ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា៖ ក្រោមដំបូលសន្តិភាព សាសនាទាំងអស់នៅកម្ពុជា រស់នៅជាមួយគ្នាដោយសុខដុមនីយកម្ម
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ បានលើកឡើងថា ស្ថិតនៅក្រោមដំបូលសន្តិភាព ស្ថិរភាពនយោបាយពេញលេញ បន្ទាប់ពីថ្ងៃរំដោះ ៧មករា ១៩៧៩ មក បានធ្វើឱ្យសាសនាទាំងអស់បានរស់រានមានជីវិតឡើងវិញ ខណៈសាសនាទាំងអស់នៅកម្ពុជា គឺរស់នៅជាមួយគ្នាដោយសុខដុមនីយកម្ម ហើយនៅកម្ពុជា គឺគ្មានជម្លោះសាសនានោះទេ។

ការលើកឡើងរបស់លោក នេត្រ ភក្ត្រា បែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលលោកបានអញ្ជើញអធិបតីភាពក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា នៅក្នុងវត្តវេឡុវ័ន (ហៅវត្តព្រែកសាម៉ាន់) ស្ថិតនៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ ពិធីនេះមានការនិមន្តចូលរួមពីសំណាក់សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះមេគណរាជធានីភ្នំពេញ, សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ សម្តេចព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃ នាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, ព្រះវិមលរតនៈបណ្ឌិត ទេព ហត្ថា ព្រះរាជាគណៈកិត្តិយស និងជាព្រះសុគន្ធសីលសារ ព្រះមេគណខេត្តក្រចេះ, លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ, លោក វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុកទាំង៧ និងប្រជាពុទ្ធបរិស័ទជាច្រើនរយនាក់។

លោក នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា «ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា របស់យើងសាសនាទាំងអស់ ដែលនៅក្នុងប្រទេសកម្ពុជា គឺមានសុខដុមនីយកម្ម សាសនានៅកម្ពុជា បានកើតឡើងដំណាលគ្នា គឺថ្ងៃរំដោះ ៧មករា ១៩៧៩ ហើយសាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជា គឺរស់នៅក្នុងភាពសុខដុមនីយកម្មជាមួយគ្នា អត់មានឈ្លោះទាស់ទែងគ្នាទេ»។

ត្រង់ចំណុចនេះ ត្រូវបានលោក នេត្រ ភក្ត្រា បានថ្លែងថា ប្រសិនបើយើងមើលទៅបណ្តាប្រទេសដទៃទៀត បញ្ហាសាសនា គឺមានការឈ្លោះទាស់ទែងគ្នា ដែលសង្គ្រាមសាសនានេះ មានភាពជ្រៅជ្រះយ៉ាងខ្លាំង ហើយបង្កើតឱ្យមានបញ្ហានៅក្នុងសង្គម ក៏ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា ក្រោមការដឹកនាំ និងសម្របសម្រួលរបស់រាជរដ្ឋាភិបាលកម្ពុជា គឺសាសនាទាំងអស់ បានរស់នៅក្នុងសង្គមជាមួយគ្នា ប្រកបដោយភាពសុខដុមនីយកម្ម ក្រោមបូលសន្តិភាព ស្ថិរភាពពេញ។

ជាមួយគ្នានឹងការដឹកនាំដ៏ល្អ ធ្វើឱ្យមានសុខដុមនីយកម្មសាសនានៅកម្ពុជា, ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា កម្ពុជា ត្រូវបានបណ្តាប្រទេសនានានៅលើពិភពលោកបានតាមដាន និងវាយតម្លៃខ្ពស់ចំពោះការធ្វើឱ្យមានសុខដុមនីយកម្មសាសនា ខណៈបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងពិភពលោក បានមកយកគំរូល្អពីកម្ពុជា។ ដោយចោទសួរថាតើកម្ពុជា ជាប្រទេសដែលមានសាសនាច្រើន តើហេតុអ្វីបានជាសាសនាទាំងអស់នេះអាចរស់នៅជាមួយគ្នាដោយភាពសុខសាន្តបាន ខណៈកម្ពុជា បានយកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។

លោក នេត្រ ភក្ត្រា បានបន្ថែមថា ចំណុចដែលធ្វើឱ្យសាសនាផ្សេងៗទៀត អាចរស់នៅជាមួយគ្នាដោយសុសសាន្ត ពីព្រោះរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា បានប្រកាន់យកគោលការណ៍ ការគោរពគ្នាទៅវិញទៅមក។ រាជរដ្ឋាភិបាលបានធានានូវការ អភិរក្សប្រពៃណី វប្បធម៌ខ្មែរ ដែលបុព្វបុរសបានបន្សស់ទុកឱ្យដែលមានបង្កប់នូវមេត្តាដែលបានធ្វើឱ្យកម្ពុជា មានវប្បធម៌រុងរឿងរហូតមក លើកលែងដែរសម័យ ប៉ុល ពត ដែលមានតែការកាប់សម្លាប់យ៉ាងរង្គាលទៅវិញ។

លោក នេត្រ ភក្ត្រា បានបន្ថែមថា ប្រទេសកម្ពុជា គ្មានជម្លោះសាសនានោះទេ ហើយសាសនាខុសគ្នា និងជាតិសាសន៍ខុសគ្នា ក៏មិនមែនជាឧបសគ្គរារាំងដល់ការកសាងប្រទេសនោះឡើយ។ ពិតមែនតែនៅក្នុងប្រទេសកម្ពុជា មានព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្តែ យើងមិនបានមើលរំលងចំពោះសាសនាដទៃទៀតឡើយ។ សុខដុមនីយកម្មជាតិសាសន៍ និងសាសនា គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការទទួលបាននូវសុខសន្តិភាពពេញលេញ ទាំងសន្តិភាពផ្លូវកាយ និងសន្តិភាពផ្លូវចិត្ត។ ពិតណាស់ សុខដុមនីយកម្មសាសនា គឺជាមូលដ្ឋាននៃសុខដុមនីយកម្មរបស់កម្ពុជា។

នាឱកាសនោះដែរ លោក នេត្រ ភក្ត្រា បានរម្លឹកថា នៅកម្ពុជាគ្រប់សាសនាទាំងអស់ បានឆ្លងកាត់នូវស្ថានភាពដូចគ្នា នៅក្នុងរបបប្រល័យពូជសាសនា ប៉ុល ពត សមិទ្ធផលគ្រប់សាសនាមិនថាព្រះសាសនា គ្រឹស្តសាសនា សាសនាឥស្លាម ត្រូវបានបំផ្លាញគ្មានសល់ ទើបក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ សាសនាទាំងអស់ បានរស់ឡើងវិញ ទទួលនូវឱកាសដូចគ្នា សិទ្ធិដូចគ្នា៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


