ព័ត៌មានជាតិ
ផ្លូវបេតុង ១ ខ្សែ នៅភូមិត្រពាំងថ្លាន់ រងការទ្រុឌទ្រោមដោយសារឡានដឹកដី ពលរដ្ឋស្នើអាជ្ញាធរមានវិធានការ និងជួសជុលឡើងវិញ
ក្រុមឈ្មួញឡានដឹកដី ដឹកថ្ម ខ្សាច់ លើសទម្ងន់ បាននិងកំពុងបើកកាត់លើផ្លូវបេតុង ១ ខ្សែ នៅភូមិត្រពាំងថ្លាន់ បណ្ដាលឲ្យទ្រុឌទ្រោម រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ស្ទើរក្លាយទៅជាផ្លូវលំបាត់ទៅហើយ ដោយប្រជាពលរដ្ឋស្នើអាជ្ញាធរមានវិធានការ និងជួសជុលឡើងវិញផង។

ជាក់ស្ដែងផ្លូវខូចខាតនេះ ស្ថិតនៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ចាប់ពីកែងផ្លូវ ៤២ រហូតទល់នឹងកែងវត្តឈូកក្រពុំ ស្រុកអង្គស្នួល។

ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវបេតុងខាងលើ បានរអ៊ូរទាំប្រាប់ កម្ពុជាថ្មី ដូចៗ គ្នា ថា ១ ថ្ងៃៗ មានឡានដឹកដីថ្មធំ-តូច ខ្លះ ដឹកតទ្រុងខ្ពស់រាប់រយគ្រឿង បើកលើផ្លូវបេតុង ១ ខ្សែនេះ បង្កឲ្យហុយដីទៀតផង ពិបាកក្នុងការរស់នៅ។ ផ្លូវបេតុងនេះ ស្ទើរក្លាយទៅជាផ្លូវលំដីទៅហើយ ដោយខូចទំហំធំៗ សឹងទាំងអស់ ទោះបីជាដាក់លូអមសងខាងដើម្បីរារាំងឡានធំទាំងនោះ ក៏គ្មានប្រសិទ្ធភាពដែរ។

ដោយឡែកចំពោះស្ថានភាពផ្លូវ និងសកម្មភាពចរាចរណ៍របស់ក្រុមឡានដឹកដី យុវសិស្សឈ្មោះ ផានិត បានប្រាប់ឲ្យ កម្ពុជាថ្មី ដឹងថា រាល់ថ្ងៃពេលគាត់ជិះម៉ូតូទៅមកសាលារៀនគឺពិបាករឿងផ្លូវមួយហើយ ចំណែកអ្វីសំខាន់នោះ ភ័យខ្លាចជួបគ្រោះថ្នាក់ចរាចរណ៍ថែមទៀត ព្រោះថា ១ ថ្ងៃៗ ឡានដឹកដី ថ្ម ខ្សាច់ មានតូច មានធំ កង់ ៦ កង់ ១០ ដឹកធ្ងន់ៗ បើកកៀកៗ នឹងម៉ូតូ រហូតពេលខ្លះសុខចិត្តគេចដល់ចិញ្ចើមផ្លូវទៀតផង។

ជុំវិញការលើកឡើងរបស់ពលរដ្ឋខាងលើ ក្នុងគោលបំណងសំណូមពរដល់អាជ្ញាធរ ជំនាញពាក់ព័ន្ធ ជាពិសេស លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ សូមមេត្តាចុះមកពិនិត្យមើលផ្លូវនេះផង និងមានវិធានការរដ្ឋបាលទៅលើក្រុមឡានដឹកដីទាំងនោះ។ ផ្លូវ ១ ខ្សែនេះ មានប្រវែងប្រហែលជាង ២ គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រមូលដ្ឋានចំនួន ២ គឺ ខណ្ឌព្រែកព្នៅ និងស្រុកអង្គស្នួល។

ទាក់ទិនករណីផ្លូវបេតុង ១ ខ្សែនេះ កម្ពុជាថ្មី បានទាក់ទងសាកសួរព័ត៌មានទៅ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ តាមរយៈតេឡេក្រាម រយៈពេល ២ ថ្ងៃ មកហើយ លោកបានចូលពិនិត្យមើល ប៉ុន្តែមិនឆ្លើយតបអ្វីទាំងអស់៕
អត្ថបទ ៖ សំណាង


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


