្រទេសហុងគ្រី។
ចំណែក អ្នកនយោបាយចាស់វស្សា លោក ជាម យៀប ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ទម្លាយឱ្យដឹងថា នឹងរក្សាតំណែងជាអនុប្រធានទី១ នៃរដ្ឋសភាដដែល បន្ទាប់ពីលោកបានកាន់តំណែងនេះ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ជំនួសលោក ងួន ញ៉ិល។ លោក ជាម យៀប បានធ្វើជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាអតីតប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ចាប់តាំងពីនីតិកាលទី១ មកម្ល៉េះ។

មុនមកកាន់តួនាទីនៅរដ្ឋសភានេះ លោក ជាម យៀប ធ្លាប់ធ្វើជាគ្រូបង្រៀននៅអនុវិទ្យាល័យកំពង់ត្របែក ធ្វើជានាយទាហានក្នុងសម័យសាធារណរដ្ឋខ្មែរ ជាអតីតអភិបាលខេត្តព្រៃវែង ក្នុងចន្លោះឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៧ និងជាអនុរដ្ឋមន្ត្រីនៃក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រី រួមទាំងតំណែងសំខាន់ៗមួយចំនួនទៀត។
អនុប្រធានទី១ រដ្ឋសភារូបនេះ បានបញ្ចប់ការសិក្សាមកពីសហរដ្ឋអាមេរិក ដែលក្នុងនោះ លោកបានបញ្ចប់សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និងសញ្ញាបត្របណ្ឌិតផ្នែកច្បាប់ពាណិជ្ជកម្ម និងជាប់ជាបណ្ឌិតរដ្ឋ ក្នុងឆ្នាំ២០០៩ ខណៈលោក ក៏ទទួលសញ្ញាបត្រថ្នាក់បណ្ឌិតមហាបរិញ្ញាទស្សនៈវិជ្ជា ផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច។

ដោយឡែក បើនិយាយអំពីតំណែងជាអនុប្រធានទី២ រដ្ឋសភា គឺត្រូវជំនួសដោយលោក វង សូត ដែលត្រូវជាកូនប្រសាររបស់សម្ដេច ហេង សំរិន អតីតប្រធានរដ្ឋសភា។ លោក វង សូត បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច តាំងពីអាណត្តិទី៥ ឆ្នាំ២០១៣ គឺក្រោយពេលដែលលោកបានផ្លាស់ពីធ្វើជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕
ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក