Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ធំ​មួយ​នៅ​ស្រុក​ខ្មែរ បង្ហើប​ប្រាប់​យុវជន​ថា​ជំនាញ​បច្ចេកទេស​កំពុង​ត្រូវប៉ាន់​ណាស់

បានផុស

នៅ

ក្រុមហ៊ុន​នាំចូល និង​ដំឡើងរថយន្ត​ដ៏​ធំ​នៅ​ស្រុក​ខ្មែរ អ អឹម អេ (​ខេ​ម​បូ​ឌា​) បាន​អំពាវនាវ​ឱ្យ​យុវជន​ងាក​មក​សិក្សា​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​កម្រិត​មធ្យម និង​កម្រិត​ខ្ពស់​ព្រោះ​បច្ចុប្បន្ននេះ​ក្រុមហ៊ុន​ធំៗ កំពុងមាន​តម្រូវ​ការជំនាញ​បច្ចេកទេស​ទាំងនេះ​ដើម្បី​បំពេញ​ទីផ្សារការងារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០២៣​ដែលមាន​យុវជន​ចូលរួម​រាប់រយ​នាក់ នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពីពេល​ថ្មីៗ​នេះ លោក សាយ រតនៈ ប្រធាន​នាយកដ្ឋាន​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស តំណាង​ក្រុមហ៊ុន អ អឹម អេ (​ខេ​ម​បូ​ឌា​) មានប្រសាសន៍ថា ក្រុមហ៊ុន​ធំៗ​ជាពិសេស​ក្រុមហ៊ុន​របស់លោក​កំពុងមាន​តម្រូវការ​បុគ្គលិក​ដែលមាន​ជំនាញ​បច្ចេកទេស​កម្រិតមធ្យម និង​ខ្ពស់ សម្រាប់​បម្រើការ​ក្នុង​សង្វាក់​ផលិតកម្ម​ដែលមាន​ឱកាស​ការងារ​រាប់រយ​កន្លែង​ក្នុង​១​ខែៗ​។

​លោក​ថា “​ជា​មធ្យម​ក្រុមហ៊ុន​របស់លោក​ត្រូវការ​បុគ្គលិក​១០០​ទៅ​២០០​នាក់​ក្នុង​មួយខែ ក្នុងនោះ​ភាគច្រើន​ក្រុមហ៊ុន​ជ្រើសរើស​អ្នកជំនាញ​បច្ចេកទេស​មធ្យម និង​ខ្ពស់ៗ​។ ដូច្នេះ​ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​យុវជន​ត្រៀមលក្ខណៈ​ក្នុង​ការចាប់​ជំនាញ​បច្ចេកទេស​ទាំងនោះ ព្រោះ​ទីផ្សារ​បច្ចុប្បន្ន​មាន​តម្រូវការ​ណាស់​ខណៈដែល​កម្លាំង​ពលកម្ម​បច្ចុប្បន្ន​ត្រូវការ​បណ្តុះបណ្តាល​”​។​

សម្រាប់​ប្រធាន​នាយកដ្ឋាន​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​រូប​នេះ ប្រទេស​កម្ពុជា​កំពុង​ប្រែក្លាយ​ពី​ប្រទេស​ប្រើប្រាស់​រថយន្ត​មកជា​ប្រទេស​ដំឡើងរថយន្ត ហើយ​ថ្ងៃ​ខាងមុខ គឺ​ឆ្ពោះ​បន្តទៅ​ប្រទេស​ផលិត​រថយន្ត ដូចនេះ តម្រូវការ​លើ​អ្នកជំនាញ​បច្ចេកទេស​កម្រិត​មធ្យម និង​ខ្ពស់​គឺជា​អាទិភាព​ដែល​ក្រុមហ៊ុន​ត្រូវការ​ខណៈដែល​ក្រុមហ៊ុន​បាន​ចំណាយ​ថវិកា​មិនតិចជាង​កន្លះ​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​ដើម្បី​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន​ជំនាញ​បន្ថែម​ដល់​បុគ្គលិក​ដែលមាន​ជំនាញ​កម្រិត​ទាប​ឱ្យ​ចាប់យក​ជំនាញ​កម្រិត​​មធ្យ​ម និង​ខ្ពស់​ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​។

​មិនតែប៉ុណ្ណោះ ការ​មាន​ជំនាញ​មធ្យម និង​ខ្ពស់​នេះ គឺ​នឹង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ចំណូល​ខ្ពស់​មាន​ជីវភាព​ធូ​ធារ ហើយ​អាច​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​ប្រែក្លាយ​កម្ពុជា​ឱ្យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ នេះ​បើតាម​តំណាង​ក្រុមហ៊ុន​អ អឹម អេ (​ខេ​ម​បូ​ឌា​)​ដដែល​។

​សូមជម្រាបថា ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​(NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ សមាគម​វាយ​ន​ភណ្ឌ សំលៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា (TAFTAC) អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​អង្គការ​ភី​ផល​អី​ន​និ​ត (People in Need Cambodia) និង​គាំទ្រ​ដោយ​ដៃគូ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​នឹង​រៀបចំ “​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០២៣” នៅ​អាគារ​ពាណិជ្ជកម្ម និង​ពិព័រណ៍​កោះ​ពេជ្រ រយៈពេល​២​ថ្ងៃ​ជាប់​គ្នា គឺ​នៅ​ថ្ងៃទី​១០-១១ ខែវិច្ឆិកា ឆ្នាំ​២០២៣ ខាងមុខនេះ ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៨​យប់​។

​ពិព័រណ៍​ការងារ​នេះ មានការ​ចូលរួម​ពី​សំណាក់​ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​ចំនួន​ប្រមាណ​១៥០ ហើយ​មាន​ស្តង់​សរុប​ជាង​១៨០ ដែល​នឹង​ផ្តល់ឱកាស​ការងារ​រហូត​ដល់​ជាង ២០,០០០​កន្លែង ហើយ​ក្រសួង​រំពឹងថា​នឹងមាន​អ្នកចូលរួម​ប្រមាណ​ជាង​៣០,០០០​នាក់​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម