ព័ត៌មានជាតិ
រយៈពេល ៦ខែឆ្នាំ ២០២៤ មន្រ្តីដោះស្រាយរឿងក្តីនៅតាមតុលាការជិត៨ម៉ឺនសំណុំរឿង
ក្នុងរយៈពេល ៦ខែឆ្នាំ ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេស បានចាត់ការសំណុំរឿងទាំងរឿងព្រហ្មទណ្ឌ រដ្ឋប្បវេណី និងរឿងក្ដីដទៃទៀត បានចំនួន ៧៨ ៣៦៥ ស្មើនឹង ៦៤% នៃសំណុំរឿងសរុបចំនួន ១២១ ៥៥៣។ ក្នុងនោះ មានទាំងសំណុំរឿងដែលមានមុនពេលប្រកាសបើកយុទ្ធនាការចំនួន ៥៧ ៦៨៩ និងសំណុំរឿងដែលចូលថ្មីរយៈពេល ៦ខែ ក្រោយពេលប្រកាសបើកយុទ្ធនាការចំនួន ៦៣ ៨៦៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងយុត្តិធម៌ ចុះថ្ងៃទី ១១ ខែកក្កដានេះ។

ចំណាត់ការដោះស្រាយនេះ ធ្វើឡើងតាមរយៈយុទ្ធនាការចំនួន ២ គឺយុទ្ធនាការជំរុញនិងពន្លឿនរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលក្រសួងយុត្តិធម៌ បានដាក់ចេញកាលពីថ្ងៃទី៩ ខែមករា រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ដែលមានរយៈពេល ៦ខែគត់។
យុទ្ធនាការនេះ ផ្តោតសំខាន់ចំពោះសំណុំរឿងអាទិភាពចំនួន ៤រួមមាន សំណុំរឿងអត្រានុកូលដ្ឋាន សំណុំរឿងចរាចរណ៍សំណុំរឿងគ្រឿងញៀន និងសំណុំរឿងក្មេងទំនើង ក្នុងក្របខណ្ឌនៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា សំដៅពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌។
ការប្រកាសដាក់ចេញនូវយុទ្ធនាការទាំងនេះ ត្រូវបានសង្គមស៊ីវិល និងសាធារណជន សម្តែងការគាំទ្រ និងជំរុញការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព បន្ទាប់ពីសំណុំរឿងជាច្រើនត្រូវបានកកស្ទះនៅតាមតុលាការទូទាំងប្រទេស។

ជុំវិញលទ្ធផលនេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ ដែលបានដឹកនាំកិច្ចប្រជុំលើរឿងនេះ កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៤បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបាននេះ ដែលបង្ហាញពីការយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេសក្នុងការដោះស្រាយរឿងក្តីបានឆាប់រហ័សជូនប្រជាពលរដ្ឋ។
ផ្អែកតាមលទ្ធផល តុលាការបានចាត់ការលើសំណុំរឿងអត្រានុកូលដ្ឋានចំនួន ៤ ៩៨៣ ដែលនៅសល់មុនពេលប្រកាសបើកយុទ្ធនាការ ត្រូវបានដោះស្រាយចប់សព្វគ្រប់ ១០០% តាំងពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ ចំណែកសំណុំរឿងអត្រានុកូលដ្ឋានដែលចូលថ្មី ចំនួន ២១ ៨៣៥ ត្រូវបានតុលាការដោះស្រាយចប់សព្វគ្រប់ចំនួន ១៩ ៧៩៨ ស្មើនឹង ៩០% នៃសំណុំរឿងសរុប។
សំណុំរឿងចរាចរណ៍ចំនួន ៣៤៦០ ដែលរួមមានទាំងសំណុំរឿងចាស់ និងសំណុំរឿងថ្មី ត្រូវបានតុលាការដោះស្រាយចប់សព្វគ្រប់ចំនួន ២៤៣៨ ស្មើនឹង ៧០% នៃសំណុំរឿងសរុប។ ជាមួយគ្នានេះ គណៈបញ្ជាការដឹកនាំយុទ្ធនាការបានឯកភាពគ្នា ដាក់ចេញនូវទិសដៅក្នុងការខិតខំដោះស្រាយឱ្យបានចប់សព្វគ្រប់នូវសំណុំរឿងចរាចរណ៍ចាស់នៅសល់ ១៤៨ ករណីនេះ នៅត្រឹមដំណាច់ខែកញ្ញាឆ្នាំ២០២៤។ ក្រសួងយុត្តិធម៌ សង្កត់ធ្ងន់ថា៖«អ្នកបើកបរដែលមានកំហុសទៅនឹងច្បាប់ចរាចរណ៍ និងបានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃស្លាប់ គឺត្រូវតែទទួលខុសត្រូវតាមច្បាប់ដោយម៉ឺងម៉ាត់ និងដោយត្រឹមត្រូវតាមច្បាប់ ហើយ ពាក្យថា “បុកគេស្លាប់ បង់លុយ ហើយរួចខ្លួន” គឺលែងមានទៀតហើយនៅក្នុងក្របខណ្ឌនៃការ កែទម្រង់នេះ»។

ពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀនវិញ, តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស បានប្រកាន់ខ្ជាប់នូវគោលការណ៍ “តម្លាភាព” ដោយបានចេញសេចក្តីប្រកាសព័ត៌មានជាប់ជាប្រចាំចំពោះចំណាត់ការសំណុំរឿងគ្រឿងញៀននៅ គ្រប់ដំណាក់កាលនៃនីតិវិធីរបស់អយ្យការ និងតុលាការ។ បន្ថែមពីនេះ, ចំណាត់ការសំណុំរឿងគ្រឿងញៀនត្រូវបានធ្វើឡើងដោយប្រកាន់ខ្ជាប់នូវអភិក្រម “ម៉ឺងម៉ាត់ និងត្រឹមត្រូវតាមច្បាប់” និង “ស្អាតស្អំ” ដោយរហូតមកដល់ពេលនេះ ពុំទាន់រកឃើញថា មានភាពមិនប្រក្រតីណាមួយនៅឡើយពាក់ព័ន្ធនឹងចំណាត់ការលើសំណុំរឿងគ្រឿងញៀន។
បើតាមក្រសួងយុត្តិធម៌ នៅក្នុងសំណុំរឿងក្មេងទំនើងវិញ, គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានពិនិត្យឃើញថា តុលាការបានអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយគិតចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ មកទល់នឹងពេលនេះ,
តុលាការបានទទួលចាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើងសរុបចំនួន ២៩៧ ដែលមានជនសង្ស័យចំនួន ១៦១៦ នាក់ ជាកម្មវត្ថុនៃការអនុវត្តវិធានការតាមផ្លូវច្បាប់៕
អត្ថបទ៖ ឡាយ សាមាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ