Connect with us

ព័ត៌មានជាតិ

បណ្ឌិត លី ឆេង៖ យុវជនត្រូវមានមនសិការជាតិ សាមគ្គីភាពជាតិ ជាធ្លុងមួយយ៉ាងរឹងមាំ

បានផុស

នៅ

បណ្ឌិត លី ឆេង តំណាងរាស្រ្ត មណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធីគ្រុប បានថ្លែងថា យុវជនត្រូវមានមនសិការជាតិ សាមគ្គីភាពជាតិ ឯកភាពជាតិជាធ្លុងមួយយ៉ាងរឹងមាំ ហើយត្រូវជឿជាក់ និងគាំទ្រលើការដឹកនាំដ៏ត្រឹមត្រូវ របស់ថ្នាក់ដឹកនាំ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរ-ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងឱកាសប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប៊ែលធីជូនដល់សិស្សប៊ែលធីថ្នាក់ទី១២ ជំនាន់ទី២០ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន ២,៦៨០នាក់ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥។

បណ្ឌិត លី ឆេង បានកោតសរសើរចំពោះសិស្សានុសិស្ស ដែលបានខិតខំយកចិត្តទុកដាក់ប្រឹងប្រែង សិក្សារៀនសូត្ររយៈពេល ១២ឆ្នាំកន្លងមកនេះ ជាពិសេស គោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលនេះ។ ជាមួយនឹងជោគជ័យរបស់សិស្ស លោកបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ដែលបានផ្តល់ឱកាស និងជំរុញកូនៗឱ្យសិក្សាបន្ថែមនៅផ្ទះ ធ្វើកិច្ចការផ្ទះ និងគោរព វិន័យសាលា ព្រមទាំងសហការយ៉ាងជិតស្និតជាមួយគណៈគ្រប់គ្រងនៅតាមបណ្តាសាខានៃសាលា ប៊ែលធី អន្តរជាតិ។

លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅបានឱ្យដឹងថា៖ បច្ចុប្បន្ន សាលា ប៊ែលធី អន្តរជាតិ មាន ៣៣សាខា (៣២សាខា កំពុងដំណើរការ និង ១សាខាកំពុងសាងសង់) ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៨៩៦នាក់ (នារី ១,១០៨នាក់) និងមានសិស្សានុសិស្សកំពុងសិក្សា សរុបចំនួន ៦០,៥៥៩នាក់ (នារី ២៩,២៩២នាក់)។ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នេះ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី១២ ចូលរួមប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ២,៧៥៤នាក់  ក្នុងនោះ ជាប់ ២,៦៨០នាក់ ស្មើនឹង ៩៧.៣១% និងមានសិស្សនិទ្ទេសA ចំនួន ២៣៩នាក់។

ចំពោះសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងទទួលបានសញ្ញាបត្រចំនួនពីរ៖ ១-ចេញដោយ សាលា ប៊ែលធី អន្តរជាតិ និង ២-ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវែបសាយរបស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិសម្រាប់សិស្សគ្រប់រូបទាញយក  (Download) ប្រើប្រាស់ជាផ្លូវការផងដែរ។

លោកបណ្ឌិត លី ឆេង ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សារៀនសូត្របន្ថែមទៀតនៅថ្នាក់ ឧត្តមសិក្សា ដោយធ្វើការជ្រើសរើសនូវមុខវិជ្ជាណាដែលខ្លួនស្រឡាញ់ពេញចិត្ត សម្រាប់ធ្វើជាអាជីពខ្លួនឯងទៅថ្ងៃអនាគត និងប្រកួតប្រជែងដណ្តើមទីផ្សារការងារជាមួយបណ្តាយុវជនទាំងអស់ ទាំងក្នុងតំបន់អាស៊ាននិងពិភពលោក ដើម្បីដើរឱ្យទាន់នូវការរីកចម្រើនផ្នែកបច្ចេកវិទ្យាសម័យបដិវត្តឧស្សាហកម្ម ៤.០។ ជាពិសេស ត្រូវមានមនសិការជាតិ សាមគ្គីភាពជាតិ ឯកភាពជាតិជាធ្លុងមួយយ៉ាងរឹងមាំ ហើយត្រូវជឿជាក់ និងគាំទ្រលើការដឹកនាំដ៏ត្រឹមត្រូវ របស់ថ្នាក់ដឹកនាំ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរ- ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕

អត្ថបទ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម