ព័ត៌មានជាតិ
កម្មវិធីបណ្តុះបណ្តាលជំនាញ TVET ១,៥លាននាក់របស់រាជរដ្ឋាភិបាលកំពុងដំណើរការដោយរលូន និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ដើមខែតុលា ឆ្នាំ២០២៤នេះ កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួនក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជនយ៉ាងសកម្មនៅទូទាំងប្រទេស ហើយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។

បើតាមលោករដ្ឋលេខាធិការ គិតត្រឹមដើមខែតុលា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានយុវជនចុះឈ្មោះចូលសិក្សាជំនាញសរុបចំនួន ៨០,៥៩៤នាក់ (ស្រីចំនួន៣២,០៥៩នាក់)។ ក្នុងចំណោមសិស្សដែលបានចុះឈ្មោះចូលរៀនជំនាញសរុប ក្នុងនោះចំនួនសិស្សបានបញ្ចប់ការសិក្សាសរុបចំនួនជាង១មុឺននាក់។ យុវជនសិក្សាជំនាញរបស់រាជរដ្ឋាភិបាលទាំងនោះបានទទួលការងារធ្វើសមរម្យ, កំពុងចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជននានាក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោករដ្ឋលេខាធិការបន្ថែមថា ចាប់តាំងពីបានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះ ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ពេលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមយ៉ាងផុសផុល ជាងនេះទៀតក្រុមការងារក៏បានចុះផ្សព្វផ្សាយផ្ទាល់ទៅដល់មូលដ្ឋានប្រជាពលរដ្ឋធ្វើយ៉ាងណាកៀរគរយុវជនគោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះឱ្យបានកាន់តែច្រើន។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ទ្រង់ទ្រាយធំ ក្នុងនោះអគ្គនាយកដ្ឋានជំនាញ មន្ទីរការងារ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គ្រប់រាជធានី-ខេត្តបានចេញយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស មិនត្រឹមតែនៅតាមខ្នងផ្ទះប្រជាពលរដ្ឋតាមគោលដៅនោះទេ ក៏ប៉ុន្តែក្រសួងក៏មានយុទ្ធនាការផ្សព្វផ្សាយនៅតាមទីតាំងសាធារណៈ តាមរយៈការចែកខិតប័ណ្ណ អំពីកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះផងដែរ។

លោករដ្ឋលេខាធិការបន្តថា វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស បាននិងកំពុងចូលរួមយ៉ាងសកម្មលើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និងអនុវត្តតាមអភិក្រមរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺ “រៀនឱ្យចប់ រៀនឱ្យចេះ ឱ្យមានការងារធ្វើ”។

លោកបានអំពាវនាវដល់យុវជនដែលមិនទាន់បានចុះឈ្មោះ ចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមរួសរាន់មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានដែលនៅក្បែរមូលដ្ឋានរបស់ខ្លួន។ យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅតែទទួលការរៀនជំនាញដោយឥតគិតថ្លៃ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភដដែល។
សម្រាប់សាកសួរព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់ប្រព័ន្ធទូរសព្ទ Hotline ឥតគិតថ្លៃ លេខ ១២៨៦ ឬ ១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


