ព័ត៌មានជាតិ
ជនជាតិដើមភាគតិច ខេត្តរតនគិរី បន្តរក្សាការធ្វើបុណ្យសែន«ផ្តាច់ខ្មោច» ដើម្បីបញ្ចៀសការឈឺថ្កាត់នៅក្នុងភូមិឋាន
ជាទូទៅ នៅពេលដែលមានសាច់ញាតិទទួលមរណភាព ក្រុមគ្រួសារនីមួយៗតែងតែរៀបចំពិធីបុណ្យសពទៅតាមបែបសាសនាដែលខ្លួនប្រកាន់យក ដោយបញ្ចុះកប់សព ឬក៏បូជាសព។ នៅខេត្តរតនគីរី ជនជាតិដើមភាគតិចរស់នៅទីនោះ ក៏មានទម្លាប់មិនសូវជាខុសគ្នាដែរ ប៉ុន្តែ ពួកគេនៅមានទម្លាប់មួយទៀត ដែលពលរដ្ឋទូទៅមិនសូវជាបានដឹង គឺការរៀបចំបុណ្យសែន«ផ្តាច់ខ្មោច»។

បុណ្យសែន«ផ្តាច់ខ្មោច»នេះ ជាការរៀបចំឡើងដោយគ្រួសារ ឬសាច់ញាតិឱ្យទៅដួងវិញ្ញាណរបស់បុគ្គលបានធ្វើមរណកាល ដោយប្រការផ្សេងៗ។ បំណង គឺដើម្បីឈប់ទៅជូនបាយម្ហូបអាហារ ហើយឆាប់បានទៅចាប់ជាតិ ឬយកគ្នាជាប្តីប្រពន្ធនៅភពថ្មីទៀត។ ជាធម្មតា បន្ទាប់ពីមនុស្សស្លាប់ភ្លាម សាច់ញាតិ បងប្អូន បានធ្វើបុណ្យ និងកប់សពរួចរាល់ គឺប្តី ឬប្រពន្ធ កូនចៅអ្នកដែលធ្លាប់រស់នៅក្នុងបន្ទុកជាមួយ បានព្រៀមព្រៀងគ្នា ដាក់ថ្ងៃទៅជូនបាយម្ហូបអាហារនៅផ្នូរសពជារៀងរាល់ថ្ងៃ។ ការទៅជូនបាយម្ហូបនេះ យោងទៅតាមកម្រិតជីវភាពក្រុមគ្រួសារ។

ចំណែក ការទៅសែនផ្តាច់នេះ មិនបានកំណត់ពេលច្បាស់លាស់នោះទេ គឺអាស្រ័យលើគ្រួសារនៃសព បើចង់យកប្តី ឬប្រពន្ធថ្មីដោយកុំឱ្យជាប់ជាគូស្វាមីភរិយាជាមួយអ្នកដែលស្លាប់ គឺត្រូវសែនផ្តាច់ខ្មោច បើពុំធ្វើដូច្នេះ តាមជំនឿបើយកប្តីឬ ប្រពន្ធ មុនរៀបចំពិធីខ្មោចនេះ នឹងបណ្តាលឱ្យឈឺថ្កាត់ដល់សាម៉ីខ្លួនឬ កូនចៅ និងអ្នកភូមិជាដើម។ ប្រសិនបើប្តីប្រពន្ធស្លាប់ទៅបន្តបន្ទាប់គ្នា កម្មវិធីផ្តាច់ខ្មោចនេះ សម្រេចទៅលើកូនចៅ និងបងប្អូនសាច់ញាតិ ធ្វើបុណ្យផ្តាច់ដោយខានពុំបានឡើយ គ្រាន់តែធ្វើម្តងម្នាក់ មិនបានកំណត់ពេលនោះទេ ។
លោក ឡាន ទិត អតីតភូមិ កាចូនក្រោម បានប្រាប់ថា ពិធីបុណ្យរំលឹកខួបនេះ ធ្វើឡើងដោយសមាជិកគ្រួសារនៃសព មានការប្រជុំសាច់ញាតិជាមុន ដើម្បីឯកភាពគ្នារៀបចំពិធីសែនផ្តាច់ខ្មោច ហើយត្រៀមរៀបចំសម្ភារធ្វើ មានអង្ករ ក្របី គោ ជ្រូក មាន់ ត្រី សាច់ ម្ហូបអាហារ រកគង ហើយក៏មានស្រាពាងផង ត្រៀមទុកនៅមុនថ្ងៃពិធីមកដល់។ ការផ្តាច់ខ្មោចនេះដែរ ត្រូវការពេលវេលាយូរ ដោយសារប្តី ឬប្រពន្ធ សន្សំលុយឱ្យបានច្រើនសិន ដើម្បីបង្កើតកម្មវិធីនេះ ពីព្រោះត្រូវការចំណាយលុយកាក ត្រូវការទិញសម្ភារៈនិងរៀបចំជូនភ្ញៀវដែលមកចូលបុណ្យ និងរាំលេងកម្សាន្ត បង្កបរិយាកាសអធិកអធម។

លុះដល់ថ្ងៃកំណត់ មកដល់ហើយ សមាជិកនៃសព មានកូនចៅសាច់ញាតិជាដើម ជញ្ជូនរបស់របរមកដល់កន្លែងផ្នូរសព ដែលកប់អស់កាលជាច្រើនថ្ងៃខែឆ្នាំ ទើបមានការបោសសម្អាត ផ្នូរខ្មោច កាប់ព្រៃដុះនៅជិតទីតាំងប្រារព្ធកម្មវិធី រៀបចំជួសជុលផ្ទះខ្មោច លាបថ្នាំពណ៌ និងគូសគំនូរជាក្បាច់ ដើម្បីលម្អឱ្យបានស្អាត ស្របតាមការនិយមចូលចិត្តរបស់ម្ចាស់សព។ ការរៀបចំពិធីសែន មានកាប់ក្របី ឬគោ មាន់ រៀបចំសែនពែ។ បន្ទាប់ពីកាប់ក្របី ឬគោ នៅមុខផ្នូរខ្មោច ពេលព្រឹក ចាស់ទុំភូមិ និងបងប្អូនសាច់ញាតិ យកគងវាយរាំ ជាចង្វាក់ភ្លេងបែបបទចម្រៀងប្រពៃណី បានចំនួនច្រើនបទ បាច់អង្ករ និយាយបូបាច់ទៅសព ទើបសាច់ក្របី ឬគោនោះមកសែនម្តងទៀត ទើបនាំគ្នាធ្វើសម្ល នាំគ្នាហូប ផឹកស្រាពាង រហូតអស់សាច់ក្របី១ ហើយទើបកាប់ក្របី១ទៀត បន្តបន្តាប់គ្នា រហូតដល់យប់រាំងលេងកម្សាន្ត មិនបានកំណត់ប៉ុណ្ណេះយប់ ឬប៉ុណ្ណោះយប់ឡើយ។

តាមជំនឿរបស់ជនជាតិដើមភាគតិច ខេត្តរតនគិរី ពិធីបុណ្យសែនផ្តាច់ខ្មោចបានបញ្ចប់រួចហើយ សមាជិកគ្រួសារមិនបានទៅជូនបាយ ឬម្ហូបអាហារដូចមុនទៀតឡើយ។ កាលណាទៅប៉ះពាល់ផ្នូរខ្មោច ឬព្រៃខ្មោចនោះ ត្រូវបានចាស់ទុំ ម្ចាស់គ្រួសារ និងអ្នកភូមិ ចាត់ទុកថា ខុសតំណម ដូចទៅដាស់ខ្មោចឱ្យដឹងខ្លួនឡើងវិញ បណ្តាលឱ្យអ្នកភូមិមានជំងឺឈឺថ្កាត់ផ្សេងៗ ដូច្នេះ ត្រូវសែនសុំទោសវិញ ត្រូវឱ្យអ្នកប្រព្រឹត្តខុសនោះ ចេញជាក្របី ឬគោ សែនលៀងគ្រោះថ្នាក់នេះ៕


ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


