ព័ត៌មានជាតិ
មុនមកដល់កម្ពុជា លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ
មុនមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ផ្ញើសារថា កម្ពុជា-ចិន ត្រូវតែចាប់ដៃគ្នាពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បង្ក្រាបបដិវត្តន៍ពណ៌ ធ្វើសមយុទ្ធ និងបង្រ្កាបការឆបោកតាមអនឡាញ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការអភិវឌ្ឍប្រទេសទាំងពីរ។ សារបស់ប្រធានាធិបតី ស៊ី ជីនពីង ត្រូវបានស្ថានទូតចិនប្រចាំកម្ពុជាផ្ដល់ឱ្យ និងចេញផ្សាយដោយបណ្ដាញព័ត៌មាន Fresh News។

ក្នុងសារលិខិត លោក ស៊ី ជីន ពីង អំពាវនាវបែបនេះ៖ «យើងត្រូវតែរួមគ្នាពង្រឹងការពារសន្តិសុខក្នុងលំដាប់ថ្នាក់កាន់តែខ្ពស់។ យើងត្រូវតែពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ក្នុងការប្រឆាំងការជ្រៀតជ្រែក ការប្រឆាំងការបំបែកខ្លួន និងការទប់ស្កាត់និងប្រឆាំងបដិវត្តន៍ពណ៌ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការសមយុទ្ធរួមគ្នា ការធានាសន្តិសុខនៃគម្រោងខ្សែក្រវាត់និងផ្លូវ និងការឆ្លើយតបក្នុងគ្រាអាសន្នជាដើម ព្រមទាំងបង្ក្រាបសកម្មភាពឧក្រិដ្ឋកម្មដូចជាបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍និងអ៊ីនធឺណិត ដើម្បីបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាពសម្រាប់ការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ។ យើងត្រូវតែប្រកាន់ខ្ជាប់នូវចក្ខុវិស័យសន្តិសុខដែលផ្តោលសំខាន់ទៅលើរួមគ្នា គ្រប់ជ្រុងជ្រោយ សហការគ្នា និងនិរន្តរភាព ជំរុញយ៉ាងសកម្មនូវការតភ្ជាប់គោលគំនិតសន្តិសុខ និងរួមគ្នាលើកកម្ពស់សុខសន្តិភាពក្នុងតំបន់និងពិភពលោក។»។
លោក ស៊ី ជីនពីង ក៏បានអះះអាងថា ចិននឹងបន្តប្រកាន់ខ្ជាប់នូវ គោលគំនិតការទូតជាមួយប្រទេសជិតខាង ដែលប្រកបដោយភាពជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ដល់គ្នា និងបរិយាបន្ន និងគោលនយោបាយមេត្រីភាពនិងសុខដុមរមនីយកម្មជាមួយប្រទេសជិតខាង ពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយប្រទេសជិតខាង ជំរុញឱ្យសមិទ្ធផលនៃទំនើបកម្មបែបចិន ផ្ដល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រទេសជិតខាង រួមគ្នាថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ និងជំរុញដំណើរការទំនើបកម្មរបស់អាស៊ីទៅមុខទៀតដោយឥតឈប់ឈរ។
ក្នុងនាមជាសមាជិកដ៏សំខាន់នៃគ្រួសារអាស៊ី ប្រធានាធិបតីចិនថា កម្ពុជា-ចិនគួរតែដើរស្របតាមនិន្នាការប្រវត្តិសាស្ត្រ ឆ្លើយតបទៅនឹងការរំពឹងទុករបស់ប្រជាជន ខិតខំប្រឹងប្រែងគ្នានិងសម្រេចបានជោគជ័យគ្នា ហើយ កម្ពុជា និងចិន គួរតែធ្វើជាអ្នកត្រួសត្រាយនិងជាអ្នកគំរូ ក្នុងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី ប្រកបដោយស្ថិរភាពនិងចីរភាព។

ប្រធានាធិបតីចិន ថា កម្ពុជា -ចិនត្រូវតែជំរុញជំនឿទុកចិត្តខាងនយោបាយគ្នាទៅវិញទៅមក ឲ្យបានស៊ីជម្រៅនិងឈានដល់កម្រិតកាន់តែខ្ពស់។ យើងត្រូវតែរក្សាការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំជាន់ខ្ពស់ជាញឹកញាប់ និងរៀបចំផែនការស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មីដោយគិតគូរពីកម្រិតយុទ្ធសាស្ត្រ។
លោក ស៊ី ជីនពីង ក៏ប្រកាសថា ប្រទេសទាំងពីរ ត្រូវរួមគ្នាប្រឆាំងនឹងអនុត្តរភាព នយោបាយអំណាច និងការប្រឈមមុខដាក់គ្នា ដើម្បីការពារផលប្រយោជន៍រួមនៃប្រទេសទាំងពីរ និងប្រទេសកំពុងអភិវឌ្ឍន៍ និងត្រូវអំពាវនាវ ពហុប៉ូលភាវូបនីយកម្មពិភពលោកដោយស្មើភាពនិងមានសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននិងផ្តល់ផលប្រយោជន៍ជាទូទៅ ប្តេជ្ញាចិត្តរក្សាសន្តិភាព ស្ថិរភាពពិភពលោក និងសមធម៌ យុត្តិធម៌អន្តរជាតិ រួមគ្នាប្រឆាំងនឹងលទ្ធិគាំពារនិយម ដើម្បីរក្សាភាពបើកចំហ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
លោក ស៊ី ជីន ពីងប្រធានាធិបតីចិន បង្ហាញការជឿជាក់ យ៉ាងមុតមាំថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ចំណងមិត្តភាពដែកថែបរវាងចិន និងកម្ពុជា ដែលបានឆ្លងកាត់ការសាកល្បងនៃពេលវេលា និងក្តីលំបាក នឹងកាន់តែរឹងមាំ និងសម្រេចបានសមិទ្ធផលជាផ្លែផ្កា។
ប្រធានាធិបតីចិន ក៏បន្ថែមការអះអាងថា ភាគីចិនត្រៀមខ្លួនរួចជាស្រេចដើម្បីរួមជាមួយភាគីកម្ពុជា ការពារសន្តិភាព ស្វែងរកការអភិវឌ្ឍន៍ និងបង្កើតភាពរុងរឿងគ្នា ជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មីឱ្យទទួលបានសមិទ្ធផលជាក់ស្តែង ហើយចាក់បញ្ចូលស្ថិរភាព និងភាពប្រាកដបន្ថែមទៀតទៅក្នុងពិភពលោក ដែលកំពុងប្រឈមមុខនឹងការប្រែប្រួល និងភាពចលាចល ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម