ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត ចាត់ទុកការជួបជុំជាមួយពលរដ្ឋខ្មែរនៅលើទឹកដីអាមេរិក ជាមហាគ្រួសារខ្មែរតែមួយ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចាត់ទុកការជួបជុំជាមួយពលរដ្ឋខ្មែរប្រមាណ ២ ៥០០នាក់ នៅលើទឹកដីអាមេរិក ជាមហាគ្រួសារខ្មែរតែមួយ។ នេះបើតាមសំណេររបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅគេហទំព័រហ្វេសប៊ុកផ្លូវការ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីសម្ដេចធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាដោយសុវត្ថិភាព។

សម្ដេចធិបតី បានសរសេរនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការថា “ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយការអរព្រះគុណប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ និងអរគុណចំពោះ អ៊ុំពូមីង បងប្អូនប្រជាពលរដ្ឋខ្មែរចំនួនប្រមាណជាង ២ ៥០០នាក់ ដែលបានអញ្ជើញមកពីតាមបណ្តារដ្ឋ និងខេត្តនានា ក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដា ដើម្បីជួបជុំគ្នានៅទីក្រុងញូវយ៉ក។ ការណ៍នេះគឺជាការបង្ហាញនូវភាពកក់ក្តៅ ប្រកបដោយស្មារតីរួបរួម គាំទ្រជាមហាគ្រួសារតែមួយ ជូនចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារូបខ្ញុំព្រះករុណាខ្ញុំផ្ទាល់”។

ជាមួយគ្នានេះ សម្ដេចធិបតី បានអរគុណដល់ក្រុមការងារយុវជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយរៀបចំកម្មវិធីជួបជុំដ៏មានអត្ថន័យក្នុងធ្លុងសាមគ្គីភាពនៃមហាគ្រួសារខ្មែរ ប្រកបដោយភាពសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត។

ទិដ្ឋភាព នៃការជួបជុំពលរដ្ឋខ្មែរនៅលើទឹកដីអាមេរិកលើកនេះ គឺជាលើកទីមួយហើយក្នុងនាម សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា ដែលចូលកាន់តំណែងផ្លូវការ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ។ ដោយឡែក បើនិយាយពីជំនួបជាមួយពលរដ្ឋខ្មែរ កម្មករ កម្មការនី រោងចក្រ នៅក្នុងប្រទេសកម្ពុជាវិញ សូមរំលឹកឡើងវិញថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបជាមួយពលរដ្ឋខ្មែរចំនួន៤លើកហើយ។

លើកទី១ គឺធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ មានកម្មករ និយោជិត ចូលរួមចំនួន ១៨,០១៣នាក់។ លើកទី២ ធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករ និយោជិតចូលរួម ១៨,២៨៩នាក់។ លើកទី៣ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងខេត្តកំពង់ស្ពឺ ដែលមានកម្មករ និយោជិតចូលរួម ១៨,២៦៥នាក់ និងលើកទី៤ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅស្រុកបាទី ខេត្តតាកែវកាលពីថ្ងៃទី១៩ ខែកញ្ញា ដែលមានកម្មករ និយោជិតចូលរួម ១៨,១០៤នាក់។

ក្រៅតែពីជួបជាមួយកម្មករ កម្មការនីរោងចក្រ សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានប្រកាស កាលពីថ្ងៃទី០៩ ខែកញ្ញាថា សម្ដេច នឹងចុះជួបជាមួយអាជីវករលក់ដូរតាមផ្សារនាពេលខាងមុខ ដើម្បីដឹងពីតម្រូវការអ្វីដែលអាជីវករចង់បាន៕
ដោយ៖ ង៉ិល ណារ៉ាត់



-
សន្តិសុខសង្គម២១ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


