Connect with us

ព័ត៌មានជាតិ

គ្រូវិទ្យាល័យ អណ្ដូងមាស ខេត្តរតនគិរី ស្នើមន្ទីរអប់រំ ដក​នាយកស្តីទីមួយរូប

បានផុស

នៅ

នៅក្នុងពាក្យស្នើសុំប្ដូរគណៈគ្រប់គ្រងសាលាដែលបានចុះកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ដែល កម្ពុជាថ្មី ទទួលបានពីក្រុមគ្រូបង្រៀននៅថ្ងៃនេះ បានលើកឡើង នូវចំណុចមិនពេញចិត្តចំពោះគណៈគ្រប់គ្រងសាលាមួយរូបអំពី ភាពមិនប្រក្រតីក្នុងការចំណាយថវិការអភិវឌ្ឍសាលា ភាពមិនប្រក្រតីក្នុងការបើកអាហារូបករណ៍ដល់សិស្សក្រីក្រ គ្មានសមត្ថភាពគ្រប់គ្រង និងការប្រកាន់បក្សពួកនិយម ក្នុងការគ្រប់គ្រងរបស់លោកកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងគ្រូដាក់ពាក្យស្នើសុំប្ដូរគណៈគ្រប់គ្រងសាលា ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ កម្ពុជាថ្មី ថា អតីតនាយករង បានឡើងមក នាយកស្ដីទី ឬគណៈគ្រប់គ្រងវិទ្យាល័យ អណ្ដូងមាស ជាង៤ឆ្នាំហើយ បន្ទាប់ពីនាយកវិទ្យាល័យមុនបានប្ដូរការងារ ប៉ុន្តែមិនបានធ្វើឱ្យវិទ្យាល័យមានភាពប្រសើរជាងមុន ព្រមទាំងបង្កភាពមិនប្រក្រតីដូចបានបង្ហាញខាងលើស្រាប់។

តំណាងគ្រូរូបនោះ បានបន្តថា បន្ទាប់ពីលោកគ្រូអ្នកគ្រូដាក់បណ្ដឹងមក ប្រធានការិយាល័យ និងប្រធានមន្ទីរអប់រំ បានចុះមកវិទ្យាល័យដើម្បីសម្របសម្រួលប៉ុន្មានដងមកហើយ និងបានឱ្យគណៈគ្រប់គ្រងវិទ្យាល័យ អណ្ដូងមាស កែកំហុសឆ្គង ប៉ុន្តែគណៈគ្រប់គ្រងរូបនោះនៅតែបន្តធ្វើការដដែល។

តំណាងគ្រូបានប្រសាសន៍ថា៖ “ខាងមន្ទីរ​ (អប់រំ យុវជន និងកីឡាខេត្តរតនគិរី) ទើបចុះមកសម្របសម្រួល កាលពីថ្ងៃទី២៤ ខែមករា កន្លងទៅនេះ។ គាត់ (គណៈគ្រប់គ្រងវិទ្យាល័យអណ្ដូងមាស) បានធ្វើកំហុសច្រើនណាស់ គាត់ (ការិយាល័យ និងមន្ទីរអប់រំ យុវជន និងកីឡា) នៅតែសម្របសម្រួលម៉េច? កំហុសប៉ុនហ្នឹងហើយ នៅការពារបុគ្គលបែបហ្នឹងទៀត”។​

តំណាងគ្រូ បានមានប្រសាសន៍បន្តទៀតថា៖ “ការមកសម្របសម្រួលនោះ គាត់ (មន្ត្រីមន្ទីរអប់រំ) ថានឹងដាក់ពិន័យ តែមិនឃើញដាក់ពិន័យ និងដាក់ទណ្ឌកម្មផ្នែករដ្ឋបាលអីផង។ គាត់ (គណៈគ្រប់គ្រងវិទ្យាល័យអណ្ដូងមាស) នៅតែធ្វើការដដែល”។

លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ថា ឆ្លើយតបទៅនឹងបណ្ដឹងរបស់លោកគ្រូអ្នកគ្រូនៅវិទ្យាល័យ អណ្ដូងមាស ក្រុមការងារមន្ទីរ បានចុះទៅដោះស្រាយបណ្ដឹងនោះ៤ដងហើយ ដោយក្រុមអ្នកប្ដឹងក៏បានចូលរួមក្នុងដំណោះស្រាយនោះដែរ។

លោក ខាត់ សាម៉ាល់ មានប្រសាសន៍ថា៖ “នៅពេលមានវិវាទកើតឡើង ខ្ញុំគិតថា ដំណោះស្រាយគឺ ត្រូវរកដំណោះស្រាយឈ្នះៗ ទទួលខុសត្រូវទាំងអស់គ្នា ទទួលផ្លាស់ប្ដូរទាំងអស់គ្នា។ ខ្ញុំបានឱ្យអ្នកជំនាញទៅពិភាក្សា ទៅពិនិត្យ ទៅសម្របសម្រលហ្នឹង៣លើកមុនហើយ ហើយលើកចុងក្រោយនេះ ក៏បានធ្វើលិខិតស្ដីបន្ទោសគណៈគ្រប់គ្រងសាលាហ្នឹងទៀត អ៊ីចឹងបើឱ្យខ្ញុំធ្វើលើសពីហ្នឹងទៀតអត់កើតទេ ដោយសារនេះជាកំហុស ដែលទី១ កំហុសបច្ចេកទេស ទី២ កំហុសមិនយល់គ្នា”។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី បានមានប្រសាសន៍បន្តទៀតថា មន្ទីរបានចេញលិខិតស្ដីបន្ទោសមួយជូនគាត់រួចហើយ ហើយបានអានជូនអង្គប្រជុំហ្នឹងកាលពី២សប្ដាហ៍មុនរួចហើយ។

លោក ខាត់ សាម៉ាល់ ពន្យល់ថា៖ “អ៊ីចឹង នៅក្នុងទិសដៅហ្នឹង បើសិនណាជាគាត់ (គណៈគ្រប់គ្រងវិទ្យាល័យអណ្ដូងមាស) កែប្រែទៅតាមលិខិតស្ដីបន្ទោសហ្នឹង យើងនឹងពិចារណាបន្តទៅទៀត។ ​បើសិនណាគាត់មិនអនុវត្តតាមលិខិតស្ដីបន្ទោសហ្នឹងទេ នៅក្នុងច្បាប់លក្ខខ្តិកៈមន្ត្រីរាជការស៊ីវិល គាត់អាចបាត់បង់តួនាទីជាគណៈគ្រប់គ្រងសាលា ឬមួយក៏ត្រូវផ្លាស់ប្ដូរទីកន្លែងបម្រើការងារដោយបង្ខំ។ ជាទូទៅត្រូវទុកពេល៦ខែដើម្បីឱ្យគាត់កែខ្លួន និងមន្ទីរតាមដានប្រសិទ្ធិភាពនៃការកែប្រែនោះ”។

លោក ខាត់ សាម៉ាល់ បានបញ្ជាក់ថា គណៈគ្រប់គ្រងវិទ្យាល័យរូបនោះមិនទាន់ទទួលការប្រកាសថា មានតួនាទីជានាយក ឬនាយកស្ដីទីទេ ក្រោយពីអតីតនាយកដែលមានប្រកាស ឬដីការបស់រដ្ឋបាលខេត្តបានផ្លាស់មកធ្វើការនៅក្រុងមក។

លោក ខាត់ សាម៉ាល់ បង្ហាញាថា៖ “ដំណាក់កាលទី១ ការិយាល័យអប់រំយុវជន និងកីឡាស្រុកនឹងវាយតម្លៃ តើគាត់មានសមត្ថភាពធ្វើជាគណៈគ្រប់គ្រងសាលាបន្តទៀត ឬអត់ បើសមត្ថភាព បទពិសោធន៍ បច្ចេកទេសជំនាញគាត់ប៉ុណ្ណឹង បន្ទាប់មកឆ្លងដល់រដ្ឋបាលស្រុកពិនិត្យមើល រួចមក ទើបមកដល់មន្ទីរវាយតម្លៃមុននឹងស្នើសុំដីកាពីថ្នាក់ខេត្តផ្ដល់តួនាទីជានាយកវិទ្យាល័យ”។

លោក ម៉ម បាសាក់ គណៈគ្រប់គ្រងវិទ្យាល័យអណ្ដូងមាស បានប្រាប់ កម្ពុជាថ្មី ថា លោកបានកែសម្រួលតាមការណែនាំរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត រួចហើយ ដោយមន្ទីរក៏បានចេញជាលិខិតណែនាំនោះទៀត។

លោក ម៉ម បាសាក់ មានប្រសាសន៍ថា៖ “ខ្ញុំបានកែប្រែទាក់ទងទៅនឹងការដឹកនាំ ក៏ដូចជាការងារក្នុងសាលារៀនមួយចំនួន។ ខ្ញុំមិនមែនកំហុសទាក់ទងនឹងការប៉ះពាល់លុយកាក់នោះទេ។ មន្ទីរក៏បានចុះមកដោះស្រាយ និងឯកភាពគ្នារួចហើយដែរ។ នោះមិនមែនជាកំហុសទេ គឺជាចំណុចការខ្វះខាតក្នុងការបំពេញការងារ។

លោក ម៉ម បាសាក់ បានលើកឡើងថា លោកមានការលំបាកខ្លះក្នុងការអនុវត្តការងាររដ្ឋបាល និងការងារបច្ចេកទេស។

លោក បានបកស្រាយថា៖ “ដោយសារតែខ្ញុំមិនមែនជានាយកពេញសិទ្ធិទេ ខ្ញុំគ្រាន់តែជានាយកស្ដីទីក្នុងការដឹកនាំដំណើរការមួយរយៈពេលនេះ។ ខ្ញុំនឹងតាំងចិត្តខិតខំបំពេញការងារនេះ អ្វីដែលនៅខ្វះចន្លោះ ខ្ញុំនឹងប្រឹងប្រែងធ្វើការងារនេះឱ្យល្អថែមទៀតនៅក្នុងឆ្នាំសិក្សាថ្មីនេះ”។     

គួរបញ្ជាក់ផងដែរថា វិទ្យាល័យ អណ្ដូងមាស ស្ថិតនៅភូមលោម ឃុំម៉ាលិក ស្រុកអណ្ដូងមាស ខេត្តរតនគិរី។ ក្នុងឆ្នាំសិក្សា២០២០ ២០២១ នេះ វិទ្យាល័យ អណ្ដូងមាស មានគ្រូសរុប២៤នាក់ ស្រី៦នាក់ និងសិស្សសរុបជាង៥០០នាក់។

អត្ថបទ៖ ខាន់ ច័ន្ទវីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម