ព័ត៌មានជាតិ
លោកឃួង ស្រេង ផ្តាំផ្ញើឱ្យសមាជិកបក្ស ពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង បង្រ្កាបបទល្មើស ក្មេងទំនើង និងគ្រឿងញៀន
លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានផ្តាំផ្ញើឱ្យសមាជិក សមាជិកាទាំងអស់ ត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង ជាមួយគ្នានេះ មន្ត្រីនគរបាលប៉ុស្តិ៍ អធិការខណ្ឌ ក៏ត្រូវបម្រើប្រជាពលរដ្ឋឱ្យបានល្អ លើការងារអត្តសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាន លិខិតឯកសារផ្សេងៗ និងការងារបង្រ្កាបបទល្មើស ក្មេងទំនើងនិងគ្រឿងញៀនជាដើម។

ការផ្តាំផ្ញើបែបនេះបានធ្វើឡើងក្នុងពិធីសំណោះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យនាល្ងាចថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥នៅគណបក្សខណ្ឌមានជ័យ។

ក្នុងឱកាសនោះ លោកឃួង ស្រេងបានឱ្យលោកប្រធានភូមិនានាសង្កាត់ចាក់អង្រែលើ ឡើងរាយការណ៍ពីសមិទ្ធផលការងារនានាដែលសម្រេចបានលើកឡើងពីចំណុចខ្វះខាតនិងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីយកបញ្ហាទាំងនោះមកដោះស្រាយ ឱ្យក្លាយជាប្រយោជន៍ប្រជាពលរដ្ឋ ឈានទៅយកជ័យជំនះក្នុងការបោះឆ្នោយនៅឆ្នាំ២០២៧-២០២៨ខាងមុខនេះ។

ក្នុងនោះដែរ លោកឃួង ស្រេង បានណែនាំដល់គណៈកម្មាធិការគណបក្ស សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យនិងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌមានជ័យត្រូវតែដណ្ដើមឱ្យបានជោគជ័យក្នុងការបោះឆ្នោតឆ្នាំ២០២៧ និង ២០២៨,ឆ្នាំ២០៣២និង២០៣៣ ក៏គណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោតរហូត។

លោកឃួង ស្រេង បានថ្លែងថា មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវបម្រើប្រជាពលរដ្ឋដោយស្មោះសរ ហើយត្រូវចាត់ទុកខ្លួនឯងជាអ្នកបម្រើប្រជាពលរដ្ឋ។ ក្នុងនាមអាជ្ញាធរដែលជាអ្នកបម្រើប្រជាពលរដ្ឋ នៅពេលពលរដ្ឋមានទុក្ខ ដាច់ខាតត្រូវតែមានមុខ ចុះជួយពួកគាត់ បើហួសពីសមត្ថភាពរបស់ខ្លួន ត្រូវរាយការណ៍ទៅថ្នាក់លើភ្លាម ដើម្បីដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលានិងសូមឱ្យមន្ត្រីយើងយកគំរូតាមថ្នាក់ដឹកនាំកំពូលរបស់យើង លើកិច្ចការងារ បម្រើប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បានណែនាំដល់លោកមេភូមិ លោកចៅសង្កាត់ដែលជាមន្ត្រីបក្សសង្កាត់ផងនោះហើយក៏ជាមន្ត្រីមូលដ្ឋានត្រូវសហការជាមួយអាជ្ញាធរខណ្ឌ អធិការនគរបាល កងរាជអាវុធខណ្ឌមានជ័យ ដែលសុទ្ធជាមន្ត្រីបក្សត្រូវបន្តការយកចិត្តទុកដាក់ក្នុងការពារសន្តិសុខ សណ្ដាប់ របៀបរៀបរយសាធារណៈក្នុងមូលដ្ឋានឱ្យបានល្អជូនប្រជាពលរដ្ឋបញ្ហាសន្តិសុខនេះសំខាន់ណាស់អ្នកណាក៏ត្រូវការសន្តិសុខដែរអ្នកតូច អ្នកធំ អ្នកមាន លោក ឧកញ៉ា ។ល។ ចំពោះការការពារជាតិមាតុភូមិ ប្រជាជន ការពារសន្តិភាពនិងការពារបូរណភាពទឹកដីឬព្រំដែនមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជានិងថ្នាក់ដឹកនាំគណបក្សជាអ្នកដឹកនាំការពារហើយ។
លោកឃួង ស្រេង បានថ្លែងនូវការអរគុណ ចំពោះមន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តរហូតធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះក្នុងការបោះឆ្នោតរហូតមក ហើយចំពោះអ្វីដែលជាការស្នើសុំរបស់លោកប្រធានភូមិទាំងអស់ពាក់ព័ន្ធឱ្យជួយការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ភ្លើងបំភ្លឺសាធារណៈ លូ ជាដើមនៅក្នុងមូលដ្ឋាន ហើយត្រូវបានលោក ឃួង ស្រេង បានឯកភាពនិងទទួលយកទាំងអស់ទៅដោះស្រាយជាបន្តបន្ទាប់ជូនព្រោះនៅភ្នំពេញមាន១០៥សង្កាត់ មិនអាចដោះម្ដងអស់នោះទេ ប៉ុន្តែទោះជាយ៉ាងណាក្នុងឆ្នាំ២០២៧ដោះស្រាយឱ្យអស់ដែរ។

លោកឃួង ស្រេង បានលើកឡើងថា ក្នុងនាមមន្ត្រីរបស់គណបក្សប្រជាជន ត្រូវខិតខំបន្តបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ដោយត្រូវចិញ្ចឹមចលនាប្រជាពលរដ្ឋ បើពួកគាត់ខ្វះខាតត្រូវជួយឧបត្ថម្ភភ្លាម ដោយក្នុងនោះក៏ត្រូវមើលផងដែរនូវមន្រ្តីរបស់ខ្លួនដែលខ្វះខាតក៏ត្រូវ ជួយឧបត្ថម្ភផងដែរ ដូចសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ធ្លាប់មានប្រសាសន៍ហើយ គឺមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ។

មិនត្រឹមតែមើលប្រជាពលរដ្ឋទេ ប្រជាការពារ មន្ត្រីក្នុងសង្កាត់របស់យើង ពួកគាត់ក៏មិនធូរធារដែរ ដូច្នេះត្រូវគិតគូរឧបត្ថម្ភពួកគាត់ផងដែរ។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានចិត្តទូលាយហើយអាចទទួលយកបានគ្រប់គណបក្សផ្សេងទៀតទាំងអស់មករួមជីវភាពជាមួយដើម្បីធ្វើយ៉ាងណាឱ្យយើងទទួលបានការឯកភាពជាតិ សាមគ្គីភាព។

លោកប្រធានក៏បានណែនាំឱ្យមន្ត្រីនគរបាលប៉ុស្តិ៍ អធិការខណ្ឌ ត្រូវធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អលើការងារអត្តសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាន លិខិតឯកសារផ្សេងៗ ការបម្រើសេវាធារណៈជូនពលរដ្ឋ ជាពិសេសលើការងារបង្រ្កាបបទល្មើស ក្មេងទំនើង គ្រឿងញៀន និងត្រូវធ្វើការផ្សព្វផ្សាយអំពីផែនការភូមិសង្កាត់មានសុវត្ថិភាពនៅក្នុងមូលដ្ឋាន សាលារៀន ជាដើម។

យើងមិនអាចឱ្យពួកប្រឆាំងយកបញ្ហាអត្តសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាននេះ ធ្វើជាអាវុធមកសម្លាប់យើងបានឡើយ ហើយកិច្ចការទាំងអស់នេះយើងត្រូវធ្វើឱ្យបានដិតដល់៕
ដោយ ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


