ព័ត៌មានជាតិ
កម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៤ នៅក្នុងរាជធានី-ខេត្ត៩
គិតត្រឹមខែសីហា ឆ្នាំ២០២៣ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស (ត.ស.ព.) កំពុងដំណើរការចំនួន ២៤ទីតាំង នៃ៩រាជធានី-ខេត្ត ជាមួយនឹងគម្រោង វិនិយោគសរុបប្រមាណ ៦៥៥គម្រោង ដែលបានផ្ដល់ការងារជាង ១៧ម៉ឺនកន្លែង ដល់ប្រជាពលរដ្ឋ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។

តំបន់សេដ្ឋកិច្ចទាំងនោះ រួមមាន រាជធានីភ្នំពេញ មានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន២, ខេត្តកណ្ដាល កំពុងដំណើរការចំនួន២, ខេត្តកំពង់ស្ពឺ កំពុងដំណើរការចំនួន១, ខេត្តព្រះសីហនុ កំពុងដំណើរការចំនួន៤, ខេត្តកំពត កំពុងដំណើរការចំនួន១, ខេត្តកោះកុង កំពុងដំណើរការចំនួន១, ខេត្តក្រចេះ មានតំបន់សេដ្ឋកិច្ចពិសេស កំពុងដំណើរការចំនួន១, ខេត្តស្វាយរៀង កំពុងដំណើរការចំនួន៩ និងខេត្តបន្ទាយមានជ័យ មានតំបន់សេដ្ឋកិច្ចពិសេស កំពុងដំណើរការចំនួន៣។
តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា សំដៅដល់មជ្ឈមណ្ឌលពិសេសសម្រាប់អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ដែលប្រមូលផ្ដុំនូវសកម្មភាពឧស្សាហកម្ម និងសកម្មភាពពាក់ព័ន្ធដទៃទៀត ហើយអាចមានតំបន់ឧស្សាហកម្មទូទៅ និងតំបន់ផលិតកែច្នៃនាំចេញ។
យោងតាមអនុក្រឹត្យលេខ ១៤៨ អនក្រ.បក ចុះក្នុងខែធ្នូ ឆ្នាំ២០០៥ ស្ដីពីការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស, តំបន់សេដ្ឋកិច្ចពិសេសនីមួយៗត្រូវមានមណ្ឌលផលិតកម្ម និងអាចមានមណ្ឌលពាណិជ្ជកម្មសេរី មណ្ឌលសេវាកម្ម មណ្ឌលលំនៅដ្ឋាន និងមណ្ឌលទេសចរណ៍។
វិនិយោគិនត្រូវបានលើកទឹកចិត្តឱ្យជ្រើសរើសការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដោយសារកត្តាងាយស្រួលនៃច្បាប់ទម្លាប់ការងារ ការលើកទឹកចិត្តផ្នែកច្បាប់ពីរាជរដ្ឋាភិបាល និងកត្តាយុទ្ធសាស្ត្រនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាប់ទៅនឹងកំពង់ផែ ផ្លូវជាតិសំខាន់ៗ ផ្លូវល្បឿនលឿន ព្រលានយន្តហោះ និងច្រកទ្វារអន្តរជាតិជាដើម។ ចំណុចល្អនៃរចនាសម្ព័ន្ធ និងសេវាគាំទ្រផលិតកម្មនានារបស់តំបន់សេដ្ឋកិច្ចពិសេសជូនដល់វិនិយោគិនរួមមាន ការគ្រប់គ្រងអគារការិយាល័យ សេវារដ្ឋបាលក្នុងតំបន់ មណ្ឌលលំនៅដ្ឋាន កន្លែងលេងកីឡា កន្លែងព្យាបាល ផ្លូវថ្នូល់ ការផ្គត់ផ្គង់ប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូ ការចោលកាកសំណល់ ការផ្គត់ផ្គង់អគ្គីសនី បណ្តាញអ៊ីនធឺណិត និងទូរគមនាគមន៍ ការការពារអគ្គីភ័យ និងប្រព័ន្ធសន្តិសុខ ជាដើម។

តំបន់សេដ្ឋកិច្ចពិសេសនីមួយៗមានការិយាល័យរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ដែលផ្ដល់សេវានៅនឹងកន្លែងដូចជាសេវារដ្ឋបាល បែបបទនៃការនាំចេញ-ចូល ពន្ធគយ និងសេវារបស់អាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀត ដែលជួយសម្របសម្រួលនីតិវិធីធ្វើពាណិជ្ជកម្មបានឆាប់រហ័ស។ ក្នុងនោះផងដែរគម្រោងវិនិយោគ ដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីការលើកទឹកចិត្តសម្រាប់ការវិនិយោគនៅកម្ពុជា ពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេស។
ថ្មីៗនេះ កម្ពុជា និងថៃ ក៏បានឯកភាពគ្នាបង្កើតក្រុមការងារចម្រុះ ដើម្បីសិក្សា និងផ្តើមអនុវត្តការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែមឱ្យគ្នា ក្នុងគោលបំណងជំរុញសេដ្ឋកិច្ច ដែលផ្សារភ្ជាប់ខ្សែសង្វាក់ផលិតកម្មនៃប្រទេសទាំងពីរ ជាពិសេសនៅលើវិស័យយានយន្ត អគ្គិសនី និងសម្ភារអេឡិចត្រនិកជាដើម។
ទន្ទឹមនឹងនេះ កាលពីថ្ងៃ ១២ កុម្ភៈ កន្លងទៅ មន្រ្តីពាក់ព័ន្ធ បានរៀបចំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីពិនិត្យពិភាក្សាលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុនផងដែរ។ ការរៀបចំកិច្ចប្រជុំ ដើម្បីពិភាក្សាឯកសារទស្សនទានក្នុងការត្រៀមបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ដែលអនុវត្តស្របតាមគំនិតផ្តួចផ្តើមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីជំរុញលើកទឹកចិត្តបណ្តាវិនិយោគិនជប៉ុនឱ្យងាកមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបន្ទុកជាប្រធានក្រុមការងារគោលនយោបាយរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុននេះ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


