ព័ត៌មានជាតិ
សិប្បកម្មមួយនៅស្រុកជើងព្រៃ ប្រែក្លាយពីអ្នកបោះដុំត្រីស្រស់ មកជាសិប្បកម្មកែច្នៃត្រីងៀតគិតសុខភាពជាចម្បង
លោកស្រី ធឿន ស្រីនី ម្ចាស់សហគ្រាស «សិប្បកម្មត្រីងៀត ធឿន ស្រីនី» ដែលស្ថិតនៅភូមិថ្មី ឃុំសុទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានវិវត្តខ្លួនពីអ្នកបោះដុំត្រីស្រស់នៅក្នុងខេត្ត ក្លាយម្ចាស់សហគ្រាសផលិតត្រីងៀតដែលអនុវត្តស្របតាមស្តង់ដាអនាម័យ និងសុខភាពជាចម្បង។

ថ្លែងប្រាប់ «កម្ពុជាថ្មី» ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ម្ចាស់សិប្បកម្ម ធឿន ស្រីនី លើកឡើងថា ដំបូងឡើយលោកស្រីត្រឹមតែអ្នកលក់បោះដុំត្រីស្រស់ ប៉ុន្តែដោយមានគាំទ្រ លើកទឹកចិត្ត ជំរុញពីសំណាក់បងប្អូន សាច់ញាតិ ពិសេសអតិថិជន ដែលធ្លាប់បានភ្លក់រសជាតិ នៃការប្រឡាក់ត្រីងៀតលក់ ដែលជាមុខរបរបន្ទាប់បន្សំពីការលក់ត្រីស្រស់ ទើបលោកស្រីបានវិវត្តពីអ្នកលក់ត្រី មកជាអ្នកកែច្នៃត្រីជាលក្ខណៈគ្រួសារ រហូតឈានក្លាយជាសិប្បកម្មដូចបច្ចុប្បន្ននេះ។
លោកស្រីឲ្យដឹងថា សិប្បកម្មកែច្នៃត្រីងៀត ធឿន ស្រីនី ផ្ដោតសំខាន់ទៅលើគុណភាព អនាម័យ សុខភាពជាចម្បង និងបំពេញតម្រូវការចង់បានរបស់អតិថិជន ធ្វើយ៉ាងណាឲ្យស្របតាមស្តង់ដារផលិតផល និងអ្នកបរិភោគមានទំនុកចិត្ត។
ជាមួយរសជាតិ និងគុណភាព អនាម័យ ការវេចខ្ចប់ បានធ្វើឲ្យសិប្បកម្មចេះតែមានការគាំទ្រកាន់តែច្រើនទៅៗ ពីអតិថិជន ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ផលិតផលត្រីងៀតគោលនៅក្នុងសិប្បកម្ម ធឿន ស្រីនី មាន ៤ មុខ ខុសៗគ្នា ដូចជា ត្រីរ៉ស់ ត្រីអណ្ដែង ត្រីប្រា និងត្រីឆ្ដោ និងគួបផ្សំផលិតផលផ្សេងៗប្រហែល ២០ មុខបន្ថែមទៀត ដែលប្រមូលទិញត្រីស្រស់ពីកសិករដែលមានកសិដ្ឋានចិញ្ចឹមត្រីនៅក្នុងខេត្តនិងក្នុងតំបន់ប្រមាណពី ២០០ ទៅ ៣០០ គីឡូក្រាមក្នុងមួយថ្ងៃ ដើម្បីយកមកកែច្នៃឆ្លងកាត់ការសម្អាតជាច្រើនដំណាក់កាល ត្រូវចាយពេលរហូតដល់ ៤ ថ្ងៃ ទើបទទួលបានសមិទ្ធផលសម្រេចសម្រាប់នាំចេញទៅកាន់ទីផ្សារ។
លោកស្រី ធឿន ស្រីនី គូសបញ្ជាក់ថា «ផលិតផលចម្បងទាំង ៤ មុខ ក្នុងសិប្បកម្ម បែងចែកតាមលំដាប់ពីលេខ ១ ដល់លេខ ៣។ លេខ ១ គឺផលិតចេញមកស្អាត អស់ស្បែក អស់ឆ្អឹង មានតែសាច់ល្អ លេខ ២ អស់ឆ្អឹង មានស្បែក និងលេខ ៣ មានស្បែក មានឆ្អឹងធម្មតា»។
ចំណោមត្រីទាំង ៤ មុខ ក៏បែងចែកតម្លៃខុសៗគ្នា ដោយត្រីឆ្តោលេខ ១ តម្លៃ ៧៥ ០០០ រៀល ក្នុងមួយគីឡូក្រាម លេខ២ តម្លៃ ៦៥ ០០០ រៀល និងលេខ ៣ តម្លៃ ៤៥ ០០០រៀល។ ចំពោះត្រីរ៉ស់ លេខ១ តម្លៃ ៦៥ ០០០ រៀល លេខ២ តម្លៃ ៥៥ ០០០រៀល និងលេខ៣ តម្លៃ ៣៥ ០០០រៀល ក្នុង ១គីឡូក្រាម។
សម្រាប់ត្រីអណ្ដែងនិងត្រីប្រាមាន ២ កម្រិត និងមានតម្លៃដូចគ្នា គឺលេខ ១ តម្លៃ ៤៥ ០០០ រៀល និងលេខ ២ តម្លៃ ៣៥ ០០០ រៀល ក្នុង ១ គីឡូក្រាម។
ម្ចាស់សិប្បកម្មរូបនេះបញ្ជាក់ថា ការផលិតត្រីងៀតនៅសិប្បកម្មលោកស្រីមិនត្រឹមតែមានការគាំទ្រពីអតិថិជនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏មានអតិថិជនពីក្រៅស្រុកគាំទ្រច្រើនដូចជា អាមេរិក ជប៉ុន អូស្ត្រាលី និងកូរ៉េ ជាដើម ដែលតែងតែកុម្ម៉ង់ទិញជាហូហែរ។


បើតាមម្ចាស់សិប្បកម្ម លោកស្រី ធឿន ស្រីនី ត្រីឆ្តោ និងត្រីរ៉ស់ មានតម្រូវការទីផ្សារខ្ពស់ជាងគេនៅក្នុងការនាំចេញ ដោយក្នុងនោះបានចរាចរណ៍នៅក្នុងទីផ្សារតាមម៉ាតតូចៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាផ្គត់ផ្គង់តម្រូវការទីផ្សារទាំងបោះដុំនិងលក់រាយ។


ម្ចាស់សហគ្រាសរូបនេះក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ចូលរួមគាំទ្រផលិតផលក្នុងស្រុក ហើយត្រូវគិតពីសុវត្ថិភាពចំណីអាហារ អនាម័យ គុណភាពនៃការផលិត និងយល់ដឹងពីប៉ះពាល់ដល់សុខភាព មិនមែនមើលតែលើរូបភាពខាងក្រៅល្អហើយ មានតម្លៃថោក និងសមរម្យ នាំគ្នាទិញមកបរិភោគនោះទេ។


ដោយសារមានការគាំទ្រពីពលរដ្ឋកាន់តែច្រើនឡើង លោកស្រី ធឿន ស្រីនី បានអះអាងថានឹងបន្តខិតខំអនុវត្តខ្សែសង្វាក់ផលិតកម្មឲ្យបានកាន់តែល្អប្រសើរ ព្រមទាំងធានាគុណភាព រសជាតិ អនាម័យ ការវេចខ្ចប់ សំដៅធានាសុខភាពអ្នកបរិភោគគ្មានផលប៉ះពាល់៕
-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


