Connect with us

ព័ត៌មានជាតិ

ជាទស្សនវិស័យបន្ត ផ្លូវថ្មើរជើង(Walk Street) រដ្ឋបាលរាជធានី នឹងរិះរកកម្មវិធីកម្សាន្តថ្មីៗ និងរៀបចំស្តង់លក់ផលិតផលឱ្យកាន់តែស្អាត

បានផុស

នៅ

សម្រាប់​ផ្លូវ​ថ្មើរជើង (Walk Street) ជា​ទស្សនវិស័យ​បន្ត រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ខិតខំ​ព្យាយាម​រិះរក​នូវ​កម្មវិធី​កម្សាន្ត​ថ្មីៗ និង​ការ​រៀបចំ​ស្តង់​លក់​ផលិតផល​ឱ្យ​បាន​កាន់តែ​ស្អាត មាន​របៀប​រៀបរយ​ល្អ​ជាង​សព្វថ្ងៃ​នេះ​ថែមទៀត។

លោកស្រី ដោ សម្ផស្ស នាយិកា​រង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ១១ មីនា នេះ​ថា ក្នុង​រយៈពេល​ជាង ១ ខែ​នេះ ផ្លូវ​ថ្មើរ​ជើង ទទួល​បាន​ការ​សាទរ​ពី​គ្រប់​មជ្ឈដ្ឋាន ទាំង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចំនួន​ភ្ញៀវ​បាន​ចូល​មក​លេង​កើន​ឡើង​ពី ១ សប្តាហ៍ ទៅ ១ សប្ដាហ៍។ ពួកគាត់​បាន​មក​លេង​ប្រកប​ដោយ​ទឹកមុខ​ញញឹម រីករាយ ព្រមទាំង​បាន​ចូលរួម​លេង​កម្សាន្ត​ថែម​ទៀត​ផង។ ជា​មធ្យម​ក្នុង​មួយថ្ងៃ មាន​ភ្ញៀវ​មក​លេង​ចន្លោះ ៣-៤ ម៉ឺន​នាក់ ហើយ​ថ្ងៃ​ខ្លះ អាច​ច្រើន​ជាង​នេះ​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ដោ សម្ផស្ស បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​ទាន់​មាន​គម្រោង​ជាក់លាក់​ណាមួយ​នៅឡើយ​ទេ ក្នុង​ការ​កំណត់​បើក​ជា​ផ្លូវការ ប៉ុន្តែ​គ្រាន់តែ​បាន​ដឹង​ថា​គម្រោង​នេះ​ត្រូវ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​កុះករ​ពី​មហាជន។ នេះ​គឺជា​គោលដៅ​ទេសចរណ៍​ក្នុងស្រុក​ថ្មី​មួយទៀត​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ខិតខំ​រៀបចំ​ឡើង។ កម្មវិធី​កម្សាន្ត​ចម្រុះ​ត្រូវ​បាន​រៀបចំ​ជូន​ជា​រៀងរាល់​សប្ដាហ៍ ជាពិសេស​ការ​ដាក់​ជូន​នូវ​ផ្ទាំង​ទស្សនីយភាព​បុរាណ ដូចជា ៖ ឈុត​ឆាក​សម្តែង​ល្ខោនបាសាក់ ចាប៉ី​ដង​វែង តន្ត្រីបុរាណ ការ​សម្តែង​សៀក ការ​ដាក់​តាំង​លក់​ផលិតផល កសិផល​ក្នុងស្រុក ក្នុង​ន័យ​លើក​កម្ពស់​ផលិតផល​ជាតិ​។​ល។

លោកស្រី បន្ថែម​ទៀត​ថា ជា​ទស្សនវិស័យ​បន្ត រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ខិតខំ​ព្យាយាម​រិះរក​នូវ​កម្មវិធី​កម្សាន្ត​ថ្មីៗ និង​ការ​រៀបចំ​ស្តង់​លក់​ផលិតផល​ឱ្យ​បាន​កាន់តែ​ស្អាត មាន​របៀប​រៀបរយ​ល្អ​ជាង​សព្វថ្ងៃ។ ជាមួយ​គ្នា​នេះ នា​ពេល​ថ្មីៗ នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​កែសម្រួល​ផ្លូវ​រត់ និង​ពេលវេលា​របស់​រថយន្តក្រុង​សាធារណៈ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​ប្រជាពលរដ្ឋ​អាច​មក​លេង​កម្សាន្ត​នៅ​តំបន់​ផ្លូវ​ថ្មើរ​ជើង​កាន់តែ​ច្រើន​ថែមទៀត៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម