ព័ត៌មានជាតិ
សហគ្រាសជលផលចំនួន ២៣ ទទួលបានកញ្ចប់គាំទ្រ ពីកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ ដល់សហគ្រាសជលផលខ្នាតតូចនិងមធ្យម
ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការលើកកម្ពស់និរន្តរភាពនិងភាពប្រកួតប្រជែងរបស់វិស័យជលផលនៅកម្ពុជា គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានប្រគល់កញ្ចប់គាំទ្រជាផ្លូវការដល់សហគ្រាសជលផលក្រោយប្រមូលផលចំនួន ២៣ តាមរយៈកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) និងកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូចនិងមធ្យម (VCIS) ដែលមានសហគ្រាសជាងពាក់កណ្តាលគ្រប់គ្រងដោយស្រ្តី។


កម្មវិធី ISF បានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០២៤ ក្នុងគោលដៅគាំទ្រដល់សហគ្រាសជាង ១០០ ក្នុងការសម្រេចបាននូវកំណើនប្រកបដោយចីរភាព និងគ្រប់គ្រងដោយសាជីវកម្មធានាឥណទានកម្ពុជា (CGCC)។
លោក ប្រាយអិន ហ្វរណារី ប្រធានកិច្ចសហប្រតិបត្តិការនៃស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានមានប្រសាសន៍លើកឡើពីផលជះនៃសុវត្ថិភាពម្ហូបអាហារ ជាកត្តាជំរុញដ៏សំខាន់មួយដល់កំណើនសេដ្ឋកិច្ច។
លោកថា នៅពេលដែលសហគ្រាសអាចបំពេញបានតាមលក្ខខណ្ឌតម្រូវនៃស្តង់ដារសុវត្ថិភាពម្ហូបអាហារ រួមទាំងការអនុវត្តប្រព័ន្ធអង្កេតដាន សហគ្រាសទាំងនោះនឹងមិនត្រឹមតែអាចរីកចម្រើនក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចពង្រីកទៅកាន់ទីផ្សារអន្តរជាតិផងដែរ បន្ថែមលើការបង្កើតការងារ ជាពិសេសសម្រាប់ស្ត្រី និងលើកកម្ពស់សុខភាពសាធារណៈ។
គម្រោង CAPFISH-Capture គឺជាផ្នែកមួយនៃកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (CAPFish) របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU)។ គម្រោងនេះ អនុវត្តរួមគ្នាដោយ
រដ្ឋបាលជលផល (FiA) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ដើម្បីលើកស្ទួយនិងកែលម្អ
ប្រតិបត្តិការរបស់សហគ្រាសជលផលក្នុងស្រុក។
បន្ថែមពីលើកម្មវិធី VCIS របស់គម្រោង CAPFISH-Capture ដែលបានកំពុងតែដំណើរការក្នុងការផ្តល់ការគាំទ្រ ជាសម្ភារបរិក្ខារនិងជំនួយបច្ចេកទេសដល់សហគ្រាស និងតួអង្គក្នុងខ្សែច្រវាក់តម្លៃ រួមទាំងអ្នកផ្គត់ផ្គង់ធាតុចូល កម្មវិធី ISF ផ្តល់ការគាំទ្រដល់ជាប្រាក់កម្ចីនិងជំនួយបច្ចេកទេសសមស្រប ដើម្បីបង្កើនប្រសិទិ្ធភាពប្រតិបត្តិការនិងការកែច្នៃផល ផលិតផល ជលផលជារួម។
យុទ្ធវិធីនេះ រួមចំណែកបង្កើនផលិតភាពរបស់សហគ្រាសនិងកែលម្អគុណភាព និងសុវត្ថិភាពរបស់ផលិតផល។

លោក Gunther BEGER នាយកគ្រប់គ្រងអគ្គនាយកដ្ឋានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអង្គការ UNIDO បានសង្កត់ធ្ងន់លើសារៈសំខាន់នៃគំនិតផ្តួចផ្តើមកម្មវិធី ISF ដោយមានប្រសាសន៍ថា «តាមរយៈកិច្ចសហការជាសារវ័ន្តជាមួយរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុដៃគូ យើងអាចផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សហគ្រាសជលផល។ កម្មវិធីនេះ មានគោលដៅផ្តល់តម្លៃបន្ថែមនិងបង្កើនបរិមាណផ្គត់ផ្គង់ផលិតផលជលផលដែលមានសុវត្ថិភាព ដើម្បីធ្វើឲ្យកាន់តែមានភាពប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ រួមទាំង សហភាពអឺរ៉ុប»។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កោតសសើរគម្រោង CAPFISH-Capture និង សាជីវកម្ម CGCC ចំពោះវឌ្ឍនភាពដែលសម្រេចបានមកទល់ពេលនេះ.
កម្មវិធី ISF ស្តង់ដារសុវត្ថិភាពម្ហូបអាហារ និងប្រព័ន្ធអង្កេតដាន គឺជាគំនិតផ្ដួចផ្ដើមដ៏ល្អ ដែលនឹងរួមចំណែកបង្កើនផលិតផលសរុបក្នុងស្រុក (GDP) និងជំរុញឱ្យមានការផ្លាស់ប្តូរជាប្រព័ន្ធ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ (Pentagonal Strategy) របស់រាជរដ្ឋាភិបាលកម្ពុជា។
បើតាមលោករដ្ឋមន្រ្តី បទពិសោធជោគជ័យនៃគំនិតផ្តួចផ្តើមទាំងនេះ មិនត្រឹមតែអាចលើកកម្ពស់កំណើនសេដ្ឋកិច្ចនិងនិរន្តរភាពនៃ អនុវិស័យកសិកម្មនិងជលផលរបស់កម្ពុជាប៉ុណ្ណោះទេ តែក៏នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់ផងដែរ។
ដើម្បីផ្តល់ការគាំទ្របន្ថែមសម្រាប់សហគ្រាសក្នុងស្រុក ដែលមានសក្តានុពលក្នុងស្រុកនាំចេញផលិតផល គម្រោង CAPFISH-Capture បានបង្កើតនិងដាក់ឱ្យដំណើរការប្រព័ន្ធអង្កេតដានឌីជីថល ដែលមានឈ្មោះថា CamTrace។ ប្រព័ន្ធ CamTrace អាចជួយឱ្យសហគ្រាសអាចនាំចេញផល ផលិតផលជលផលរបស់ខ្លួនទៅកាន់ទីផ្សារក្រៅស្រុក ខណៈដែលវាជួយឲ្យអ្នកបរិភោគអាចផ្ទៀងផ្ទាត់ព័ត៌មានពាក់ព័ន្ធទៅនឹងប្រភពដើមផលិតផលបាន។ បច្ចុប្បន្ន មានសហគ្រាសចំនួនប្រាំបីកំពុងប្រើប្រាស់ប្រព័ន្ធនេះ។ ការអនុវត្តប្រព័ន្ធនេះកាន់តែច្រើនពីសំណាក់សហគ្រាសដែលមានសក្តានុពលនាំចេញផ្សេងទៀត នឹងពន្លឿនលទ្ធភាពនៃការនាំចេញផល ផលិតផលជលផលមានគុណភាពនិងសុវត្ថិភាពបានកាន់តែលឿន។
តាមរយៈកម្មវិធី ISF នេះ គម្រោង CAPFISH-Capture បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់មួយទៀតរបស់ខ្លួនក្នុងការជំរុញការអភិវឌ្ឍវិស័យជលផលរបស់កម្ពុជា ដោយធានាថាសហគ្រាសក្នុងស្រុកមានការរីកចម្រើននិងភាពប្រកួតប្រជែងនៅក្នុងទីផ្សារសកល។ គំនិតផ្តួចផ្តើមនេះ បានរួមចំណែកពង្រឹងភាពធន់របស់សេដ្ឋកិច្ចជាតិនិងសុខភាពសាធារណៈ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


